អានតួអត្ថបទ
ចិន

ចិន​ត្រៀម​បើក​សវនាការ​កាត់ទោស​មន្រ្តីជាន់ខ្ពស់​របស់​បក្ស​ម្នាក់​ទៀត​ ពី​រឿង​ពុករលួយ

លោក ចូវ យ៉ុងកាង អតីត​មេដឹកនាំ​ប៉ូលិស​ចិន ត្រូវ​តុលាការ​ចិន​ប្រកាស​ជា​ផ្លូវការ​ចោទ​ប្រកាន់​ក្នុង​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ។ បទចោទប្រកាន់​ ដែល​ចេញផ្សាយ​ជា​សាធារណៈ នៅថ្ងៃ​សុក្រ ទី ៣ មេសា នឹង​បើក​ផ្លូវ​ឲ្យ​មាន​សវនាការ​ជំនុំជម្រះ មន្រ្តី​ជាន់ខ្ពស់​របស់​បក្ស​កុម្មុយនិស្ត ចិន រូបនេះ នៅ​ថ្ងៃ​ខាងមុខ។ 

លោក Zhou Yongkang កាល​ពេល​នៅ​កាន់​អំណាច​ជាមេ​ដឹកនាំ​សន្តិសុខ​ចិន
លោក Zhou Yongkang កាល​ពេល​នៅ​កាន់​អំណាច​ជាមេ​ដឹកនាំ​សន្តិសុខ​ចិន © Reuters
ផ្សាយពាណិជ្ជកម្ម

លោក​ចូវ យ៉ុងកាង ធ្លាប់​ជា​មនុស្ស​មាន​ឥទ្ធិពល​ម្នាក់​របស់​បក្ស​កុម្មុយនិស្ត​ចិន។ លោក​ធ្លាប់​ដឹកនាំ​គណៈកម្មការ​កិច្ចការ​នយោបាយ និង​យុត្តិធម៌ របស់​បក្ស ដែល​មានអំណាច​ដឹកនាំ​ប៉ូលិស​ជាតិ​ចិន។ ប៉ុន្តែ អតីត​មេប៉ូលិស​ចិន​ត្រូវ​ដើរចេញ​ពី​មុខតំណែង ដោយសារ​តែ​​គណបក្ស​កុម្មុយនិស្ត​ត្រូវ​រុះរើ ជាថ្មី នៅក្រោយ​ការតែងតាំង​លោក​ស៊ី ជីនពីង ជា​ប្រធានាធិបតី​ចិន នៅ​ឆ្នាំ ២០១២។

 
គឺ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង​ដែល​បាន​ចេញ​បញ្ជា​ឲ្យ​មាន​ការបើកស៊ើប​អង្កេត​រឿង​ពុករលួយ ប្រឆាំង​នឹង​អតីត​មេប៉ូលិស​ជាតិ លោក ចូវ យ៉ុងកាង នៅ​ឆ្នាំ ២០១៣។ តាំង​ពីខែ​សីហា ឆ្នាំ ២០១៣ លោក​អតីត​ចៅហ្វាយក្រុង ស៊ីឈាន់ ត្រូវ​បានចាប់​ដាក់​ឃុំ នៅកន្លែង​សម្ងាត់ លែង​ចេញមុខ​ជា​សាធារណៈ។

មួយឆ្នាំ​កន្លះ ក្រោយ​ការស៊ើបអង្កេត ទើប​ចៅក្រម​សម្រេច​ចោទប្រកាន់​លោក​ ចូវ យ៉ុងកាង ជា​ផ្លូវការ។ ក្នុង​លិខិត​ចេញ​ផ្សាយ ជា​សាធារណៈ កាលពីថ្ងៃ​សុក្រ លោក ចូវ យ៉ុងកាង ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ រំលោភ​អំណាច និង​មាន​ចេតនា បញ្ចេញ​ការណ៍​សម្ងាត់​របស់​ជាតិ។ ការរំលោភ​អំណាច​របស់​លោក​ ចូវ យ៉ុងកាង អតីត​មេប៉ូលិស​ជាតិ​ចិន​បាន​ធ្វើ​ឲ្យ​ប្រយោជន៍ របស់​រដ្ឋ និង​ប្រជាជន​ចិន ខាតបង់​យ៉ាងច្រើន។ នេះ​បើតាម​លិខិត​ចោទប្រកាន់​លើ​លោក​ ចូវ យ៉ុងកាង។

នៅក្នុង​ពេល​កាន់តំណែង ជា​មេប៉ូលិស ជាតិ លោក​ចូវ យ៉ុងកាង ធ្លាប់​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​នឹង​មេដឹកនាំ​សហគ្រាស​ប្រេងឥន្ធនៈ​រដ្ឋ​ចិន។ តាំងពី​មុន​ពេល​លោក​ ចូវ យ៉ុងកាង ត្រូវ​ចោទប្រកាន់​ជា​ផ្លូវការ​ម្ល៉េះ មន្រ្តីដែល ធ្លាប់​ធ្វើការ ក្រោមបន្ទុក​របស់លោក ក៏ដូច មេដឹកនាំ​ក្រុមហ៊ុន​ប្រេង ជាតិ​ចិន ជាច្រើន រូប ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិតនៅ​ក្រោម​ការស៊ើបអង្កេត ក៏​ដូចជា​ចោទប្រកាន់ តាម​ផ្លូវ​តុលាការ ពី​បទប្រព្រឹត្ត​អំពើពុករលួយ​នេះដែរ។

សវនាការ​ជំនុំជម្រះ​លោក​ចូវ យ៉ុងកាង នឹង​បើកធ្វើ ជាសាធារណៈ នៅ​ទីក្រុង​ធានជីង។ នេះ​ជាលើក​ទីមួយ ក្នុង​រយៈពេល ៤០​ឆ្នាំ​ចុងក្រោយនេះ ដែល​សមាជិក​ជាន់ខ្ពស់ ដ៏​មាន​ឥទ្ធិពល​ម្នាក់ របស់​បក្ស​កុម្មុយនិស្ត ត្រូវ​ឈរ​នៅមុខ​រង្វង់​ក្រចក​សេះ។ សូម្បី លោក​ប៉ូ ស៊ីឡៃ អតីត មន្រ្តី​បក្ស​កុម្មុយនិស្ត និង​ជា​អតីត​ចៅហ្វាយក្រុង ឆុងឈីង ដែល​ត្រូវ​បាន​តុលាការ​កាត់ទោស ឲ្យ​ជាប់គុក អស់មួយជីវិត កាលពី​ឆ្នាំ ២០១៣ ដោយសារ​រឿង​ពុករលួយនេះ ដែរ ក៏​នៅ​មិនទាន់​មាន​ឋានៈ និង​ឥទ្ធិពល​ស្មើ​នឹង​លោក​ ចូវ យ៉ុងកាង នេះដែរ។

លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង​ដែល​មាន​មហិច្ឆតា លុបបំបាត់​អំពើ​ពុករលួយ បាន​ចាត់​វិធានការ រុយ និង​ខ្លា ពោល​គឺ​ចាប់​បង្រ្កាប ​មិនថា មន្រ្តីតូចតាច ឬ​សមាជិក​ជាន់ខ្ពស់​របស់​បក្ស​កុម្មុយនិស្ត។ ប្រជាជន​ចិន ជាច្រើន បាន​ស្វាគម​ចំណាត់ការ​របស់​ប្រមុខដឹកនាំ​ចិន។ ប៉ុន្តែ អ្នកវិភាគខ្លះ​បារម្ភ​ថា លោក​ស៊ី ជីនពីង កំពុង​កេង ប្រើ​នយោបាយ​ប្រឆាំង​អំពើពុករលួយ ដើម្បី​បោសសម្អាត ក្រុម​អ្នកមាន និង​អ្នកមាន​ឥទ្ធិពល​ក្នុង​បក្ស ដែល​អាច​ជា​សត្រូវ​ដ៏​គ្រោះថ្នាក់​សម្រាប់​ការកាន់អំណាច​របស់​លោក ទៅថ្ងៃ​មុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ