អានតួអត្ថបទ
ចិន-កាមេរូន

​បូកូអារ៉ាម ស្វាគមន៍​ជំនួប​ស្តីពី​សន្តិសុខនីហ្សេរីយ៉ា​ ដោយ​វាយប្រហារ​រោងចក្រ​ចិន​នៅកាមេរូន

សកម្មជន​អង្គការ​ភេរវនិយម​អ៊ីស្លាម​ប្រដាប់​អាវុធ​បូកូអារ៉ាម បាន​បើក​យុទ្ធនាការ​វាយប្រហារ​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ចិន​មួយ​ ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើ​ង​ប្រទេស​កាមេរូន។ មាន​ស្លាប់​ម្នាក់ និង​ជាង​១០​នាក់​ផ្សេង​ទៀត​ទំនងត្រូវ​បាន​ពួក​ភេរវជន​ចាប់​ជា​ចំណាប់​ថ្នូរ។ ការ​វាយប្រហារ​ភេរវកម្ម​នេះ​ធ្វើ​ឡើង​ក្នុង​ខណៈ​ដែល​ជំនួប​កំពូល​អន្តរជាតិ​ស្តី​ពី​សន្តិសុខ​ប្រឆាំង​នឹង​បូកូអារ៉ាម​ កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ប៉ារីស។

ទាហាន​នីហ្សេរីយ៉ា​ត្រៀម​ចេញ​ល្បាត​ពេល​យប់​ក្នុង​ព្រៃ​ Sambisa ជាប់​ព្រំ​ប្រទល់​ជាមួយ​ប្រទេស​កាមេរូន ដែល​ត្រួត​ត្រា​​មួយ​ភាគ​ដោយ​ពួក​បូកូអារ៉ាម
ទាហាន​នីហ្សេរីយ៉ា​ត្រៀម​ចេញ​ល្បាត​ពេល​យប់​ក្នុង​ព្រៃ​ Sambisa ជាប់​ព្រំ​ប្រទល់​ជាមួយ​ប្រទេស​កាមេរូន ដែល​ត្រួត​ត្រា​​មួយ​ភាគ​ដោយ​ពួក​បូកូអារ៉ាម Ben Shemang / RFI
ផ្សាយពាណិជ្ជកម្ម

 

ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​ Yaoundé បាន​បញ្ជាក់​ព័ត៌មាន​ ថា​ពិត​ជា​មាន​ការ​វាយប្រហារ​នៅ​ក្រុង​ វ៉ាហ្សា ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រពី​ព្រំប្រទល់​ជាមួយ​នីហ្សេរីយ៉ា។ ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មាន​ បុគ្គលិក​ម្នាក់​រង​របួស។ នេះ​បើ​តាម​ភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​ចិន Chine Nouvelle។

សូម​បញ្ជាក់​ថា មាន​ក្រុមហ៊ុន​ចិន​​ចំនួន​ពីរ​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​តំបន់​វ៉ាហ្សា​ កាមេរូន មួយ​ជា​ក្រុម​ហ៊ុន​សាង​សង់​ផ្លូវ និង​មួយទៀត​ជា​ក្រុមហ៊ុន​រុក​រក​ប្រេង។ ស្ថាន​ទូត​ចិន ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ភ្លាម​មួយ​រំពេច ស្តី​អំពី​​វិធានការ​ការពារ​សន្តិសុខ​នៅ​ប៉ែក​ខាង​ជើង​ប្រទេស​កាមេរូន។ តំបន់​ដែល​ពួក​បូកូអារ៉ាម បាន​ដឹកនាំ​ធ្វើ​ភេរវកម្ម​ជា​ញឹកញយ​ ប្រឆាំង​នឹង​បរទេស ៖ កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៣ គ្រួសារ​បារាំង​មួយ​គ្រួរ មាន​គ្នា​៧​នាក់ រាប់​ទាំង​កូនតូចៗ​ផង ត្រូវ​បាន​ចាប់​ជា​ចំណាប់​ថ្នូរ​អស់​ពីរ​ខែ​ មុន​នឹង​ដោះលែង​មក​វិញ។ ហើយ​ គឺ​ ក្នុង​តំបន់​ព្រំប្រទល់​នេះ​តែ​មួយ ដែល ក្រុម​បូកូអារ៉ាម ​បាន​​ចាប់ជំរិត សិស្ស​សាលា​ស្រីៗជាង​២០០​នាក់​ កាលពី​ខែ​មុន ដែល​បំផុស​​សហគមន៍​អន្តរជាតិ​​មួយ​ភាគ​ឱ្យ​​រំជើប​រំជួល។

សកម្មភាព​វាយប្រហារ​របស់​បូកូអារ៉ាម​នេះ បាន​កើត​ឡើង​ក្នុង​ខណៈ​ដែល​នៅ​ទីក្រុង​ប៉ារីស មាន​រៀប​ចំ​ជំនួប​កំពូល​តូច​មួយ​ស្តី​ពីសន្តិសុខ​នៅ​នីហ្សេរីយ៉ា។ ជំនួបកំពូល​ដែល​ប្រធានាធិបតី​បារាំង នីហ្សេរីយ៉ា នីហ្សេ កាមេរូន ឆាដ និង​បេណាំង ព្រមទាំង​តំណាង​សហរដ្ឋ​អាមេរិក អង់គ្លេស សហភាព​អឺរ៉ុប កំពុង​​ស្វែង​រក​ “ផែនការ​រួម” សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​អ៊ីស្លាមជ្រុល​និយម​បូកូអារ៉ាម។ សហរដ្ឋ​អាមេរិក​បាន​ចាត់​បញ្ចូល​ក្រុម​នេះ​ ក្នុង​បញ្ជី​ខ្មៅ​ភេរវនិយម​តាំង​​ពី​ឆ្នាំ​២០១៣ ហើយ​បើ​តាម​ប្រធានាធិបតី​បារាំង បូកូអារ៉ាម ជា​តំណាង​ការ​គំរាម​កំហែង​សន្តិសុខ​​ អាហ្វ្រិក​ខាង​លិច និងអាហ្វ្រិក​កណ្តាល​ យ៉ាង​ខ្លាំង​ព្រោះ​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​ភេរវនិយម​អាល់កៃដា ម៉ាក្រេប Aqmi៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ