អានតួអត្ថបទ
ឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី៖ យន្តហោះ​Air Asia ហោះឡើង​ក្នុង​ល្បឿន​លឿន​ខុសពីធម្មតា

ដំណើរការ​ស៊ើបអង្កេត​រកមូលហេតុ​ធ្វើ​ឲ្យ​យន្តហោះ​ឥណ្ឌូណេស៊ី Air Asia ធ្លាក់​កាលពី​បី​សប្តាហ៍មុន កំពុង​ផ្តោត​សំខាន់​លើ​បញ្ហាបចេ្ចកទេស និង​កំហុស​របស់អ្នកបើកបរ។ កាលពី​ល្ងាច​ថ្ងៃ​អង្គារ នៅក្រោយ​ថ្លែង​ទៅកាន់​អង្គ​សភា ពី​ដំណើរការ​ស៊ើបអង្កេត រដ្ឋមន្រ្តី​ក្រសួង​ដឹកជញ្ជូន​ឥណ្ឌូណេស៊ី​បាន​និយាយ​ប្រាប់​អ្នកកាសែត ថា​យន្តហោះ​Air Asia ដែល​មាន​ដឹក​មនុស្ស​១៦២នាក់ បាន​ដោះ​ឡើង ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន ខុសពី​ធម្មតា មុន​នឹង​ធ្លាក់​ចុះ​មក​វិញ ទៅក្នុង​ទឹកសមុទ្រ។  

បំណែក​របស់​កន្ទុយរបស់យន្តហោះ​Air Asiaដែល​គេ​ទើប​ស្រង់​បាន​ចេញ​ពីក្នុង​ទឹក
បំណែក​របស់​កន្ទុយរបស់យន្តហោះ​Air Asiaដែល​គេ​ទើប​ស្រង់​បាន​ចេញ​ពីក្នុង​ទឹក REUTERS/Prasetyo Utomo/Pool
ផ្សាយពាណិជ្ជកម្ម

ជាមួយ​នឹង​ប្រអប់ខ្មៅ​ទាំងពីរ​ដែល​ស្រង់​បាន​ពីក្នុង​ទឹកសមុទ្រ អាជ្ញាធរ​ឥណ្ឌូណេស៊ី​កំពុង​​ផ្តល់​តម្រុយ​បន្តិចម្តងៗ​ពី​មូលហេតុ​ដែល​អាច​បណ្តាល​ឲ្យ​យន្តហោះ ឥណ្ឌូណេស៊ី Air Asia ធ្លាក់​ចូល​ទៅក្នុង​សមុទ្រ។

 
កាលពី​ថ្ងៃ​អង្គារ រដ្ឋមន្រ្តី​ក្រសួង​ដឹកជញ្ជូន​ឥណ្ឌូណេស៊ី បាន​និយាយថា យន្តហោះ​Air Asia បាន​ហោះ​ឡើង ក្នុង​ល្បឿន​មួយ​លឿន​ខ្លាំង ខុស​ពី​ធម្មតា។ តាម​លោក Ignasius Jonan ទិន្នន័យ​របស់​រ៉ាដា​បង្ហាញ​ថា នៅក្នុង​ប៉ុន្មាន​នាទី​ចុងក្រោយ ​មុន​នឹង​ធ្លាក់​ចូល​ទៅក្នុង​ទឹកសមុទ្រ យន្តហោះ​ Air Asia បាន​ហោះឡើងទៅលើ ក្នុងល្បឿន ២០០០​ម៉ែត្រ​ក្នុង​មួយនាទី។ លោក​ជឿថា សូម្បី​យន្តហោះ​ចម្បាំង​ក៏​កម្រ​នឹង​ប្រើ​ល្បឿន​ដ៏​លឿន​នេះ ដើម្បី​ហោះឡើង​ដែរ។

អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​ពន្លយ​ដឹង​រួចហើយ​ថា គេ​កំពុង​ផ្តោត ស៊ើបអង្កេត​ទៅលើ​កំហុស​ជា​យថាហេតុ​របស់​មនុស្ស ឬ​បញ្ហា​របស់​យន្តហោះ ដែល​ធ្វើ​ឲ្យ​យន្តហោះ​A 320ធ្លាក់ និង​សម្លាប់​អ្នកដំណើរ​ទាំងអស់ កាលពី​ថ្ងៃ​ទី ២៨​ធ្នូ​កន្លងទៅ។

កាលពី​ដើម​ខែ​មករា​នេះ ទីភ្នាក់ងារ​ឧតុនិយម​របស់​ឥណ្ឌូណេស៊ី​ធ្លាប់​បាន​លើក​ឡើងថា អាកាសធាតុ​ជា​កត្តា​ដែល​ជំរុញ​ឲ្យ​មាន​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ Air Asia ដែល​ចេញដំណើរ​ពី​ឥណ្ឌូណេស៊ី ទៅ​ប្រទេស​សិង្ហបុរី។ តាម​អាជ្ញាធរ​ឥណ្ឌូណេស៊ី អ្នកបើកបរ​យន្តហោះ Air Asia បាន​សុំ​សិទ្ធិ​បង្កើន​កំពស់​ហោះហើរ ដើម្បី​គេច​ពី​ដុំពពក និង​ព្យុះភ្លៀង ប៉ុន្តែ អ្នកបើកបរ​យន្តហោះ​មិនបាន​ទទួល​ចម្លើយ​ភ្លាមៗ​ពី​អ្នកត្រួតពិនិត្យ​ដែនអាកាស ដោយសារ​តែ​ផ្លូវហោះហើរ​ផ្សេងទៀត ត្រូវ​ជាប់​រវល់​ដោយ​ក្រុមហ៊ុន​ហោះហើរ​ផ្សេងទៀត។

សូម​បញ្ជាក់ដែរថា កាលពី៤​ឆ្នាំមុន (ឆ្នាំ ២០០៩) ក្នុង​ពេល​ជួប​ព្យុះភ្លៀង ដូចគ្នា យន្តហោះ​Air France បាន​ធ្លាក់​ចូល​ទៅ​ក្នុង​មហាសមុទ្រ​អាត្លង់ទិក ដោយសារ​តែ​បញ្ហា​ល្បឿន​នេះ​ដែរ។ ចំណុច​ខុសគ្នា​នៅត្រង់​ថា យន្តហោះ​ Air France ធ្លាក់​ចុះ​ក្នុង​ទឹកសមុទ្រ ដោយសារ​ហោះ​ឡើង ក្នុង​ល្បឿន​ទាប​ពេក ចំណែក​យន្តហោះ​ Air Asia ហោះឡើង ក្នុង​ល្បឿន​ខ្ពស់ ជាង​ការ​កំណត់​សម្រាប់​យន្តហោះ​ដឹកអ្នកដំណើរ។ ក្នុងករណី​របស់​Air France ឧបករណ៍​ស្ទង់ល្បឿន​របស់​យន្តហោះ បាន​ផ្តល់​ព័ត៌មាន​ខុស ទាក់ទង​នឹង​ល្បឿន​របស់​យន្តហោះ។ ប៉ុន្តែ ក្នុង​ករណី​របស់​ Air Asia តើ​អ្នកបើកបរ​យន្តហោះ​មាន​បាន​ដឹងថា តើ​ខ្លួន​កំពុង​ហោះឡើង ក្នុង​ល្បឿន លឿន ហួស​ការកំណត់​ដែរ​ឬទេ?

នៅ​សប្តាហ៍​ក្រោយនេះ អាជ្ញាធរ​ឥណ្ឌូណេស៊ី​ដែល​កំពុង​សិក្សា​លើ​ព័ត៌មាន​នៅក្នុង​ប្រអប់​ខ្មៅ​ទាំងពីរ​របស់យន្តហោះ Air Asia​នឹង​ចេញផ្សាយ​របាយការណ៍ ដែល​អាច​បង្ហាញ​ពី​មូលហេតុ​ធ្វើ​ឲ្យ​យន្តហោះ​ Air Asiaធ្លាក់​សមុទ្រ។ នៅ​ដើម​សប្តាហ៍នេះ អាជ្ញាធរ​បាន​ទាត់ចោល​ពាក្យព័ត៌មាន​ដែល​ថា ការធ្លាក់​យន្តហោះ Air Asia មានជាប់ទាក់ទង​នឹង​អំពើភេរវកម្ម។

ថ្លែង​នៅមុខ​អ្នកតំណាងរាស្រ្ត​សភា នៅថ្ងៃ​អង្គា រដ្ឋមន្រ្តី​ក្រសួង​ដឹកជញ្ជូន​ឥណ្ឌូណេស៊ី​បាន​លើក​ឡើង​ថា នៅក្រោយ​ធ្លាក់យន្តហោះ​ Air Asia រដ្ឋាភិបាល​បាន​ចេញ​វិធានការ​ថ្មី ដើម្បី​ត្រួតពិនិត្យ​លើ​អាជ្ញាប័ណ្ណ​ហោះហើរ និង​សន្តិសុខ​ហោះហើរ។ ការត្រួតពិនិត្យ​សុខភាព​របស់​អ្នកបើកបរ​យន្តហោះ និងអ្នកត្រួតពិនិត្យ​អាកាសចរណ៍​ក៏ត្រូវ​គេ​ពង្រឹង​ផងដែរ។ ម្យ៉ាងទៀត អាកាសចរណ៍​ស៊ីវិល​ឥណ្ឌូណេស៊ី​បាន​ហាមឃាត់​មិន​ឲ្យ​ក្រុមហ៊ុន​ Air Asia ​ហោះ​នៅ​ថ្ងៃ​អាទិត្យ នៅ​លើ​ផ្លូវ​ដែល​យន្តហោះ ​ Air Asiaបាន​ធ្លាក់ កន្លងមក ព្រោះតាម​ឥណ្ឌូណេស៊ី Air Asia​មិន​បាន​សុំ​ការអនុញ្ញាតិ​សម្រាប់​ហោះហើរ​លើ​ផ្លូវ​នេះ នៅថ្ងៃ​អាទិត្យទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ