អានតួអត្ថបទ

នុយក្លេអ៊ែរ​កូរ៉េខាង​ជើង ៖ ចិន​​​ព្រួយ​បារម្ភជា​ថ្មី​ តែទំនង​​មិនរវល់​ទៅដាក់​ទោស​ព្យុងយ៉ាង

បន្ទាប់​ពី​អាមេរិក ជប៉ុន និង​កូរ៉េ​ខាង​ត្បូង នៅ​ថ្ងៃពុធ​នេះ ចិន​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​​ យ៉ាង​ខ្លាំង ចំពោះ​សេចក្តី​ប្រកាស​របស់​កូរ៉េ​ខាង​ជើង អំពី​ចេតនា​ចង់​បាញ់​សាក​ល្បង​មីស៊ីល​ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។ ប៉ុន្តែ​ក្នុង​ពេល​ដែល​សេអ៊ូល តូក្យូ​​ ពួត​គ្នា​ជា​មួយ​អាមេរិក​គំរាម​បំផ្លាញ​មីស៊ីល​កូរ៉េខាង​ជើង ប៉េកាំងវិញ​​បានត្រឹម​​​អំពាវនាវ​​ព្យុងយ៉ាង​ចេះ​អត់​ធ្មត់។

រូបភាព​ផ្កាយ​រណប មជ្ឈមណ្ឌល​Sohae កូរ៉េខាង​ជើង​ដែល​ត្រៀម​បាញ់​បង្ហោះ​មីស៊ីល។ ថត​ថ្ងៃទី ២៨​មករា ២០១៦
រូបភាព​ផ្កាយ​រណប មជ្ឈមណ្ឌល​Sohae កូរ៉េខាង​ជើង​ដែល​ត្រៀម​បាញ់​បង្ហោះ​មីស៊ីល។ ថត​ថ្ងៃទី ២៨​មករា ២០១៦ REUTERS/Airbus Defense & Space and 38 North/Handout via Reuters
ផ្សាយពាណិជ្ជកម្ម

កូរ៉េខាង​ជើង​បាន​​បិទ​បញ្ចប់​​​ពាក្យ​ចចាមអារាម ដោយ​បាន​​​ជូន​ព័ត៌មាន​ទៅ​កាន់​ភ្នាក់ងារ​បី​របស់​អង្គការ​សហប្រជាជាតិ (អង្គការ​ដឹកជញ្ជូន​ជើង​ទឹក​អន្តរជាតិ Organisation maritime internationale -OMI) នៅ​ថ្ងៃអង្គារ​ម្សិលមិញ អំពី​ចេតនា​ចង់​បាញ់​បង្ហោះ​មីស៊ីល​ពាំ​ផ្កាយ​រណប នៅ​រវាង​ពី​ថ្ងៃ​ទី​៨ ទៅ​២៥​កុម្ភៈ ចន្លោះ​ពី​​ម៉ោង ៧ព្រឹក​ទៅ​ម៉ោង​១២​ថ្ងៃ​ត្រង់។ ជម្រើស​ពេលវេលា​ដែល​​នាំ​គេ​នឹកឃើញ​ដល់​​ថ្ងៃ១៦​កុម្ភៈ​​ ថ្ងៃ​ខួប​សព​អគ្គមគ្គុទេសក៍​ គីម ជុងអ៊ីល ជា​ឪពុក​របស់​លោក គីម ជុងអ៊ុន។

តាំង​ពី​ល្ងាច​មិញ​មក ប្រតិកម្ម​បាន​ធ្លាក់​មក​ឥត​ដាច់ ចំពោះ​ទង្វើ​​បង្ក​ហេតុ បង្ក​អស្ថិរភាព​ និង​រំលោភ​ច្បាប់​អន្តរជាតិរបស់​ព្យុងយ៉ាង។ សម្រាប់​កូរ៉េខាង​ត្បូង រាល់​ការ​បាញ់​បង្ហោះ​​ដែល​ប្រើ​បច្ចេកវិទ្យា​ប៉ាលីស្ទីក ​សុទ្ធ​តែ​ជា​ការ​រំលោភ​​សេចក្តី​សម្រេច​ចិត្ត​​​របស់​អង្គការ​សហប្រជាជាតិ ដូច្នេះ​បើ​កូរ៉េខាង​ជើង​ហ៊ាន​បន្ត​ធ្វើ នឹង​ត្រូវ​ទទួល​ផល​យ៉ាង​ចាស់​ដៃវិញ។

នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីនហ្សូ អាបេ បាន​ព្រមាន​ជា​ស្រេច​ថា​នឹង​បាញ់​កម្ទេច​មីស៊ីល​នោះ ប្រសិន​បើ​ធ្លាក់​លើ​ទឹក​ដី​ជប៉ុន។ ​តាំង​ពី​ល្ងាច​មិញ សហរដ្ឋ​អាមេរិក​​ បាន​ស្រែក​បរិហារ​ថា នេះ​ជា​ភស្តុតាងកាន់​តែ​​ជាក់ស្តែង ដែល​ជំរុញ​ក្រុមប្រឹក្សា​សន្តិសុខ​​ឱ្យ​ត្រូវ​តែ​​​សម្រេច​ដាក់​ទណ្ឌកម្មបន្ថែម​​ឱ្យ​សក្តិសម ...

ការ​បាញ់​សាកល្បង​មីស៊ីល​ថ្មី​នេះ ជា​សម្ពាធ​​ថ្មី​មួយ​ទៀត​​លើ​ក្រុង​ប៉េកាំង​ ដែលជា​​សម្ព័ន្ធមិត្ត​តែ​មួយ​គត់​​របស់​​ព្យុងយ៉ាង។ ប៉ុន្តែ​ថ្វីបើ​នៅ​ថ្ងៃនេះ ចិន​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ខ្លាំង និង​បាន​បង្ខំ​ឱ្យ​កូរ៉េ​ខាង​ជើងឈប់​បង្ក​សកម្មភាព​ញុះញង់​ បង្ក​ហេតុ​បង្ក​ភាព​តាន​តឹង​ក្នុង​តំបន់​​ក្តី ក៏​អ្នក​វិភាគ​មួយ​ចំនួនធំ​យល់​ថា ចិន​ទំនង​ជាមិន​បញ្ចេញ​សកម្មភាព​អ្វី​ទេ។

ក្នុង​ក្រសែ​ភ្នែក​ចិន ការ​បាញ់​សាក​ល្ប​ង​មីស៊ីល​បង្ហោះ​ផ្កាយ​រណប​ ជា​កិច្ចការ​តូច​តាច​ណាស់​បើប្រៀប​ទៅនឹង​ការ​សាកល្បង​នុយក្លេអ៊ែរ​។ ភាព​រឹង​រូស​របស់​ព្យុងយ៉ាង​​ក្នុង​សំណុំ​រឿង​នុយក្លេអ៊ែរ​ងាយ​ទទួល​យក​ជាង​ការ​ផ្តួល​​គីមជុងអ៊ុន និង​បង្រួបបង្រួម​កូរ៉េទាំងពីរ ដោយ​មាន​អាមេរិក​នៅពីក្រោយ។ នា​ឱកាស​ទស្សនកិច្ច​របស់​លោក​ចន​ឃែរី នៅ​ក្រុង​ប៉េកាំង​​កាលពី​សប្តាហ៍​មុន ចិន​បាន​ព្រមព្រៀង​យ៉ាង​តិច​តួច​បំផុត​ជាមួយ​អាមេរិក​ ក្នុង​​ការ​ស្វែងរក​សេចក្តី​សម្រេច​ចិត្ត​ថ្មី ដាក់​ប្រឆាំង​នឹង​កូរ៉េខាង​ជើង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ