អានតួអត្ថបទ
ជប៉ុន-សហរដ្ឋអាមេរិក

នុយក្លេអ៊ែរ​កូរ៉េខាងជើង៖ ប្រមុខ​ការបរទេស​អាមេរិក​ចង់បាន​ដំណោះស្រាយ​ថ្មី ក្រៅពី​នយោបាយ​ការទូត

រដ្ឋមន្រ្តី​ការបទេស​អាមេរិក លោក​រិច ធីល័រសុន Rex Tillerson បានអះអាង​ធានា​ពី​ការគាំទ្រ​គ្មានងាករេ​របស់​អាមេរិក សម្រាប់​ជប៉ុន ដែល​កំពុង​ប្រឈម​នឹង​ការគំរាមកំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។ នៅក្នុង​សន្និសីទ​កាសែត ធ្វើឡើង​នៅថ្ងៃ​ព្រហស្បតិ៍​នេះ នៅទីក្រុង​តូក្យូ ប្រមុខ​ការបរទេស​​អាមេរិក​បានលើកឡើង​ផងដែរ​ពី​បំណង​របស់​អាមេរិក ដែល​ចង់​ស្វែងរក​ដំណោះស្រាយ​​ថ្មីផ្សេង ក្រៅ​ពី​នយោបាយ​ការបទេស ដើម្បី​ជំរុញ​ឲ្យ​កូរ៉េខាងជើង​លះបង់​ចោល​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល។

រដ្ឋមន្រ្តី​ការបរទេស​អាមេរិក ជួប​ពិភាក្សា​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន អាបេ នៅថ្ងៃ​ទី ១៦​មីនា ២០១៧
រដ្ឋមន្រ្តី​ការបរទេស​អាមេរិក ជួប​ពិភាក្សា​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន អាបេ នៅថ្ងៃ​ទី ១៦​មីនា ២០១៧ ©REUTERS/Toru Yamanaka/Pool
ផ្សាយពាណិជ្ជកម្ម

សម្រាប់​ប្រមុខការបរទេស​អាមេរិក គេ​ត្រូវ​តែ​ស្វែងរក​ដំណោះស្រាយ​ថ្មី ព្រោះថា នយោបាយ​ការទូត​ដែល​គេ​ប្រើ ក្នុង​រយៈពេល​២០​ឆ្នាំ​ចុងក្រោយ​នេះ បាន​បរាជ័យ មិនអាច​ជំរុញ​កូរ៉េខាងជើង​ឲ្យ​លះបង់​ចោល​មហិច្ឆតា​នុយក្លេអ៊ែរ។ តាម​គំនិត​របស់​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក វា​ជារឿង​ចាំបាច់ ដែល​គេ​ត្រូវ​បង្កើត​វិធីសាស្រ្ត​ថ្មីមួយ ដើម្បី​ប្រឈម​នឹង​ការគំរាមកំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។

 
នៅក្នុង​សន្និសីទ​កាសែត ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន នៅថ្ងៃនេះ លោក​រិច ធីល័រសុន​និយាយ​ពី​វិធីសាស្រ្ត​ថ្មី ផ្សេង ក្រៅ​ពី​នយោបាយ និង​ការទូត ដើម្បី​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង ប៉ុន្តែ លោក​មិន​បាន​លម្អិតថា តើ​វិធីសាស្រ្ត​ថ្មី​នោះ មាន​ខ្លឹមសារ​យ៉ាងណា​នោះទេ។ រដ្ឋមន្រ្តី​ការបរទេស​​អាមេរិក​បាន​អំពាវនាវ​ផងដែរ​ឲ្យ​ទីក្រុង​ប៉េកាំង​ដាក់​សម្ពាធ​ខ្លាំង​ជាងមុន លើ​កូរ៉េខាងជើង ដែល​ជា​សម្ព័ន្ធមិត្ត​របស់ខ្លួន។ លោក​រិច ធីល័រសុន​ដែល​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ចិន នៅ​ថ្ងៃ សៅរ៍ ខានស្អែក​បានសន្យា​ថា លោក​នឹង​និយាយ​ពិភាក្សា​ជាមួយ ចិន ដើម្បី​ស្វែងរក​វិធានការ​ថ្មីៗ ដែល​ចិន​ត្រូវ​ធ្វើ នៅក្នុង​រឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង។

រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន Fumio Kishida យល់ស្រប​ជាមួយ​សមភាគី​អាមេរិក ដែល​ថា ចិន ដើរតួ​យ៉ាងសំខាន់ នៅក្នុង​បរិបទ​ដែល​ការគំរាមកំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​បាន​កើនឡើង​ដល់​កម្រិត​មួយ​ខ្ពស់ មិនធ្លាប់មាន។

ប៉េកាំង ធ្លាប់​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​កង្វល់​របស់ខ្លួន នៅពេល​កូរ៉េខាងជើង​ប៉ុនប៉ង​ចង់​ក្លាយ​ខ្លួន​ជា​មហាអំណាច​នុយក្លេអ៊ែរ នឹងគេ​ដែរ។ ចិន​គាំទ្រ​កម្មវិធី​ផលិត​មីស៊ីល​របស់​កូរ៉េខាងជើង ប៉ុន្តែ មិន​ចង់​ឃើញ​លេច​មាន​មហាអំណាច​នុយក្លេអ៊ែរ នៅ​ក្បែរ​ច្រមុះ​មាត់​របស់ខ្លួននោះទេ។ យ៉ាងណាក៏ដោយ ចិន​នៅ​តែ​អរិភាព មិន​ចង់​ឲ្យ​សកម្មភាព នយោបាយ​ពី​ខាងក្រៅ ណាមួយ ចូលទៅ​រង្គោះរង្គើ​របបកុម្មុយនិស្ត​ព្យុងយ៉ាងដែរ។ ចិន​នៅ​បាន​រិះគន់​ខ្លាំង​សកម្មភាព​តាំង​ប្រព័ន្ធ​ខែលមីស៊ីល​របស់​អាមេរិក THAAD ​នៅ​កូរ៉េខាងត្បូង ដែល​ចិន​ចាត់ទុក​ថា ជា​យុទ្ធសាស្រ្ត​របស់​អាមេរិក ដើម្បី​ផ្ចាញ់ គំរាមកំហែង​យុទ្ធសាស្រ្ត​យោធា​របស់​ចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ