អានតួអត្ថបទ
ចិន

ចិន៖​បែកធ្លាយ​រឿងអាស្រូវ​ថ្មី​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​កាកសំណល់​របស់​មន្ទីរពេទ្យ

នៅ​ក្នុង​ប្រទេស​ចិន រឿងអាស្រូវ​ថ្មី​មួយ​ទើប​បាន​បែក​ធ្លាយ​យ៉ាង​ខ្ចរខ្ចាយ​ទាក់ទង​នឹង​ការ​ជួញដូរ​កាកសំណល់​របស់​មន្ទីរពេទ្យ។ បន្ទាប់​ពី​បាន​បើក​ការ​ស៊ើបអង្កេត​រយៈពេល ៦ខែ​មក ប៉ូលិស​បាន​ចាប់​ខ្លួន​មនុស្ស​ប្រមាណ​ជា ១២នាក់​ក្នុង​ខេត្ត​ចំនួន ៥ ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​កាកសំណល់​របស់​មន្ទីរពេទ្យ។ រឿងអាស្រូវ​មួយ​ត្រូវ​បាន​ទម្លាយ​ឡើង​ដោយ​ទស្សនាវដ្តី​ចិន​មួយ​ឈ្មោះ Outlook។ កន្លង​មក ក៏​ធ្លាប់​កើត​មាន​រឿងអាស្រូវ​ស្រដៀង​គ្នា​នេះ​ទាក់ទង​នឹង​ថ្នាំវ៉ាក់សាំង​ហួសកំណត់​ប្រើប្រាស់។

បែកធ្លាយ​រឿងអាស្រូវ​ថ្មី​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​កាកសំណល់​របស់​មន្ទីរពេទ្យ​នៅ​ក្នុង​ប្រទេស​ចិន
បែកធ្លាយ​រឿងអាស្រូវ​ថ្មី​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​កាកសំណល់​របស់​មន្ទីរពេទ្យ​នៅ​ក្នុង​ប្រទេស​ចិន Getty Images
ផ្សាយពាណិជ្ជកម្ម

ទស្សនាវដ្តី Outlook បាន​រៀបរាប់​ថា គឺ​ជា​មួយ​នឹង​ការ​ភាយ​ក្លិន​ស្អុយអាសើច​ដែល​ក្រុម​អ្នកស៊ើបអង្កេត​បាន​ចូល​ទៅ​ឆែកឆេរ​នៅ​ក្នុង​រោងចក្រ​មួយ​ស្ថិត​ក្នុង​ស្រុក Gupei ខេត្ត Hunan។ នៅ​ទីនោះ គេ​បាន​ប្រទះ​ឃើញ​កាកសំណល់​គ្រប់​ប្រភេទ​ដែល​មន្ទីរពេទ្យ​នានា​បាន​ប្រើប្រាស់​រួច​ប្រមាណ​ជា ៥០តោន មាន​ដូច​សឺរុំាង​ចាក់ថ្នាំ សំបកប្លោក​ដាក់​សេរ៉ូម សំបក​ប្លោក​ដាក់​ឈាម និង​កាកសំណល់​ផ្សេងៗ​ទៀត​របស់​មន្ទីរពេទ្យ។ កម្មករ​ដែល​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​នោះ​មិន​មាន​ពាក់​ម៉ាស់ ឬ​មួយ​ក៏​ស្រោមដៃ​ដើម្បី​ការពារ​ទេ។

បន្ទាប់​ពី​បាន​លាងសំអាត ជ្រើសរើស​តាម​ប្រភេទ និង​កាត់​ចិញ្រ្ចាំ​ជា​បំណែក​តូចៗ​រួច​ហើយ កាកសំណល់​ទាំង​អស់​នេះ​ដែល​ភាគ​ច្រើន​ជា​ប្លាស្ទិច​នឹង​ត្រូវ​គេ​លក់​បន្ត​ទៅ​ឲ្យ​រោងចក្រដើម្បី​យក​ទៅ​កែច្នៃ ចម្រាញ់ និង​បំឡែង​ធ្វើ​ជា​ផលិតផល​សម្រាប់​បម្រើ​ក្នុង​វិស័យ​ឱសថសាស្រ្ត ឬ​មួយ​ក៏​ផលិតផល​សម្រាប់​ដាក់​គ្រឿង​ឧបភោគបរិភោគ។ ការ​ជួញដូរ​កាកសំណល់​របស់​មន្ទីរពេទ្យ​បាន​ធ្វើ​ឲ្យ​ឈ្មួញ​ចំណេញ​ច្រើន​ណាស់ ព្រោះ​ប្លាស្ទិច​ចម្រាញ់​ចេញ​ពី​កាកសំណល់​មន្ទីរពេទ្យ​ទិញ​ក្នុង​តម្លៃ ២៦០អឺរ៉ុប​ក្នុង​មួយ​តោន​អាច​លក់​បាន​ដល់​ទៅ​ជាង ៥០០អឺរ៉ូ​ឯណោះ។

កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០១៦ មាន​ផ្ទុះ​រឿងអាស្រូវ​ដូច​គ្នា​នេះ​ម្តង​ហើយ និង​ដែល​ត្រូវ​បាន​កាសែត​ក្នុង​ស្រុក​យក​ទៅ​ចុះ​ផ្សាយ​យ៉ាង​ព្រោងព្រាត។ ជាក់ស្តែង​ក្នុង​ខេត្ត Nankin ក្រុម​ឈ្មួញ​បាន​លក់​កាកសំណល់​របស់​មន្ទីរពេទ្យ​ចំនួន ៣ ០០០តោន​ទៅ​ឲ្យ​បណ្តាញ​ឧក្រិដ្ឋជន​ដើម្បី​យក​ទៅ​ធ្វើ​ចានប្លាស្ទិច និង​គ្រឿង​កូនក្មេងលេង។ តាម​ពិត​ទៅ មន្ទីរពេទ្យ​ត្រូវ​ប្រមូល​កាកសំណល់ និង​សម្ភារៈ​ប្រើប្រាស់​រួច​ភាគ​ច្រើន​ទៅ​ឲ្យ​ក្រុមហ៊ុន​មួយ​ដើម្បី​លាងសំអាត​ឲ្យ​បាន​ត្រឹមត្រូវ។ តែ​គេ​សង្កេត​ឃើញ​ជា​ទូទៅ​ថា មាន​មន្ទីរពេទ្យ​ភាគច្រើន​ចៀសវាង​បង់​ថ្លៃ​លាងសំអាត​ដែល​មាន​តម្លៃ​ថ្លៃ និង​សុខចិត្ត​បិទភ្នែក​ឲ្យ​បុគ្គលិក​ក្នុង​មន្ទីរពេទ្យ​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​ខាង​ក្រៅ​ដើម្បី​បាន​លុយ​ខ្លះ​សម្រាប់​បំពេញបន្ថែម​លើ​ប្រាក់ខែ​ដែល​មាន​តិចតួច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ