អានតួអត្ថបទ

សភា​ថៃបន្តឹង​ច្បាប់​ផ្នែក​ព័ត៌មាន​វិទ្យា និង​អ៊ីនធ័រនែត

នៅ​ថ្ងៃសុក្រ​នេះ សភា​ថៃ​បានអនុម័ត​កែប្រែ​​ច្បាប់​ផ្នែកព័ត៌មានវិទ្យា​ ដើម្បី​រឹត​បន្តឹង​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត ការ​ផ្តោះប្តូរ​ព័ត៌មាន​តាម​​អ៊ីនធ័រនែត។ សម្រាប់​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​ ច្បាប់​ថ្មី​ដែល​បាន​ដាក់​ឱ្យ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ ពេញ​ផ្ទៃ​ប្រទេស មាន​កម្មវត្ថុ​តែ​មួយ​គត់ គឺ​​បំបិទ​មាត់​អ្នក​រិះគន់។

​នៅថៃ ចែក​ចាយ​ព័ត៌មាន​បន្ត​ក្នុងប្រព័ន្ធ​សង្គម ក៏​អាច​មាន​ទោស​ជាប់​ពន្ធនាគារ​ដល់​៥​ឆ្នាំ​
​នៅថៃ ចែក​ចាយ​ព័ត៌មាន​បន្ត​ក្នុងប្រព័ន្ធ​សង្គម ក៏​អាច​មាន​ទោស​ជាប់​ពន្ធនាគារ​ដល់​៥​ឆ្នាំ​ AFP
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ឡើង​កាន់​អំណាច​ តាមរយៈ​រដ្ឋប្រហារ​យោធា​ កាលពី​ខែ​ឧសភា​ឆ្នាំ​២០១៤​មក របប​សឹក​បាន​កាត់​បន្ថយ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ស្ទើរ​គ្មាន​សល់ ៖ ហាមឃាត់​ការធ្វើ​បាតុកម្ម គំរាម​អ្នក​សារព័ត៌មាន​ គេហទំព័រ​ខ្លះ​ត្រូវ​បិទ​ខ្ទប់ …

និន្នាការ​នេះ​ហាក់​គ្មាន​ថ្ងៃ​ប្តូរ​ទិស​ឡើយ បើទោះ​បី​ជា​សហគមន៍​អន្តរជាតិ​ធ្វើ​ការ​រិះគន់​យ៉ាងណា​ក៏​ដោយ។ នៅ​ថ្ងៃសុក្រ​ទី ១៦ ធ្នូ​នេះ សភា​ថៃ ដែល​តែង​តាំង​ឡើយ​ដោយ​មេ​ដឹកនាំ​យោធា បាន​អនុម័ត​ច្បាប់​ព័ត៌មាន​វិទ្យា​ថ្មី ក្នុង​សំឡេង​គាំទ្រ​ស្ទើរ​តែ​ស្រុង ១៦៧​គាំទ្រ​ និង​អនុប្បវាទ​៥សំឡេង។ អតីត​មេ​ដឹកនាំ​ប៉ូលិស​ជាន់​ខ្ពស់ បច្ចុប្បន្ន​ជា​តំណាងរាស្ត្រ ដែលបាន​ចូល​រួម​ចំណែក​តាក់តែង​កែប្រែ​ច្បាប់ បាន​អះអាង ច្បាប់​ទើប​អនុម័ត​ថ្មី​នេះ សំខាន់ និង​ចាំបាច់ ព្រមទាំង​មិន​រំលោភ​សិទ្ធិបុគ្គល​ទេ។

 
ប៉ុន្តែ​​​អត្ថបទ​ច្បាប់នេះ​អាច​ព្រលាត់​​បាន​យ៉ាង​ទូលំទូលាយ​បំផុត ! គ្រាន់​តែ​​ចែកចាយ​បន្ត​ ក្នុង​ប្រព័ន្ធ​សង្គម​ (ហ្វេសប៊ូក ជា​ឧទាហរណ៍) នូវ​រូប​ថ្លុក​​មេ​ដឹកនាំ ឬ​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​រដ្ឋាភិបាល​សឹក​ ឬ​អត្ថបទ​សើច​ចំអក​រិះគន់​ប៉ះពាល់​ដល់​គម្រោង​ច្បាប់​ ក៏​អាច​មាន​គ្រោះ​ជាប់​ទោស​ ដល់​៥​ឆ្នាំ​ក្នុង​ពន្ធនាគារ​ដែរ ពី​បទ «ញុះញង់​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​សន្តិសុខជាតិ សន្តិសុខ​សាធារណៈ ស្ថិរភាព​សេដ្ឋកិច្ច​ជាតិ ឬ​អាច​បង្ក​ឱ្យ​មាន​ចលាចល​ក្នុង​ស្រុក។

ម្យ៉ាង​ទៀត តាម​រយៈ​ច្បាប់​នេះ ​ប៉ូលិស​អាច​តាម​ស្កាត់ចាប់​​យក​ព័ត៌មានដែល​អ្នក​ប្រើប្រាស់​ទាក់ទង​គ្នា​ ក្នុង​​សារ​អ៊ីមែល ហ្វេសប៊ូក និង​សារឆាត​​ឆ្លើយឆ្លងគ្នា​តាម​បណ្តាញសង្គម ​ដោយ​មិន​បាច់​សុំ​សេចក្តី​អនុញ្ញាត​​ពី​តុលាការ​ទេ។ ​

សកម្មជន​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធ័រនែត Thai Netizen network ដែលប្រមូល​បាន​ហត្ថលេខា​ជាង ៣សែន ដើម្បី​ប្រឆាំង​នឹង​គម្រោង​ច្បាប់​បាន​សម្តែង​ក្តីព្រួយ​បារម្ភ​ថា ពេល​នេះ​គេ​លែង​ដឹង​អ្វី​ត្រូវ​និយាយ និង​អ្វី​មិន​និយាយ​ទេ។ បើ​តាម​តួលេខ​​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល Fortify Rights មាន​មនុស្ស​មិន​តិច​ជាង​៣៩៩​នាក់​ទេ ដែល​រង​ចោទ​ប្រកាន់​ពី​បទ​រំលោភ​ច្បាប់​ព័ត៌មាន​វិទ្យា​ នៅ​ឆ្នាំ​២០១៦​នេះ ទល់​នឹង​៤៦​នាក់ កាលពី​ឆ្នាំ​២០១៣ ​មុន​របប​សឹក​ឡើង​កាន់​អំណាច៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ