អានតួអត្ថបទ
ចិន

ចិន​បោសសម្អាត​សកម្មជន​ការពារ​សិទ្ធិ​កម្មករ នៅ​មុន​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ

អាជ្ញាធរ​ចិន​មិន​ស្វាគម​សហជីព​ការពារ​សិទ្ធិ​កម្មករ។ តាម​ អង្គការ​ការពារ​សិទ្ធិមនុស្ស និង​កាសែត​ក្នុង​ស្រុក​ចិន ដែល​ចុះផ្សាយ​នៅថ្ងៃ​អាទិត្យ​នេះ យ៉ាងហោច សកម្មជន​ការពារ​សិទ្ធិ​កម្មករ ចំនួន​៣​នាក់​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំខ្លួន ក្នុង​បទ​បង្ក​អសណ្តាប់ធ្នាប់​សាធារណៈ។ បទ​ចោទប្រកាន់​ដែល​អាជ្ញាធរ​ចិន​តែងតែ​ប្រើ​ដើម្បី​បង្ក្រាប​សកម្មជន​ឯករាជ្យ ដែល​ប្រឆាំង​រដ្ឋអំណាច​ចិន។ 

កម្មករ​ចិន​ធ្វើការ​នៅ​រោងចក្រ​ប្រមូល​ធ្យូងថ្ម នៅ​ភាគខាងកើត​ប្រទេស​ចិន
កម្មករ​ចិន​ធ្វើការ​នៅ​រោងចក្រ​ប្រមូល​ធ្យូងថ្ម នៅ​ភាគខាងកើត​ប្រទេស​ចិន REUTERS
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​ចិន នៅ​ខេត្ត​ក្វាងទុង បាន​បើក​ប្រតិបត្តិការ​បង្រ្កាប សកម្មជន​ការពារ​សិទ្ធិ​មនុស្ស ក្នុង​ទ្រង់ទ្រាយ​ធំ ដែល​មិន​ធ្លាប់​មាន​ពីមុន មក។ នៅ​ថ្ងៃ​អាទិត្យ អង្គការ​ការពារ​សិទ្ធិមនុស្ស និង​បណ្តាញ​សង្គម ក្នុង​ប្រទេស​ចិន​បាន​បរិហារ​ការចាប់​ឃុំ​ខ្លួន​លោក​ហ្សេង ហ្វៃយ៉ាង ប្រធាន​សមាគម​ដើម្បី​ការពារ​សិទ្ធិ​ពលករ​អន្តោប្រវេសន៍។ តាមបណ្តាញ​ការពារ​សិទ្ធិមនុស្ស ចិន វៃគ័រវ៉ាង លោក​ហ្សេង ហ្វៃយ៉ាង ហើយ​និង​សកម្មជន​ជាស្រ្តី​ម្នាក់​ទៀត ត្រូវ​បាន​អាជ្ញាធរ​ចិន ចោទប្រកាន់​ថា បាន​ប្រមូលផ្តុំ​មនុស្ស​ដោយ​ខុសច្បាប់ និង​រំខាន​ដល់​សណ្តាប់ធ្នាប់​សង្គម។ បទចោទ​ប្រកាន់​ដែល​រដ្ឋអំណាច​ចិន​លើក​យក​មក​ប្រើ​ដើម្បី​ប្រឆាំង​នឹង​ក្រុម​បាតុករ ដែល​រិះគន់​របបគ្រប់គ្រង​របស់​បក្ស​កុម្មុយនិស្ត​ចិន។

 
នៅ​ខេត្ត​ក្វាងទុង លោក​ហ្សេង និង​បណ្តាញ​របស់ខ្លួន បាន​ធ្វើការងារ​យ៉ាង​សកម្ម ដើម្បី​ជួយ​ទាមទារ​ឲ្យ​កម្មករ​អាច​ទទួល​បាន​ប្រាក់ខែសមរម្យ និង​ប្រាក់​លើក​ទឹកចិត្ត​ដែល​ថៅកែ​រោងចក្រ​កិកកុក មិន​ចង់​បើក​ឲ្យ។ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់ខ្លួន បណ្តាញ​ការពារ​សិទ្ធិ​មនុស្ស​ចិន បាន​បង្ហាញ​ផងដែរ ពី​ការចាប់ខ្លួន សកម្មជន​ម្នាក់​ទៀត គឺ​លោក​ហេ ស៊ាវបូ អ្នកទទួលខុសត្រូវ​សមាគម​ជួយ​កម្មករ​ដែល​រងរបួស ក្នុង​ពេល​ធ្វើការ។ តាម​ទស្សនាវដ្តី​ក្នុង​ស្រុក លោក​ហេ ស៊ាវបូ ត្រូវ​បាន​អាជ្ញាធរ​ចិន​ក្នុង​ខេត្ត​ក្វាងទុង​ចាប់ខ្លួន នៅក្នុង​បទ​លួចលុយ នៅក្នុង​ពេល​កាន់តំណែង។

វា​មិនមែន​ចៃដន្យ​ទេ ដែល​អាជ្ញាធរ​បើក​ការបង្រ្កាប​សកម្មជន​ការពារ​សិទ្ធិ​កម្មករ​នៅ​ខេត្ត​ក្វាងទុង។ ខេត្ត​ក្វាងទុង ជា​ជង្រុក​រោងចក្រ​កាត់ដេរ និង​រោងចក្រ​ផលិត​ទូរស័ព្ទ ដែល​ប្រើ​កម្មករ​ចិន រាប់លាន​នាក់។ ដោយ​ខ្លាច​មាន​ការងើប​រើបំរះ តវ៉ា​ពី​កម្មករ រាប់រយ​លាន​នាក់​នៅ​ប្រទេស​ចិន បក្ស​កុម្មុយនិស្ត​បាន​ហាម​ដាច់ខាត មិន​ឲ្យ​សហជីព​ឯករាជ្យ។ នៅ​ប្រទេស​ចិន មាន​តែ​សហជីព​រដ្ឋ​តែមួយ​ប៉ុណ្ណោះ ដែល​ធ្វើការ​ដើម្បី​កម្មករ។ សហជីព​នេះ​ស្ថិតនៅក្រោម​ការគ្រប់គ្រង និង​ត្រួតពិនិត្យ​យ៉ាងតឹងរ៉ឹង​បំផុត ​ពី​អាជ្ញាធរ។ តាម​សកម្មជន​ការពារ​សិទ្ធិមនុស្ស សហជីព​រដ្ឋ​មិនដែល​ជួយ​រក​យុត្តិធម៌​ដល់​កម្មករ​ទេ ផ្ទុយទៅវិញ គឺ​មាន​និន្នាការ និង​សម្រេច​ផ្តល់​ប្រយោជន៍​ទៅ​ឲ្យ​ថៅកែ​រោងចក្រ។

សម្រាប់​China Labour Bulletin ដែល​ជាអង្គការ​មាន​មូលដ្ឋាន​នៅទីក្រុង​ហុងកុង វិធានការ​របស់​អាជ្ញាធរ​ចិន កំពុង​ធ្វើ​ឲ្យ​គេ​ព្រួយបារម្ភ​ព្រោះ វា​បាន​ធ្វើឡើង​នៅក្នុង​បរិបទ​មួយ ដែល​សង្គម​ចិន​កំពុង​ស្គាល់​ភាពតានតឹង ដោយសារ​តែ​ការដើរ​យឺតៗ​នៃ​សេដ្ឋកិច្ច​ចិន។ “ការចាប់​សកម្មជន​ការពារ​សិទ្ធិ​កម្មករ​នៅពេលនេះ មិនមែន​ជា​ដំណោះស្រាយ​នោះទេ។ គឺ​វា​មាន​តែ​ធ្វើ​ឲ្យ​ស្ថានភាព​ធ្លាក់ធ្ងន់ធ្ងរ ធ្វើ​ឲ្យ​កម្មករ​មិន​សប្បាយចិត្ត កាន់តែ​ខ្លាំង​តែ​ប៉ុណ្ណោះ” នេះ​ជា​ការលើកឡើង​របស់​លោក​Geoffrey Crothall អ្នកនាំពាក្យ​របស់​អង្គការ​ China Labour Bulletin៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ