ភូមា៖រដ្ឋាភិបាលបានបញ្ជូនកម្លាំងទ័ពទៅកាន់រដ្ឋរ៉ាក់ឃីនរបស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា
នៅក្នុងប្រទេសភូមា ក្រុមអ្នកទទួលខុសត្រូវយោធាបានប្រកាសឲ្យដឹងនាថ្ងៃសៅរ៍ ទី១២ សីហានេះថា មានកម្លាំងទ័ពជាច្រើនរយនាក់ត្រូវបានបញ្ជូនទៅកាន់រដ្ឋរ៉ាក់ឃីនដែលមានពួករ៉ូហ៊ីងយ៉ាអ្នកកាន់សាសនាអ៊ីស្លាមជិត ១លាននាក់កំពុងរស់នៅ។ ទីក្រុងរ៉ង់ហ្គូនបានលើកឡើងពីវិធានការបង្ការទប់ស្កាត់ទង្វើប្រឆាំងនឹងពួករ៉ូហ៊ីងយ៉ា តែអង្គការសហប្រជាជាតិបានសម្តែងក្តីបារម្ភពីទង្វើបោសសំអាតពួកជនជាតិភាគតិចអ្នកកាន់សាសនាអ៊ីស្លាមមួយនេះ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១៥
មានព័ត៌មានខុសៗគ្នាស្តីពីការចល័តទ័ពនៅថ្ងៃសៅរ៍ ទី១២ សីហានេះ។ មន្រ្តីយោធាភូមាម្នាក់ដែលមិនព្រមបញ្ចេញឈ្មោះបានបញ្ជាក់ប្រាប់ AFP ថា មានកងវរសេនាតូចជាច្រើនដែលមានទាហានរាប់រយនាក់ត្រូវបានបញ្ជូនទៅកាន់ប៉ែកកណ្តាលប្រទេសក្បែរតំបន់ភ្នំម៉ាយូ។ ចំណែកអ្នកទទួលខុសត្រូវយោធាផ្សេងទៀតបានអះអាងដោយត្រង់ៗថា ការដែលរដ្ឋាភិបាលបានសម្រេចបញ្ជូនទ័ពទៅកាន់រដ្ឋរ៉ាក់ឃីនពេលនេះ គឺបន្ទាប់ពីមានផ្ទុះទង្វើឃាតកម្មជាច្រើននារយៈពេលចុងក្រោយនេះ។ ទន្ទឹមគ្នានេះ ឆ្មាំការពារព្រំដែនម្នាក់បានបញ្ជាក់ដោយលំអិតថា តំបន់ដែលទ័ពរដ្ឋាភិបាលទៅឈរជើងនោះ គឺជាតំបន់របស់ក្រុមសកម្មជនអ៊ីស្លាមដែលរដ្ឋាភិបាលចោទប្រកាន់ពីបទបានសម្លាប់អ្នកស្រុក ពិសេសអ្នកស្រុកដែលបានរួមសហការណ៍ជាមួយរដ្ឋាភិបាលកណ្តាល។
បើយោងតាមមធ្យោបាយឃោសនាមហាជនរបស់រដ្ឋ រដ្ឋាភិបាលថែមទាំងបានដាក់បំរាមគោចរថ្មីនៅតាមតំបន់មួយចំនួនដែលចាំបាច់ដើម្បីប្រឆាំងនឹងពួកសកម្មជនអ៊ីស្លាម។ យ៉ាងណាក៏ដោយ អ្នកស្រុកម្នាក់ជាជនជាតិរ៉ូហ៊ីងយ៉ាបានសម្តែងក្តីបារម្ភខ្លាចកើតមានទង្វើបោសសំអាតពួករ៉ូហ៊ីងយ៉ាពីសំណាក់ទ័ពរដ្ឋាភិបាលដូចកាលពីឆ្នាំ ២០១៦។ តាំងពីខែតុលា ឆ្នាំ ២០១៦ នៅពេលដែលក្រុមសកម្មជនអ៊ីស្លាមវាយប្រហារប៉ូស្តិ៍ប៉ូលិស រដ្ឋរ៉ាក់ឃីនបានក្លាយជាឆាកនៃអំពើហិង្សា និងដែលអន្តរាគមន៍របស់ទ័ពរដ្ឋាភិបាលបានក្លាយទៅជាយុទ្ធនាការបោសសំអាតជនជាតិរ៉ូហ៊ីងយ៉ាអ្នកកាន់សាសនាអ៊ីស្លាម។
សូមជម្រាបជូនថា ពិតមែនតែយុទ្ធនាការរបស់ទ័ពរដ្ឋាភិបាលនៅក្នុងរដ្ឋរ៉ាក់ឃីនបានបិទបញ្ចប់អស់ជាច្រើនខែក៏ដោយ ក៏ភាពតានតឹង និងអំពើហិង្សានៅបន្តមានជាអចិន្រ្តែយ៍។ អង្គការសហប្រជាជាតិមិនញញើតនឹងចាត់ទុកទង្វើរបស់រដ្ឋាភិបាលភូមាថា ជាយុទ្ធនាការបោសសំអាតពួករ៉ូហ៊ីងយ៉ាដែលជាជនជាតិភាគតិចរងការធ្វើទុក្ខបុកម្នេញខ្លាំងជាងគេក្នុងលោក។ ឧត្តមស្នងការសិទ្ធមនុស្សអន្តរជាតិបានប្រដូចទង្វើបោសសំអាតលើពួករ៉ូហ៊ីងយ៉ាថាជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ តែភូមាបានច្រើនចោលការចោទប្រកាន់របស់អង្គការសហប្រជាជាតិ និងបដិសេធលើសំណើដែលចង់បញ្ជូនបេសកកម្មស៊ើបអង្កេតអន្តរជាតិមួយទៅកាន់ភូមា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ