អានតួអត្ថបទ
បង់ក្លាដែស

តុលាការ​បង់ក្លាដែស​ចេញដីកា​ចាប់ខ្លួនមេគណបក្សប្រឆាំង​

តុលាការ​បង់ក្លាដែស នៅថ្ងៃពុធនេះ បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោកស្រី ខាលីដា ហ្ស៊ីយ៉ា (Khaleda Zia) មេ​​គណ​បក្ស​​ប្រឆាំង​ដ៏​សំខាន់​នៅក្នុងប្រទេស ​ពីបទបាន​​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​​ក្នុង​ពេល​ដែល​លោកស្រី​កាន់​អំណាច​នៅ​ក្នុង​ប្រទេស។ ការសម្រេចចិត្ត​របស់​តុលាការ​នេះ អាចនឹង​ជំរុញឲ្យ​ស្ថានភាព​នយោបាយ​នៅ​ក្នុង​​​​ប្រទេស​​​​ដែល​កំពុងតែ​​​​វឹកវរ​ស្រាប់​ហើយ​នោះ កាន់តែ​ធ្លាក់​ចុះ​ដុនដាប​ថែមទៀត​។ 

លោកស្រី Khaleda Zia, ប្រធានគណបក្សប្រឆាំងបង់ក្លាដែស.
លោកស្រី Khaleda Zia, ប្រធានគណបក្សប្រឆាំងបង់ក្លាដែស.
ផ្សាយពាណិជ្ជកម្ម

លោកស្រី ខាលីដា ហ្ស៊ីយ៉ា ប្រធាន​គណបក្សជាតិនិយម (BNP)​ដែលជា​បក្ស​ប្រឆាំង​ដ៏​សំខាន់​នៅបង់ក្លាដែស ជាច្រើន​លើក​មក​ហើយ​​ មិនព្រម​​ចូលខ្លួន​​​តាមការកោះហៅរបស់​​តុលាការ ​ដើម្បី​ឆ្លើយ​បំភ្លឺ​នៅ​ជុំវិញ​​​​​សំណុំរឿង​ពុករលួយ​នោះទេ។ មូលហេតុនេះហើយ​បាន​ជា​​តុលាកា​​រ ​ចេញដីកា​ចា​ប់ខ្លួន​មេបក្សប្រឆាំង-នេះបើតាមការ​ជូនដំណឹង​របស់​មេធាវី​របស់​លោកស្រី​ខាលីដា ហ្ស៊ីយ៉ា។

 
មេធាវី​របស់លោកស្រីហ្ស៊ីយ៉ា បាននិយាយសង្កត់ថា “នៅ​ក្នុងប្រទេស​នេះ ពុំមានទេយុត្តិធម៌” ពី​ព្រោះ​ដីកាចាប់ខ្លួននេះ ត្រូវបានសម្រេច​ឡើងដោយតុលាការ​ពិសេស​មួយ​ទទួល​បន្ទុក​​សំណុំរឿង​​ពុករលួយ  ​ថ្វីបើកូនក្តីរបស់គាត់​ កំពុងតែស្ថិត​នៅក្រោមការ​​ឃុំឃាំង​របស់​​អាជ្ញាធរ​​​​​តាំ​ងពីដើមខែមករាក្តី ។

ក្នុង​អាយុ​៦៩ឆ្នាំ លោកស្រី ហ្ស៊ីយ៉ា បានរងការចោទប្រកាន់​ពីបទ​លួច​បន្លំ​យក​លុយ​ប្រមាណ​ជា​៥៨ម៉ឺនអឺរ៉ូ នៅ​ក្នុងសំណុំរឿងពីរផ្សេងគ្នា​។ ការលួចបន្លំយកលុយនៅ​ខណៈ​ពេល​​ដែល​លោកស្រីហ្សីយ៉ា នៅ​កាន់​​តំណែង​​ជា​នាយក​រដ្ឋមន្ត្រីបង់ក្លាដែសពី​ឆ្នាំ​ ២០០១​ដល់​ ២០០៦។ ប្រឈម​នឹង​ការចោទប្រកាន់​នេះ ​លោក​ស្រីហ្ស៊ីយ៉ា អាច​នឹង​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។​

គួររំលឹកថា​មេ​គណបក្ស​ប្រឆាំង​បង់ក្លាដែស​នេះ ត្រូវ​បាន​អាជ្ញាធរ ចាប់​ដាក់ឃុំ​ឃាំង​នៅ​ក្នុង​ការិយាល័យ​របស់​គាត់​តាំងពី​ថ្ងៃ​ទី​៣​មករា​មក​ម៉្លេះ។ នៅ​ថ្ងៃ​នោះ​ហើយ ដែល​មេ​បក្ស​ប្រឆាំង​​នេះ បាន​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​ខ្លួន​រៀបចំ​ធ្វើ​បាតុកម្ម​ដើម្បី​បិទ​ខ្ទប់​ការ​ធ្វើ​ដំណើរ​ចរាចរណ៍​​នៅ​​ទូទាំង​ប្រទេស​ក្នុង​គោលដៅ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​ស្រី​នាយក​រដ្ឋមន្ត្រី Sheikh Hasina ដែល​ជា​គូប្រជែង​របស់​លោកស្រី​ខាលីដាហ្ស៊ីយ៉ា។​​

គួររំលឹកថា ការ​ជាប់​ឆ្នោត​ជា​ថ្មីរ​បស់​លោកស្រី​នាយករដ្ឋមន្ត្រី​Sheikh Hasina កាលពី​ថ្ងៃ​ទី​៥​មករា​ឆ្នាំ​២០១៤​នោះ ត្រូវ​បាន​លោកស្រី ហ្ស៊ីយ៉ា វាយ​តម្លៃ​ថា​ជា​រឿងកំប្លែង។ ហើយ​ការ​បោះឆ្នោត​ជំនាន់​នោះ​ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អំពើ​ហិង្សា​​ ជាហេតុ​បណ្តាល​ឲ្យ​មាន​មនុស្ស​ជាង​១០០​នាក់ បាត់បង់​ជីវិត​​។ មិនតែប៉ុណ្ណោះ អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ជាង​១​ម៉ឺន​នាក់ ត្រូវ​បាន​​អាជ្ញាធរ​​ចាប់​ខ្លួន​រួម​ទាំង​អ្នកដឹកនាំ​គណបក្ស​ជាតិ​និយម​(BNP) ជា​ច្រើន​រូប​ផង​ដែរ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ