អានតួអត្ថបទ
ថៃ

ថៃ​ចាប់​ផ្តើម​ចុះ​ឈ្មោះ​គណបក្ស​សម្រាប់​ចូល​រួម​បោះឆ្នោត​សភា

ផ្លាក​សញ្ញា​ថ្មី មេដឹកនាំ​ថ្មី ... ជា​សរុប​មាន​គណបក្ស​នយោបាយ​ថៃ ជាង​៣០ ​ ទើប​បង្កើត​ថ្មីៗ បាន​ចុះ​ឈ្មោះ​ ​ នៅ​ថ្ងៃ​សុក្រទី ២ មីនានេះ ក្នុង​បញ្ជី​បោះឆ្នោតសភា ដែល​គ្រោង​ធ្វើ​នៅ​ដើម​ឆ្នាំ​២០១៩។ ជា​ការ​បោះឆ្នោតលើក​ដំបូង​​ដែលពលរដ្ឋ​​គ្រប់​គ្នា​រង់​ចាំ​បំផុត គិត​ចាប់តាំង​ពីរដ្ឋប្រហារ​ឆ្នាំ​​២០១៤​មក។

សមាជិក​គណបក្ស​ Phuar Chart Thai កំពុង​រង់ចាំ​ចុះ​ឈ្មោះ​បោះឆ្នោត ថ្ងៃទី ២ មីនា ២០១៨
សមាជិក​គណបក្ស​ Phuar Chart Thai កំពុង​រង់ចាំ​ចុះ​ឈ្មោះ​បោះឆ្នោត ថ្ងៃទី ២ មីនា ២០១៨ © Reuters
ផ្សាយពាណិជ្ជកម្ម

របប​សឹក​ថៃ​ដែល​ឡើង​កាន់​អំណាច តាម​រយៈ​ការ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋាភិបាល​លោកស្រី យីងឡាក់ មាន​អាយុ​​​ជិត​បួន​ឆ្នាំ​មក​ហើយ ! ហើយ​នៅ​តែ​មិន​ទាន់​អាច​កំណត់​ពេល​វេលា​ច្បាស់​លាស់ ដើម្បី​រៀប​ចំ​ការ​បោះឆ្នោត​សភា​ ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ​ទេ។

ក្នុង​ខណៈ​ដែល​ពលរដ្ឋ​​កាន់​តែ​អស់​អំណត់ និង​បង្ហាញ​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំងឡើង ចំពោះ​ការ​លើក​បោះឆ្នោត​ឥតឈប់ ​កាលពី​ថ្ងៃ​អង្គារ ប្រមុខដឹកនាំ​របប​​យោធា បាន​អះអាង​ថា ការ​បោះឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​ “យ៉ាងយូរ​បំផុត” ក្នុង​ខែ​កុម្ភៈ​ឆ្នាំ​២០១៩​។ ហើយ ការ​ចុះ​ឈ្មោះ​គណបក្ស​បាន​ចាប់​ផ្តើម ​នៅ​ថ្ងៃ​នេះ និង​សម្រាប់​រយៈ​ពេល​មួយ​ខែ ពោល​គឺ​រហូត​ដល់​ដំណាច់​ខែ​មីនា។ ឯគណៈកម្មការ​មាន​ពេល​ក៏​មាន​៣០​ថ្ងៃ ក្នុង​ការ​សម្រេច​ទទួល​យក​ឬ​មិន​យក​បេក្ខភាព​របស់​គណបក្ស​ទាំង​នោះ។

បើ​តាម​គណៈកម្មការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត គេ​រាប់​ឃើញ​មាន​គណបក្ស​ចំនួន ៣៤ ដែល​បានមក​ចុះ​ឈ្មោះ នៅក្នុង​ថ្ងៃ​ទីមួយនេះ មាន​ជាអាទិ៍ គណបក្ស​ប្រជាធិបតេយ្យសៀម គណបក្ស​ដើម្បី​​រួបរួម​ថៃ ...។ល។ និង​។ល។ គណបក្ស​ទាំង​នោះ ភាគ​ច្រើន​ជា​បក្ស​ថ្មី ដែល​មិន​ធ្លាប់​ប្រលូក​ក្នុង​នយោបាយ​សោះ ​ធ្លាប់​តែ​​​ជា​អ្នក​ជំនួញ ជា​បញ្ញាវន្ត​ ជា​សាស្ត្រាចារ្យ​ និង​ក៏​មាន​ច្រើន​ដែរ​គណបក្ស​​ដែល​បង្កើត​ឡើង​ ​កសិករនៅភាគ​ខាង​ជើង​ និង​ខាង​ត្បូង​ប្រទេស​ ព្រមទាំង​គណបក្ស​ថ្មី​មួយ​ទៀត បង្កើត​ឡើង​ដោយ​តារា​យូថូប​ផង​។

ជាង​២០​ឆ្នាំ​ចុងក្រោយ​នេះ ជីវិត​នយោបាយ​ថៃត្រូវ​បាន​គ្រប​ដណ្តប់​​ដោយ​បក្ស​ភឿថៃ ដែល​តែង​តែ​ឈ្នះ​រាល់​ការ​បោះឆ្នោត តាំង​ពី​ឆ្នាំ​២០០១មក។ ដោយ​សារ​ការ​និរទេស​ខ្លួន​របស់​មេដឹកនាំ​ត្រកូល​ស៊ីណាវ៉ាត់ បក្ស​ភឿ​ថៃ​បាន​ចុះ​ខ្សោយ ប៉ុន្តែ​មេដឹកនាំ​យោធា​ថៃ នៅ​តែ​ព្រួយ​បារម្ភ​ខ្លាច​បក្ស​នេះ​វិល​មក​កាន់​អំណាច​វិញ​ដដែល។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​បើ​តាម​អ្នក​វិភាគ របប​សឹក​មិនបាន​រូត​រះ​រៀ​បចំ​បោះឆ្នោត និង​បាន​ប្រើ​ពេល​រៀប​ជើង​ព្រួល កែប្រែ​រដ្ឋធម្មនុញ្ញ ការពារ​អំណាច​យោធា​របស់​ខ្លួន​រួច​ជា​ស្រេចសិន មុន​នឹង​រៀប​ចំបោះឆ្នោត (ដោយ​ពួក​គេ​ជា​អ្នក​តែង​តាំង​សមាជិក​ព្រឹទ្ធ​សភា​ដែល​មាន​អំណាចទាំងស្រុង​លើ​សភា​)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ