អានតួអត្ថបទ
កូរ៉េខាងត្បូង

ប្រមុខ​អង្គការពិភពលោក លោក​បាន គីមូន​រង​ការ​ចោទប្រកាន់​ពី​បទ​ពុករលួយ​ក្នុង​ប្រទេស​កំណើត

នៅ​កូរ៉េខាងត្បូង លោក​បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​កំពុង​រង​ការ​ចោទប្រកាន់​ពី​បទ​ពុករលួយ​ក្នុង​ប្រទេស​កំណើត។ តាម​លទ្ធផល​ស៊ើបអង្កេត​មួយ​ចុះ​ផ្សាយ​ដោយ​ទស្សនាវដ្តី​កូរ៉េ​ឲ្យ​ដឹង​ថា លោក​បាន គីមូន​បាន​ទទួល​លុយ​សុទ្ធ​ចំនួន ២០០ ០០០ដុល្លារ​កាល​ពី​ឆ្នាំ ២០០៥ ក្នុង​ពេល​ដែល​លោក​មាន​តួនាទី​ជា​រដ្ឋមន្រ្តី​ការបរទេស ហើយ​បាន​ទទួល​ចំនួន ៣០ ០០០ដុល្លារ​ទៀត​ក្នុង​ឆ្នាំ ២០០៧ បន្ទាប់​ពី​លោក​ទទួល​បាន​តំណែង​ជា​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។

លោក​​បាន គីមូន​​ជាប់ចោទ​​រឿង​អាស្រូវ​​ពុករលួយ​​ក្នុង​ប្រទេស​​កំណើត​កូរ៉េខាងត្បូង​
លោក​​បាន គីមូន​​ជាប់ចោទ​​រឿង​អាស្រូវ​​ពុករលួយ​​ក្នុង​ប្រទេស​​កំណើត​កូរ៉េខាងត្បូង​ ©REUTERS/Heinz-Peter Bader
ផ្សាយពាណិជ្ជកម្ម

អ្វីៗ​ត្រូវ​បាន​ទស្សនាវដ្តី​ប្រចាំ​សប្តាហ៍​មួយ​នៅ​កូរ៉េ​ឈ្មោះ Sisa ទម្លាយ​ឲ្យ​ដឹង​ថា កាល​ពី ១០ឆ្នាំ​មុន​ក្នុង​នាម​ជា​រដ្ឋមន្រ្តី​ការបរទេស លោក​បាន គីមូន​បាន​ទទួល​លុយ​សុទ្ធ​ចំនួន ២៣០ ០០០ដុល្លារ។ គឺ​ជា​ទឹកលុយ​សូកប៉ាន់​ដែល​លោក​បាន គីមូន​បាន​ទទួល​ពី​លោក​ប៉ាក់ យុនចា ចៅហ្វាយ​ក្រុមហ៊ុន Taekwang ហើយ​ឈ្មោះ​លោក​ប៉ាក់ យុនចា​ដដែល​នេះ​ក៏​ធ្លាប់​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ពុករលួយ​សំដៅ​លើ​មនុស្ស​ជំនិត​របស់​លោក​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​រ៉ូ មូយុន​ដែរ។

លោក​បាន គីមូន​ដែល​នឹង​ត្រូវ​បញ្ចប់​តំណែង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃទី១ មករា​ខាង​មុខ​នៅ​មិន​ទាន់​បាន​បញ្ចេញ​ប្រតិកម្ម​អ្វី​ទេ តែ​អ្នក​នាំ​ពាក្យ​របស់​គាត់​បាន​ច្រានចោល​ព័ត៌មាន​នេះ​ដោយ​ចាត់​ទុក​ជា​ព័ត៌មាន​ក្លែងក្លាយ និង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់។ ទន្ទឹម​គ្នា​នេះ រូប​អ្នក​នាំពាក្យ​ដដែល​ក៏​បាន​ទាមទារ​ឲ្យ​ទស្សនាវដ្តី Sasi ដក​ព័ត៌មាន​នោះ​ចោល​វិញ រួច​ធ្វើ​ការ​សុំទោស។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ព័ត៌មាន​រឿង​អាស្រូវ​ពុករលួយ​ជាប់ពាក់ព័ន្ធ​នឹង​លោក​បាន គីមូន​ជា​ការ​ពិត ឬ​ជា​រឿង​ប្រឌិត​ទេ អ្វី​ដែល​គេ​ដឹង ព័ត៌មាន​មួយ​នេះ​បាន​ជះ​ឥទ្ធិពល​មិន​ល្អ​ទាល់​តែ​សោះ​លើ​លោក​បាន គីមូន ព្រោះ​ថា បន្ទាប់​តំណែង​ជា​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​រយៈពេល ២អាណត្តិ​មក លោក​សង្ឃឹម​នឹង​កាន់​តំណែង​ប្រធានាធិបតី​នៅ​ក្នុង​ប្រទេស​កំណើត​បន្ថែម​ទៀត។ សូម​ជម្រាប​ជូន​ថា​នៅ​ក្នុង​ប្រទេស​កំណើត លោក​បាន គីមូន​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​អ្នក​បោះឆ្នោត​កូរ៉េ​ដែល​មាន​វ័យ​ចំណាស់។

គណបក្ស​អភិរក្សនិយម​ដែល​កំពុង​កាន់​អំណាច និង​ដែល​កំពុង​ធ្លាក់​កូដ​ដោយ​រឿងអាស្រូវ​ពុក​រលួយ​ជាប់​ពាក់ព័ន្ធ​នឹង​លោកស្រី​ប្រធានាធិបតី​ប៉ាក់ គុនហេ​ទម្លាក់​ពី​អំណាច​សង្ឃឹម​ថា នឹង​ជ្រើស​យក​លោក​បាន គីមូន​ជា​បេក្ខជន​សម្រាប់​ការ​បោះឆ្នោត​ខាង​មុខ។ ដោយឡែក គណបក្ស​ចម្រើននិយម Minjoo ដែល​ជា​បក្សប្រឆាំង​បាន​ទាមទារ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​មួយ​លើ​ព័ត៌មាន​របស់​ទស្សនាវដ្តី Sasi។ សម្រាប់​គណបក្យ Minjoo ដែល​បេក្ខជន​របស់​ខ្លួន​កំពុង​ទទួល​បាន​សម្លេង​គាំទ្រ​ខ្លាំង​យល់​ឃើញ​ថា លោក​បាន គីមូន​ជា​បេក្ខជន​គូប្រជែង​ដ៏​គ្រោះថ្នាក់​បំផុត។

យ៉ាង​ណា​ក៏​ដោយ បើ​តុលាការធម្មនុញ្ញ​សម្រេច​ទម្លាក់​លោកស្រី​ប៉ាក់ គុនហេ​ពី​តំណែង​ដូច​ដែល​សភា​បាន​អនុម័ត​មែន នោះ​ការ​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​មុន​អាណត្តិ​នឹង​ត្រូវ​រៀបចំ​យ៉ាង​យូរ​បំផុត​ក្នុង​រយៈពេល ៦០ថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ