អានតួអត្ថបទ
ចិន

ចិន៖ មាន​ស្លាប់ ១១នាក់​នៅក្នុង​ការ​វាយប្រហារ​លើ​ស្នងការដ្ឋាន​ប៉ូលិស​ក្នុង​តំបន់​ស៊ីងជំាង

នៅ​ថ្ងៃ​សៅរ៍ ទី១៦ វិច្ឆិកា​ម្សិលមិញ ជនមួយក្រុម​មាន​គ្នា ៩នាក់​ដែល​ប្រដាប់​ដោយ​ពូថៅ និង​កំាបិត​បាន​នំា​គ្នា​ចូល​វាយប្រហារ​លើ​ស្នងការដ្ឋាន​ប៉ូលិស​ក្នុង​តំបន់​ស្វ័យយ័ត​ស៊ីងជំាង។ ពួក​គេ​បាន​សម្លាប់​ប៉ូលិស ២នាក់ ធ្វើ​ឲ្យ​របួស​ពីរ​នាក់ តែ​ក៏​ត្រូវ​បាន​កងប៉ូលិស​ធ្វើ​ការ​តបត​វិញ​ដោយ​បាន​បាញ់​សម្លាប់​ចោល​ទំាង ៩នាក់​នោះ នេះ​បើ​តាម​ប្រកាស​របស់​កាសែត​ចិន​ស៊ីនហួរ​ចេញ​ផ្សាយ​ថ្ងៃ​នេះ។

ចិន៖ មាន​ស្លាប់ ១១នាក់​នៅក្នុង​ការ​វាយប្រហារ​លើ​ស្នងការដ្ឋាន​ប៉ូលិស​ក្នុង​តំបន់​ស៊ីងជំាង
ចិន៖ មាន​ស្លាប់ ១១នាក់​នៅក្នុង​ការ​វាយប្រហារ​លើ​ស្នងការដ្ឋាន​ប៉ូលិស​ក្នុង​តំបន់​ស៊ីងជំាង Reuters / Xinjiang Public Security Bureau
ផ្សាយពាណិជ្ជកម្ម

នេះ​មិន​មែន​ជា​លើក​ទីមួយ​ទេ ដែល​អំពើហិង្សា​បាន​កើត​មាន​នៅ​ក្នុង​តំបន់​ស្វ័យយ័ត​ស៊ីងជំាង​ដែល​សម្បូរ​ដោយ​អ្នក​កាន់សាសនា​អ៊ីស្លាម​រស់នៅ ពិសេស​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ។ អង្គការ​ការពារ​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​ដែល​មាន​ទីស្នាក់ការ​ក្នុង​ប្រទេស​អាល្លឺម៉ង់​បាន​បញ្ជាក់​ថា មនុស្ស​ចំនួន ៩នាក់​ដែល​ក្រុមប៉ូលិស​បាន​បាញ់​សម្លាប់​នោះ មិន​មែន​ជា​ភេរវជន​ដូច​ដែល​រដ្ឋអំណាច​ចិន​និយាយ​នោះ​ទេ តែ​គឺ​ជា​បាតុករ​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ។ អ៊ីចឹង​ហើយ​បាន​ជា​អង្គការ​មួយ​នេះ​បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ចាត់​វិធានការ​ជា​បន្ទាន់​ដើម្បី​ដាក់​គំនាប​លើ​រដ្ឋាភិបាល​ចិន​ឲ្យ​ឈប់​ធ្វើ​ការ​បាញ់​ប្រហារ​លើ​ហ្វូងបាតុករ​អ៊ុយហ្គួរ។

សូម​ជម្រាប​ជូន​ថា អំពើហិង្សា​នៅ​ក្នុង​តំបន់​ស្វ័យយ័ត​ស៊ីងជំាង​ត្រូវ​បាន​រដ្ឋអំណាច​ចិន​ចោទ​ប្រកាន់​លើ​ពួក​ភេរវជន និង​ពួក​អ្នកទាមទារ​ផ្តាច់ទឹកដី​និយម។ តែ​អង្គការ​ការពារ​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​បាន​ចាត់​ទុក​អំណះអំណាង​របស់​ទីក្រុង​ប៉េកំាង​នេះ​ថា ជា​លេស​មួយ​ដើម្បី​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​លើ​ក្រុមជនជាតិ​ភាគតិច​អ៊ុយហ្គួរ​តែ​ប៉ុណ្ណោះ។ កាល​ពី​ខែ​មេសា មិថុនា និង​សីហា​កន្លង​ទៅ អំពើ​ហិង្សា​រវាង​ក្រុម​ប៉ូលិស និង​បាតុករ​អ៊ុយហ្គួរ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ​ជា ១០នាក់។ ធ្ងន់ធ្ងរ​ជាង​គេ​គឺ​នៅ​ថ្ងៃទី ២៦ មិថុនា ក្រុមបាតុករ​បាន​បើក​ការ​វាយប្រហារ​លើ​ប៉ុស្តិ៍ប៉ូលិស និង​អាគារ​រដ្ឋបាល​ក្នុង​ស្រុក Lukqun ស្ថិត​ចម្ងាយ ២៥០គីឡូម៉ែត្រ​ពី​ក្រុង Urumdi ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៣៥នាក់​នាក់។ កាល​ណោះ រដ្ឋអំណាច​ចិន​បាន​ចាត់​ទុក​ជា​ទង្វើ​របស់​កង​កម្ម៉ង់ដូ​ភេរវជន។

ជា​ការ​កត់សម្គាល់ អំពើហិង្សា​នៅ​ស៊ីងជំាង​នា​ថ្ងៃ​ម្សិលមិញ​បាន​កើត​មាន​ឡើង ២សប្តាហ៍​បន្ទាប់​ពី​មាន​ការ​វាយប្រហារ​ដោយ​បំផ្ទុះ​រថយន្ត​មួយ​គ្រឿង​នៅ​ទីលាន Tiananmen កាល​ពី​ថ្ងៃទី៣០ តុលា ដោយ​បណ្តាល​ឲ្យ​មាន​ស្លាប់​មនុស្ស ៥នាក់ និង​របួស​ប្រមាណ​ជា ៤០នាក់​ផ្សេង​ទៀត។ ព្រឹត្តិការណ៍​កាល​ណោះ​មិន​ត្រូវ​បាន​ក្រុម​ណា​មួយ​ប្រកាស​ថា​ជា​ស្នាដៃ​របស់​ខ្លួន​ទេ តែ​ប៉ូលិស​បាន​ទម្លាក់​កំហុស​លើ​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ