អានតួអត្ថបទ
ភូមា

ភូមា៖​លោកស្រី​អ៊ុង សានស៊ូជី​ស្នើ​ឲ្យ​បង្កើត​ក្រសួង​ទទួល​បន្ទុក​ជនជាតិ​ពិន្ធុ

នៅ​ក្នុង​ប្រទេស​ភូមា លោកស្រី​អ៊ុង សានស៊ូជី ប្រធាន​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ មីនា​ថា រដ្ឋាភិបាល​ថ្មី​ដែល​ប្រសូត្រ​ចេញ​ដោយ​គណបក្ស​របស់​លោកស្រី​នា​ពេល​ខាង​មុខ​នឹង​បំពាក់​ដោយ​ក្រសួង​ថ្មី​មួយ​ដើម្បី​ទទួល​បន្ទុក​កិច្ចការ​របស់​ជនជាតិ​ពិន្ធុ។ ការ​ប្រកាស​ឲ្យ​មាន​ក្រសួង​ទទួល​បន្ទុក​ជនជាតិពិន្ទុ​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ភូមា​បាន​ប្រឈម​មុខ​នឹង​ជម្លោះ​ជាមួយ​ក្រុម​ជនជាតិពិន្ធុ​ផ្សេងៗ​តាំង​ពី​ទទួល​បាន​ឯករាជ្យ​ពី​ប្រទេស​អង់គ្លេស​ក្នុង​ឆ្នាំ ១៩៤៨។

លោកស្រី​អ៊ុង សានស៊ូជី ប្រធាន​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នៅ​ភូមា
លោកស្រី​អ៊ុង សានស៊ូជី ប្រធាន​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នៅ​ភូមា REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

គម្រោង​ស្នើ​បង្កើត​ឲ្យ​មាន​ក្រសួង​ទទួល​បន្ទុក​កិច្ចការ​ជនជាតិ​ពិន្ធុ​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សភា​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ មីនា គឺ​ជា​វិធានការ​ទី១ ក្រោយ​ពី​ការ​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី​របស់​លោក​ទីន ចវ​ក្នុង​ថ្ងៃទី១៥ មីនា និង​ដែល​លោក​ត្រូវ​ចូល​កាន់​តំណែង​ជា​ផ្លូវការ​នា​ថ្ងៃទី៣០ មីនា​ស្រប​​នឹង​រដ្ឋាភិបាល​ថ្មី​របស់​គណបក្ស​លោកស្រី​អ៊ុង សានស៊ូជី។ ក្រៅ​ពី​ក្រសួង​ទទួល​ជនជាតិ​ពិន្ធុ ក៏​នៅ​មាន​បញ្ជី​ឈ្មោះ​ក្រសួង​ចំនួន ២០ផ្សេង​ទៀត​ដែល​លោក​ប្រធានាធិបតី​ទីន ចវ​បាន​បញ្ជូន​ទៅ​កាន់​រដ្ឋសភា។

ការ​បង្កើត​ឲ្យ​មាន​ក្រសួង​ទទួល​បន្ទុក​កិច្ចការ​ជនជាតិ​ពិន្ធុ​នៅ​ក្នុង​រដ្ឋាភិបាល​ថ្មី​ពេល​នេះ​មិន​មែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ប៉ុន្មាន​ទេ ព្រោះ​លោកស្រី​អ៊ុង សានស៊ូជី​ធ្លាប់​បាន​បញ្ជាក់​រួច​ហើយ​ថា បញ្ហា​ជនជាតិ​ពិន្ធុ​ជា​រឿង​អាទិភាព​ទី១ នៅ​ក្នុង​ដំណើរ​ស្វែង​រក​សន្តិភាព។ លោកស្រី​ស៊ូជី​ធ្លាប់​បាន​ស្នើ​ឲ្យ​មាន​អ្នកតំណាង​ជនជាតិ​ភាគតិច​ឈីន​ឈរ​ឈ្មោះ​ជា​បេក្ខជន​អនុប្រធានាធិបតី។ គឺ​កាយវិការ​សម្របសម្រួល​របស់​លោកស្រី​ស៊ូជី​នេះ​ឯង​ដែល​នា​ការ​បោះឆ្នោត​សភា​ក្នុង​ខែ​វិច្ឆិកា​កន្លង​ទៅ គណបក្ស​របស់​លោកស្រី​ទទួល​បាន​សម្លេង​ឆ្នោត​យ៉ាង​ច្រើន​នៅ​ក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ពិន្ធុ។

សូម​ជម្រាប​ជូន​ថា ភូមា​ជា​ប្រទេស​មួយ​នៅ​អាស៊ីអាគ្នេយ៍​ដែល​មាន​ជនជាតិ​ភាគតិច​ជាង ១៣០បែប​ខុសៗ​គ្នា​រស់នៅ និង​ដែល​រដ្ឋាភិបាល​បាន​ប្រឈម​មុខ​នឹង​ក្រុម​ជនជាតិ​ភាគតិច​ខ្លះ​តាំង​ពី​ជាង​កន្លះ​សតវត្ស​មក​ហើយ ពោល​តាំង​ពី​ភូមា​បាន​ទទួល​ឯករាជ្យ​​ក្នុង​ឆ្នាំ ១៩៤៨។ អ្វី​ដែល​ក្រុម​ជនជាតិ​ភាគតិច​ខ្លះ​បាន​តស៊ូ​ប្រដាប់​អាវុធ​ទាមទារ​ពី​រដ្ឋអំណាចកណ្តាល គឺ​ស្វ័យភាព​នៅ​ក្នុង​តំបន់​ដែល​ពួក​គេ​រស់នៅ។

កាល​ពី​ថ្ងៃទី១៥ តុលា ឆ្នាំ ២០១៥ មាន​ក្រុម​ឧទ្ទាម​ចំនួន ៨ក្រុម​ក្នុង​ចំណោម ១៥ក្រុម​បាន​ចុះ​ហត្ថលេខា​លើ​បទឈប់បាញ់​មួយ​រយៈ តែ​នៅ​មាន​ក្រុម​សំខាន់​ផ្សេង​ទៀត​បាន​បដិសេធ​មិន​ចុះ​ហត្ថលេខា។ តំបន់​ដែល​បន្ត​ក្តៅ និង​ពិបាក​គ្រប់គ្រង​ជាង​គេ គឺ​តំបន់​ដែល​សម្បូរ​ដោយ​ធនធាន​ធម្មជាតិ ពិសេស​ត្បូង​ទទឹម។ ជា​ការ​កត់​សម្គាល់ ចំនួន​ក្រសួង​នៅ​ក្នុង​រដ្ឋាភិបាល​ថ្មី​នឹង​ត្រូវ​កាត់​បន្ថយ​ពី ៣៦ មក​នៅ​ត្រឹមតែ ២១ក្រសួង។ តែ​មាន​ក្រសួង​ចំនួន ៣ ដែល​រដ្ឋាភិបាល​ថ្មី​មិន​អាច​ប៉ះ​បាន និង​ត្រូវ​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​កងទ័ព គឺ​ក្រសួង​មហាផ្ទៃ ក្រសួង​ការពារជាតិ និង​ក្រសួង​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ