អានតួអត្ថបទ

រដ្ឋាភិបាល​អូស្រ្តាលី​ រង​សម្ពាធ​កាន់តែ​ខ្លាំង​ រឿង​ជន​ភៀសខ្លួន​

សម្ពាធ​សាធារណៈជន​ នៅថ្ងៃអាទិត្យ​ទី២៨​ តុលា នេះ​ កំពុង​មានការ​កើនឡើងខ្លាំង​ ទៅលើ​រដ្ឋាភិបាល​អូស្រ្តាលី​ ដែលមាន​គោលនយោបាយ​តឹងតែងបំផុត​ ទាក់ទងនឹង​ជនភៀសខ្លួន​។ ជាក់ស្តែង​ ពលរដ្ឋ​អូស្ត្រាលី ​មិនពេញចិត្តជាខ្លាំង​ ការណ៍​ដែល​រដ្ឋាភិបាល​អូស្ត្រាលី​ លើកឡើង​ពីការ​ភ័យខ្លាច​ថា​ ការទទួលយក​ជនភៀសខ្លួន​ក្នុងរូបភាព​ណាមួយ​ វា​គឺជា​ការជំរុញ​ទឹកចិត្ត​ឲ្យមាន​ការភៀសខ្លួន​កាន់តែច្រើន​ឡើងទៀត​។

លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កត់ ម៉ូរីសុន
លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កត់ ម៉ូរីសុន AAP/Chris Pavlich/via REUTERS
ផ្សាយពាណិជ្ជកម្ម

ក្រោម​គោលនយោបាយ​យ៉ាងតឹងរឹង​មួយ​ ប្រទេសអូស្ត្រាលី​មិនងាយនឹង​ផ្តល់​សិទ្ធិ​ជ្រកកោន​ដល់​ជនភៀសខ្លួន​ឡើយ​។ មិនតែប៉ុណ្ណោះ​រដ្ឋាភិបាលអូស្ត្រាលី​ កាលពី​ពាក់កណ្តាល​ឆ្នាំ២០១៣​ ថែមទាំង​បានបញ្ជូន​ក្រុម​ជនភៀសខ្លួន​ទៅ​ជំរុំ​ Nauru នៅឯ​តំបន់​ប៉ាស៊ីហ្វិក​ ដើម្បី​រារាំង​ពួកគេ​មិនឱ្យបោះ​ទីលំនៅ​ នៅ​ប្រទេសអូស្ត្រាលី​បាន​ទៀតផង​។

ក៏ប៉ុន្តែ​ ការរិះគន់​ទាំងក្នុង​និងក្រៅប្រទេស​ បាន​កើនឡើង​ទៅលើ​រដ្ឋបាល​អូស្ត្រាលី​ នៅពេល​ដែល​រដ្ឋាភិបាល​ទីក្រុង​កង់បេរ៉ា​ និយាយថា​ គោលនយោបាយ​របស់ខ្លួន​ ធ្វើឡើង​គឺដើម្បី​រារាំង​កុំឲ្យមាន​អ្នកស្វែង​រកសិទ្ធិជ្រកកោន​ ធ្វើដំណើរ​មកអូស្ត្រាលី​ ដោយការ​ជិះទូក​តាមសមុទ្រ​បន្តកើនឡើ​ទៀត​។ ជាពិសេស​ មជ្ឈដ្ឋានជាតិ​-អន្តរជាតិ​ កាន់តែ​មាន​ប្រតិកម្មខ្លាំងឡើងៗ​ នៅពេល​ដែល​មាន​របាយការណ៍​អំពី​ការ​រំលោភបំពាន​ ការធ្វើអត្តឃាត​ បាន​កើតឡើង​នៅទីជរុំ​ Nauruជាទី​ដែល​ជនភាគច្រើន​កំពុងស្នាក់នៅ​។

ហើយ​ក៏ដោយសារតែ​ហេតុផល​ខាងលើនេះ​ដែរ​ ទើប​ប្រជាជនអូស្ត្រាលី​រាប់ពាន់​នាក់​ កាលពី​ថ្ងៃសៅរ៍​ទី​២៧​ តុលា​ បានមក​ប្រមូលផ្ដុំគ្នា​នៅទីក្រុង​ស៊ីដនី​ និង​មែលប៊ន ​ក្នុង​បំណង​ ប្រឆាំងនឹង​គោនយោបាយ​ជនភៀសខ្លួន​ របស់​រដ្ឋាភិបាល​អូស្ត្រាលីផង​។

គួរ​កត់​សម្គាល់ថា​ មុនពេល​មានការ​បោះឆ្នោត​សភា​ដ៏សំខាន់​មួយ​នៅទីក្រុងស៊ីដនី​ នាខែ​តុលានេះ​ លោក​នាយករដ្ឋមន្ត្រី​ ស្កត់​ ម៉ូរីសុន​ ហាក់​ដូចជា​មានឆន្ទៈ​ក្នុងការ​អនុញ្ញាត​ឱ្យ​ជនភៀសខ្លួន​មួយចំនួន​ ធ្វើដំណើរ​ទៅកាន់​ប្រទេ​សនូវែលសេឡង់​ ដែលមាន​និន្នាការ​ទទួលយក​ជនភៀសខ្លួន​ពី​អូស្ត្រាលី​។ ក៏ប៉ុន្តែ​ ដោយ​ក្រោយមក​ គណបក្ស​កាន់​អំណាច​របស់លោក​ក៏បានផ្តើម​បាត់បង់​ប្រជាប្រិញភាព​ ទើប​លោក​ ម៉ូរីសុន​ លែងចង់​បញ្ជូន​ជន​ភៀសខ្លួន​ ទៅ​នូវែលសេឡង់​ ហើយថា​ការធ្វើ​បែបនេះ​ គឺជាការ​ជំរុញ​ទឹកចិត្ត​ឲ្យមាន​ការភៀសខ្លួន​បន្ថែម​ទៀត​។

សូមជ្រាប​ផងដែរថា​ បើយោងតាម​រដ្ឋមន្ត្រីក្រសួង​អន្តោប្រវេសន៍អូស្ត្រាលី​ រហូត​មកដល់​ពេលនេះ​ មាន​អ្នក​ស្វែងរកសិទ្ធិជ្រកកោន​និងជនភៀសខ្លួន​ចំនួន​ ៦៣៥​ នាក់​ ដែលស្នាក់​នៅលើ​កោះ​ Nauruដែល​រាប់បញ្ចូល​ទាំងកុមារ​ចំនួន​ ៥២​ នាក់ផង​។ ហើយ​បើគិត​ត្រឹម​ថ្ងៃទី​ ៣១​ ខែកក្កដា​ ឆ្នាំ​២០១៨​ អ្នក​ស្វែងរក​សិទិ្ធជ្រកកោន​ចំនួន​ ១៨៩ ​នាក់​ត្រូវ​បាន​ឃុំខ្លួន​នៅក្នុង​មណ្ឌលឃុំឃាំង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ