អានតួអត្ថបទ
អូស្រ្តាលី-ចិន

ចិនពន្យល់ថា ការ​ចាប់ឃុំ​ជនជាតិ​អូស្រ្តាលី​ម្នាក់​ដើមកំណើត​ចិន គឺ​ដើម្បី​សន្តិសុខជាតិ

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៤ មករា ប្រទេស​អូស្រ្តាលី​បាន​ទាមទារ​ឲ្យ​ចិន​ពន្យល់​ក្បោះក្បាយ​ពី​ការ​ឃុំ​ខ្លួន​អ្នកនិពន្ធ​ជនជាតិ​អូស្រ្តាលី​ម្នាក់​ដើមកំណើត​ចិន​លោក​យ៉ាង ហឹងជ្វីង (Yang Hengjun)។ ទន្ទឹម​គ្នា​នេះ អូស្រា្តលី​ក៏​បាន​ស្នើ​ឲ្យ​ចិន​យក​ចិត្ត​ទុក​ដាក់ និង​ថែទាំ​​ត្រឹមត្រូវ​ចំពោះ​លោក យ៉ាង ហឹងជ្វីង​ដែរ។ ក្រុម​មនុស្សជំនិត​របស់​អ្នកនិពន្ធ​ជនជាតិ​អូស្រ្តាលី​ដើមកំណើត​ចិន​រូប​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​យ៉ាង ហឹងជ្វីង​បាន​បាត់​ខ្លួន​តាំង​ពី​លោក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​កង់តុង​កាល​ពី​សប្តាហ៍​មុន។ ចំណែក​មិត្តភក្តិ​ម្នាក់​របស់​លោក​ជ្វីង​បាន​គិត​ថា លោក​ជ្វីង​ត្រូវ​បាន​រដ្ឋអំណាច​ចិន​ចាប់​ខ្លួន​ពី​បទ​ធ្វើ​ចារកិច្ច។

អ្នកនិពន្ធ​ជនជាតិ​អូស្រ្តាលី​ម្នាក់​ដើមកំណើតចិន​លោកយ៉ាង ហឹងជ្វីង (Yang Hengjun)
អ្នកនិពន្ធ​ជនជាតិ​អូស្រ្តាលី​ម្នាក់​ដើមកំណើតចិន​លោកយ៉ាង ហឹងជ្វីង (Yang Hengjun) social media image obtained by REUTERS


ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​នៅ​ស្ងៀម​អស់​ជា​ច្រើន​ថ្ងៃ​មក រដ្ឋាភិបាល​ចិន​បាន​ត្រឹម​បញ្ជាក់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៤ មករា​ថា ការ​ឃុំខ្លួន​លោក​យ៉ាងហឹង ជ្វីង​គឺ​ដើម្បី​សន្តិសុខជាតិ។ ចំណែក​លោកស្រី​ប្រមុខ​ការទូត​អូស្រ្តាលី​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា ក្រុម​អ្នកតំណាង​ស្ថានទូត​អូស្រ្តាលី​ប្រចាំ​ក្នុង​ប្រទេស​ចិន​បាន​ជួប​រដ្ឋអំណាច​ចិន​នា​ថ្ងៃ​ព្រហស្បតិ៍ ទី២៤ មករា​ដើម្បី​សុំ​ការ​ពន្យល់​បំភ្លឺ​លើ​រឿងរ៉ាវ​ឃុំខ្លួន​លោក​យ៉ាងហឹង ជ្វីង។ គួរ​រម្លឹក​ថា​មាន​អាយុ ៥៣ឆ្នាំ លោក​យ៉ាងហឹង ជ្វីង​ធ្លាប់​បម្រើការ​នៅ​ក្នុង​ក្រសួង​ការបរទេស​ចិន មុន​នឹង​ចាកចេញ​ទៅ​ទឹកដី​ហុងកុង​ក្នុង​ឆ្នាំ ១៩៩២ រួច​បន្ត​ដំណើរ​ទៅ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ ១៩៩៧។ លោក​បាន​ទទួល​សញ្ជាតិ​អូស្ត្រាលី​ក្នុង​ឆ្នាំ ២០០០ ហើយ​សព្វថ្ងៃ​ប្រកប​មុខ​របរ​ជា​អ្នក​ស្រាវជ្រាវ​នៅ​ក្នុង​សាកលវិទ្យាល័យ Colombia ក្រុង​ញូយ៉ក។

អ្នកនិពន្ធ​ជនជាតិ​អូស្រ្តាលី​ដើមកំណើត​ចិន​រូប​នេះ​បាន​សរសេរ​សៀវភៅ​រឿង​ចារកម្ម​ជា​ច្រើន​ក្បាល និង​មិន​ញញើត​វាយប្រហារ​រិះគន់​ប្រឆាំង​រដ្ឋាភិបាល​ចិន​ទេ។ មូលហេតុ​ដែល​ចិន​បាន​លើកឡើង​ពី​ការ​ឃុំខ្លួន​លោក​យ៉ាង ហឹងជ្វីង​ពេល​នេះ គឺ​ដូច​គ្នា​នឹង​ការ​ឃុំខ្លួន​ជនជាតិ​កាណាដា​ពីរ​នាក់​ដែរ។ ទោះ​ជា​ក្រោម​មូលហេតុ​អ្វី​ក៏​ដោយ ការ​ឃុំ​ខ្លួន​លោក​យ៉ាងហឹង ជ្វីង​នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​អូស្រ្តាលី និង​ចិន​ដែល​តានតឹង​ស្រាប់​នា​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​ទៅ​រឹតតែ​ធ្លាក់​ដុនដាប​មួយ​កម្រិត​ទៀត។ ក្នុង​ខែ​សីហា ឆ្នាំ ២០១៨ អូស្រា្តលី​បាន​ដក​ក្រុមហ៊ុន​ចិន Huawei មិន​ឲ្យ​ពង្រាយ​ខ្សែកាប​សម្រាប់​ប្រព័ន្ធ​ទូរស័ព្ទ ៥G ក្នុង​ប្រទេស​អូស្រ្តាលី។ ទន្ទឹម​គ្នា​នេះ ប្រទេស​ទាំង​ពីរ​បន្ត​ប្រជែង​កម្លាំង​គ្នា​ដើម្បី​ក្នុង​តំបន់​ប៉ាស៊ីហ្វិក។

នៅ​ក្នុង​ប្រទេស​អូស្រា្តលី មាន​ប្រតិកម្ម​ជា​ច្រើន​បាន​បរិហារ​ចិន​ពី​ការ​ចាប់​ឃុំ​ខ្លួន​លោក​យ៉ាងហឹង ជ្វីង។ ប្រមុខ​បក្សប្រឆាំង​លោក Bill Shorten បាន​ថ្លែង​ថា ទោះ​បី​លោក​ជ្វីង​មាន​ដើមកំណើត​ចិន តែ​សព្វថ្ងៃ​លោក​មាន​សញ្ជាតិ​ជា​អូស្រ្តាលី ដូច្នេះ​គឺ​ជនជាតិ​អូស្រា្តលី​ដែល​ចិន​កំពុង​ឃុំ​ខ្លួន។ ប្រតិកម្ម​ស្រដៀង​គ្នា​នេះ អតីត​នាយករដ្ឋមន្រ្តី​អូស្រ្តាលី​លោក Kevin Rudd បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អូស្រ្តាលី​ការពារ​លោក​យ៉ាងហឹង ជ្វីង​ដូច​ប្រជាជន​អូស្រ្តាលី​ទូទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ