អានតួអត្ថបទ
ជប៉ុន

ចំណាប់ខ្មាំង​ជប៉ុន​ម្នាក់​ទំនង​ជា​ត្រូវ​​បាន​អង្គការ​រដ្ឋ​អ៊ីស្លាម​ប្រហារ​ជីវិត

ខ្សែ​វីដេអូ​ខ្លី​មួយ​ទើប​ត្រូវ​បាន​បង្ហោះ​តាម​អ៊ីនធ័រនែត បង្ហាញ​ពី​ការ​ប្រហារ​ជីវិត​​ចំណាប់​ខ្មាំង​ជប៉ុន​ម្នាក់​ក្នុង​ចំណោម​​ចំណាប់​ខ្មាំង​ទាំងពីរ។ រដ្ឋាភិបាល​ជប៉ុន​ ដែល​បាន​ខិត​ខំ​បញ្ចេញ​សកម្មភាព​ បើក​គ្រប់​លទ្ធភាព​ គ្រប់​ច្រក ដើម្បី​សាក​ល្បង​ជួយ​សង្គ្រោះជីវិត​ចំណាប់​ខ្មាំង​ជប៉ុន​ទាំងពីរ​រូប​ពី​កណ្តាប់​ដៃ​ពួក​អង្គការរដ្ឋ​អ៊ីស្លាម បាន​អះអាង​កំពុង​សិក្សា​​ពិនិត្យ​​មើល​ភាព​ពិត​នៃ​ខ្សែ​វីដេអូ​នោះ។

ទូរទស្សន៍​ជប៉ុន​ចាក់​ផ្សាយ​វិល​ទៅ​វិល​មក​ឥត​ឈប់​រូប​ចំណាប់​ខ្មាំង​​ក្នុង​កណ្តាប់​ដៃពួក​ជីហាត​រដ្ឋ​អ៊ីស្លាម
ទូរទស្សន៍​ជប៉ុន​ចាក់​ផ្សាយ​វិល​ទៅ​វិល​មក​ឥត​ឈប់​រូប​ចំណាប់​ខ្មាំង​​ក្នុង​កណ្តាប់​ដៃពួក​ជីហាត​រដ្ឋ​អ៊ីស្លាម REUTERS/Toru Hanai
ផ្សាយពាណិជ្ជកម្ម

 

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​បើក​សន្និសីទ​កាសែត ទាំងរំលង​​​អាធ្រាត្រទៅ​ហើយ​ (ម៉ោង​នៅ​ជប៉ុន) ជូន​ដំណឹង​ថា មាន​វីដេអូ​ថ្មី​មួយ​បង្ហាញ​ពីការ​ប្រហារ​ជីវិត​ចំណាប់​ខ្មាំង​ម្នាក់ និង​​រូប​ Kenji Gotoត្រូវ​បាន​គេ​បង្ហោះ​តាម​អ៊ីនធ័រនែត។ ប៉ុន្តែ​ក្រុម​អ្នក​ឯកទេស​ កំពុង​តែ​ប្រមូល​ព័ត៌មាន និង​សិក្សា​លម្អិត ដើម្បី​បញ្ជាក់​ថា​វីដេអូ​នោះ​​ជា​ព័ត៌មាន​ពិត​ឬ​យ៉ាង​ណា។

ហារូណា យូកាវ៉ា ទំនង​ជា​ត្រូវ​បាន​ជន​ដៃដល់​ជីហាត​ប្រហារ​ជីវិត​បាត់​ទៅ​ហើយ។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​របស់​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​​ជប៉ុន​ លោក យោស្ហ៊ីហ៊ីដេ ស៊ូហ្កា ដែល​បន្ថែម​ដោយ​ការ​ថ្កោល​ទោស និង​ទាមទារ​ជា​ថ្មី​ឱ្យ​ដោះលែង​ជាបន្ទាន់​អ្នក​កាសែត​ជប៉ុន ​ Kenji Goto ដែល​នៅ​ក្នុង​វីដេអូ​ គេ​បាន​ឮ​សម្រែក​​សុំ​ជំនួយ​ពី​នាយក​រដ្ឋមន្ត្រី!

សូម​បញ្ជាក់​ថា​ ការ​ផ្ទៀងផ្ទាត់​វីដេអូ​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​នៅ​ឡើយ​ទេ ប៉ុន្តែ​បើ​តាម​អ្នក​ឯកទេស​ម្នាក់​ នៃ​ទូរទស្សន៍​ជាតិ​​ជប៉ុន NHK និង​អ្នក​ឯកទេស​ផ្សេង​​ទៀត​​ វីដេអូ​លើក​នេះ​មាន​លក្ខណៈ​គួរ​ឱ្យ​សង្ស័យ​ច្រើន និង​ចម្លែក​​គួរ​ឱ្យ​កត់​សម្គាល់​ ដូច​ជា​គ្មាន​​ស្លាក​សញ្ញា​អង្គការ​ជីហាត​រដ្ឋ​អ៊ីស្លាម ឆាក​ឈុត​វីដេអូ​ប្លែកខុស​ទម្លាប់ និង​គ្មាន​ដាន​ឬ​សញ្ញា​សាសនា។

កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​បន្ទាន់​មួយ​បាន​រៀប​ចំ​ភ្លាម​ ទាំង​យប់ ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ស្ហ៊ីនហ្សូ អាបេ។ ព្រោះ​វីដេអូ​នេះ​បាន​ធ្លាក់​មក បន្ទាប់​ពី​​ឱសានវាទ​​កំណត់​​ដោយ​អង្គការ​រដ្ឋ​អ៊ីស្លាម​ បាន​រំលង​អស់​រយៈ​ពេល​ជិត​៣៦​ម៉ោង។ កាលពី​ថ្ងៃ​អង្គារ​មុន​ អង្គការ​រដ្ឋ​អ៊ីស្លាម​បាន​ទាមទារ​ ​ទឹក​ប្រាក់ ២០០​លាន​ដុល្លារ ជា​ថ្នូរ​នឹង​សេរីភាព​ចំណាប់​ខ្មាំង​ជប៉ុន​ទាំង​ពីរ និងទុក​ពេល​៧២​ម៉ោង​ឱ្យ​រដ្ឋាភិបាល​ជប៉ុន​សម្រេច​ចិត្ត​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ