អានតួអត្ថបទ
ភូមា

រដ្ឋាភិបា​ល​ភូមា​៖​គ្មាន​ការ​​ធ្វើបាប​​ជនជាតិ​​រ៉ូហ៊ីងយ៉ា​​ដូច​​ការ​ចោទ​ប្រកាន់​​របស់​​អ.ស.ប.​ទេ​

គណៈកម្មការ​ស៊ើបអង្កេត​របស់​រដ្ឋាភិបាល​ភូមា​បានចេញរបាយការណ៍​​​ នៅថ្ងៃ​អាទិត្យនេះ សន្និដ្ឋាន​ថា កងកម្លាំង​សន្តិសុខ​ជាតិ​ភូមា​មិនបាន​​ធ្វើបាប កាប់​សម្លាប់ រឺ​ក៏ចាប់រំលោភ​ជនជាតិ​រ៉ូហ៊ីងយ៉ា ដូចដែល​​របាយការណ៍​អង្គការ​សហប្រជាជាតិ​បានលើកឡើង​​​ ​កាលពី​ខែ​កុម្ភៈ​នោះទេ។

ប្រជាជន​និង​កុមារ​ជនជាតិភាគតិច​​រ៉ូហ៊ីងយ៉ា​​
ប្រជាជន​និង​កុមារ​ជនជាតិភាគតិច​​រ៉ូហ៊ីងយ៉ា​​ Rémy Favre
ផ្សាយពាណិជ្ជកម្ម

កាលពីខែកុម្ភៈ​ អង្គការ​សហប្រជាជាតិ​បានចុះផ្សាយ​​របាយការណ៍​បង្ហាញ​ពី​​ការធ្វើបាប​របស់​កងទ័ព​ភូមា​ប្រឆាំង​នឹង​ជនជាតិ​រ៉ូហ៊ីងយ៉ា​។ ​របាយការណ៍​កាលនោះ មាន​សាក្សី​ជា​​​ជនជាតិ​រ៉ូហ៊ីងយ៉ាដែលបាន​ភៀសខ្លួន​​ទៅបង់ក្លាដែស។ ជនជាតិ​រ៉ូហ៊ីងយ៉ា​ទាំងនេះ​ប្រាប់ថា កងទ័ព​​ភូមា​បានធ្វើទារុណកម្ម ​​​រំលោភ​ភេទ ដុតផ្ទះ ​សម្លាប់ជនជាតិ​រ៉ូហ៊ីងយ៉ា មាន​ទាំង​កុមារ ទារក ស្ត្រី​និង​មនុស្សចាស់​ជនជាតិ​​រ៉ូហ៊ីងយ៉ា​។​

ថ្ងៃអាទិត្យ​នេះ គណៈកម្មការ​ស៊ើបអង្កេត​របស់​រដ្ឋាភិបា​លភូមាបាន​ចុះផ្សាយ​របាយការណ៍​សន្និដ្ឋាន​ថា គ្មានភស្តុតាង​បញ្ជាក់​ពី​ការ​ធ្វើបាប​ រឺ​កាប់សម្លាប់ ​អ្នកកាន់​សាសនា​អ៊ីស្លាម​រ៉ូហ៊ីងយ៉ា នៅភូមា​​ទេ។ គណៈ​កម្មការ​​ស៊ើបអង្កេត​​​ភូមា ថែមទាំង​ចោទ​ទៅ​អង្គការ​សហប្រជាជាតិ​​វិញ​ថា ធ្វើអោយ​អន្តរជាតិ​យល់ច្រឡំ​លើភូមា ដោយ​លំអៀង​ការ​សន្និដ្ឋាន​ មិនបានគិតពី​ការវាយប្រហារ​ដែល​បង្កឡើង​​​ដោយ​​ភាគី​ជា​​សកម្មជន​​​រ៉ូហ៊ីងយ៉ា។ ​​

គណៈកម្មការ​ស៊ើបអង្កេត​របស់​រដ្ឋាភិបាល​ភូមា បាន​ធ្វើការ​អង្កេត​លើ​ហិង្សា​នៅរដ្ឋរ៉ាក់ឃីន ភាគ​ពាយព្យ​ តាំងតែ​ពី​​មាន​ហេតុការណ៍ជនជាតិ​រ៉ូហ៊ីងយ៉ា ​វាយប្រហារ​ទីស្នាក់ការ​ប៉ូលិសភូមាច្រើនកន្លែង​ ជិត​​ព្រំដែន​បង់ក្លាដែស​ ក្នុង​​ខែតុលា​ឆ្នាំ​២០១៦។ ក្រោយការវាយប្រហារ​ប្រឆាំង​ប៉ូលិស​ភូមា កងទ័ព​បាន​ចេញ​យុទ្ធនាការ​បង្ក្រាប​ហិង្សា អស់រយៈពេល​ច្រើនខែ។ ជនជាតិ​រ៉ូហ៊ីងយ៉ា​ជាង​៧ម៉ឺន៥ពាន់នាក់​បាន​ភៀសខ្លួន​ទៅ​បង់ក្លាដែស។​

អង្គការ​សហប្រជាជាតិបានវាយតម្លៃ​ថា យុទ្ធនាការ​​​បង្ក្រាប​របស់​កងទ័ព ​​ឈានទៅ​ដល់​​ការបោសសម្អាត​ជនជាតិ​ភាគតិច ហើយ​អាច​ដល់​ថ្នាក់​ថា​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​​ទៀតផង។ ​អង្គការ​សហប្រជាជាតិ បានសុំ​ចុះ​ទៅស៊ើបអង្កេត​ហេតុការណ៍​ធ្វើបាប​ជនជាតិ​រ៉ូហ៊ីងយ៉ា នៅភូមា ប៉ុន្តែ រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោកស្រី អ៊ុងសាន ស៊ូជី បាន​ជំទាស់សំណើ​នេះ។ រដ្ឋាភិបាល​ភូមា​ប្រាប់ថា ការស៊ើបអង្កេត​របស់​គណៈកម្មការ​រដ្ឋាភិបាល​គឺជាចម្លើយគ្រប់គ្រាន់​ណាស់ទៅហើយ។

របាយការណ៍​ស៊ើបអង្កេត​របស់​គណៈកម្មការ​ភូមា​ចុះផ្សាយ​ថ្ងៃ​អាទិត្យ​នេះលើកឡើង​ទៀត​ថា សកម្មភាព​ហួសហេតុ​ក្នុង​យុទ្ធនាការ​កងទ័ព​ប្រហែល​ជា​បង្កឡើង​ដោយ​​កងទ័ព​ថ្នាក់ក្រោម​ប៉ុណ្ណោះ។ ប៉ុន្តែ ហេតុការណ៍​​​ទាំងនេះ​ហាក់ដូចជា​ត្រូវបានគេ​ប្រឌិត​ឡើង​ទៅវិញទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ