អានតួអត្ថបទ

ប្រធានាធិបតីភូមា​​ថ្មី​យក​ចិត្ត​ទុក​ដាក់​រឿង​​​ជម្លោះ​ជាតិ​ពិន្ធុ​ តែ​មិន​ខ្វល់​ពី​រ៉ូហ៊ីងយ៉ា

ប្រធានាធិបតី​ស៊ីវិល​ថ្មីភូមា លោក ទីន ចវ ដែល​ជា​មនុស្ស​ជំនិត​របស់​លោកស្រី អ៊ុង សានស៊ូជី បាន​គូសបញ្ជាក់​ជា​ថ្មី នៅ​ថ្ងៃចន្ទ​ទី ២១ មីនា ២០១៦ នេះ​អំពីភាព​សំខាន់ ដ៏​ចាំបាច់​បំផុត ​ក្នុង​ការ​ដោះស្រាយ​​ជម្លោះជាមួយ​ជនជាតិ​ភាគ​តិច​នៅ​ភូមា។ ជម្លោះ​ជាតិ​ពិន្ធុ ជា​វិបត្តិ​ដ៏​រ៉ាំរ៉ៃ​មួយ​របស់​ភូមា។ នារ​យៈ​ពេល​ប៉ុន្មាន​ឆ្នាំ ចុង​ក្រោយ​នេះ រដ្ឋាភិបាល​ភូមា​បាន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ក្រុមជនជាតិ​ភាគ​តិច​ប្រដាប់​អាវុធ​មួយ​ចំនួន តែ​ការ​ប្រយុទ្ធ​គ្នា​នៅ​តែ​ក្នុង​​តំបន់​ខ្លះ ​រវាង​កង​កម្លាំង​ឧទ្ទាម​និង​រដ្ឋាភិបាល។

លោក​ប្រធានាធិបតី​ភូមា​ទើ់ប​ជាប់​ឆ្នោត​ថ្មី  Htin Kyaw (ឆ្វេង) និង​លោក Win Myint ​នៅ​ក្នុង​សភា​ក្រុង​ណៃពិដោ ថ្ងៃទី ២១​មីនា ២០១៦
លោក​ប្រធានាធិបតី​ភូមា​ទើ់ប​ជាប់​ឆ្នោត​ថ្មី Htin Kyaw (ឆ្វេង) និង​លោក Win Myint ​នៅ​ក្នុង​សភា​ក្រុង​ណៃពិដោ ថ្ងៃទី ២១​មីនា ២០១៦ ©Reuters
ផ្សាយពាណិជ្ជកម្ម

ថ្វី​ដែល​ថ្មី​សម្រាប់​រដ្ឋាភិបាល​ស៊ីវិល​ភូមា​ថ្មី គឺ​ក្រសួង​ទទួល​បន្ទុក​កិច្ចការជាតិ​ពិន្ធុ ជា​ក្រសួង​ដ៏​សំខាន់​សម្រាប់​អនាគត​ប្រទេស ! នេះ​ជាសេចក្តីប្រកាស​​​របស់​លោក ទីន ចវ ប្រធានាធិបតី​ស៊ីវិល​ដំបូង​របស់​​ភូមា នៅ​ចំពោះ​មុខ​សភា។ ​បើ​តាម​អត្ថន័យ​នៃ​សុន្ទរកថា ដែល​មាន​លក្ខណៈ​ទូទៅ​ខ្លាំង លោក​ទីន ចវ មុន​នឹង​ចូល​កាន់​តំណែង​ជាផ្លូវការ មាន​​​​បង្ហាញ​ចេតនា ចង់​ស្វែង​រក​សន្តិភាព​ជាមួយ​​ក្រុម​ជនជាតិ​ភាគ​តិច។

ជម្លោះ​ប្រដាប់​អាវុធ​រវាង​ជាតិ​ពិន្ធុ​នៅ​ភូមា ជា​វិបត្តិ​ដ៏​ចំណាស់​និងបន្ត​​អូស​បន្លាយ​រាប់​ទសវត្សរ៍​មក​ហើយ។ ដោយ​ហេតុ​តែ​វិបត្តិ​នេះ មនុស្ស​ម្នា​ប្រមាណ​២សែន​បួន​ម៉ឺន​នាក់ ត្រូវ​បង្ខំ​ចិត្ត​រស់​ភៀស​ខ្លួន​ពី​ផ្ទះ​សម្បែង​។ ស្ថានភាព​កាន់​តែ​ដុន​ដាប​ខ្លាំង​ មាន​កើត​ឡើង​នៅ​​រដ្ឋ​កាឈីន ឬ ឈ័ន ព្រោះ​ពួក​ឧទ្ទាម​ជនជាតិ​ភាគ​តិច​ប្រដាប់​អាវុធ​​និង​រដ្ឋាភិបាល​នៅ​បន្ត​ប្រយុទ្ធ​គ្នា​នៅ​ឡើយ។

នៅ​រដ្ឋ​រ៉ាឃីន ភាគ​ខាង​លិច​ប្រទេស​វិញ គឺ​ក្រុមជនជាតិ​ភាគ​តិច​កាន់​សាសនាអ៊ីស្លាម រ៉ូហ៊ីងយ៉ាង ដែល​រង​ការ​រើស​អើង​ និង​រង​អំពើ​ហិង្សាខ្លាំង។ ប៉ុន្តែ​នៅ​ថ្ងៃ​ចន្ទ​នេះ លោក​ប្រធានាធិបតី​ថ្មី មិនបាន​និយាយ​ប៉ះពាល់​​ដល់​ជោគវាសនា​ជនជាតិ​ភាគ​តិច​មួយ​ក្រុម​នេះ​ទេ។ ​ “រ៉ូហ៊ីងយ៉ា” ជា​​ពាក្យដែល​ភូមា មិន​ត្រូវ​ការ​ឮ ត្រូវ​ការ​និយាយ​ចេញ​ពី​មាត់​ឡើយ !

តំណាង​គណៈកម្មការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​​អង្គការ​សហប្រជាជាតិ HCR បាន​បង្ហាញ​ក្តី​សង្ឃឹម​​ថា​ សំណុំ​រឿង​រ៉ូហ៊ីងយ៉ា នឹង​ក្លាយ​ជា​អាទិភាព​មួយ​របស់​រដ្ឋាភិបាលថ្មី​​ដែល​បង្កើត​ឡើយ​ដោយ​លោកស្រី អ៊ុង សានស៊ូជី និង​លោក ទីន ចវ។ បើ​មាន​បង្កើត​ក្រសួង​ទទួល​បន្ទុក​ជាតិ​ពិន្ធុហើយ ក្រសួង​នេះ​ត្រូវ​មាន​ភារៈ​ដោះស្រាយ​វិបត្តិជនជាតិ​ភាគតិច។

ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា ភូមា​មិន​បាន​ទទួល​ស្គាល់​ជនជាតិ​ភាគ​តិច​អ៊ីស្លាម​​នេះ​ទេ និង​បាន​ចាត់​ទុក​ជន​អន្តោប្រវេសន៍​បង់ក្លាដែស​ខុសច្បាប់ ទោះ​បាន​រស់​នៅ​លើ​ទឹកដី​ភូមា​តាំង​ពី​ប៉ុន្មាន​ជំនាន់​ក៏ដោយ។ លោកស្រី​អ៊ុងសានស៊ូជី​ ជា​ទី​គោរព​របស់​ពលរដ្ឋ​ភូមា ក៏​ធ្លាប់​បានរង​ការ​រិះគន់​យ៉ាង​ខ្លាំង​ដែរ ចំពោះ​ភាព​ស្ងប់​ស្ងាត់​មិន​ចេញ​ស្តី​អ្វី​ទាំង​អស់ នៅ​ពេល​មាន​ផ្ទុះ​អំពើ​ហិង្សា​លើ​ពួក​រ៉ូហ៊ីងយ៉ា ពី​សំណាក់​អ្នក​កាន់​ពុទ្ធសាសនា កាលពី​ឆ្នាំ​២០១២៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ