អានតួអត្ថបទ
កម្ពុជា

អង្គររងការបំពុលបរិយាកាស តែ​មិន​ទាន់​ដល់​ស្ថានភាព​ប្រកាសអាសន្ន

អង្គរ​រង​ការ​បំពុល​បរិយាកាស តែ​មិន​ទាន់​ដល់​ស្ថានភាព​ប្រកាស​អាសន្ន។ នេះ​ជា​ការ​ស្រាយ​បំភ្លឺ​របស់​អាជ្ញាធរ​អប្សរា ឆ្លើយ​តប​នឹង​អត្ថបទ​​​នៅ​លើ​កាសែត ខេមបូឌៀ ដេលី ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២១​កក្កដា​កន្លង​ទៅ​។ អាជ្ញាធរ​អប្សរា​បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ធ្វើ​កិច្ច​ការ​ជា​ច្រើន ដើម្បី​ដោះ​ស្រាយ​បញ្ហា​បំពុល​បរិយាកាស​នៅ​អង្គរ​នេះ ដោយ​សហការ​ជាមួយ​អង្គការ​យូណេស្កូ និង​ប្រទេស​ម្ចាស់​ជំនួយ​ច្រើន​ទៀត​។

ប្រាសាទ​អង្គរវត្ត​ នៅ​សៀមរាប កម្ពុជា
ប្រាសាទ​អង្គរវត្ត​ នៅ​សៀមរាប កម្ពុជា Wikipedia
ផ្សាយពាណិជ្ជកម្ម

ចំនួន​ភ្ញៀវ​ទេសចរ​មក​កាន់​អង្គរ​កើន​ឡើង ចំនួនយានយន្ត​កើន​ឡើង ការ​បញ្ចេញ​ផ្សែង​ពុល​តាម​រយៈ​ចំហេះ​យានយន្ត​ក៏​កើន​ឡើង​ដែរ​។ នេះ​ជា​ស្ថានភាព​បច្ចុប្បន្ន​នៃ​ការ​បំពុល​បរិស្ថាន​នៅ​អង្គរ ដែល​អាជ្ញាធរ​អប្សរា​លើក​ឡើង​ ឆ្លើយ​តប​នឹង​អត្ថបទ​ចុះ​ផ្សាយ​នៅ​លើ​កាសែត ខេមបូឌៀ ដេលី ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២១​កក្កដា​កន្លង​ទៅ​។

ហេតុផល​ផ្សេង​ទៀត​ដែល​នាំ​ឲ្យ​មាន​ការ​បំពុល​បរិយាកាស​ដែរ​នោះ គឺ​ទម្លាប់​ដុត​ស្លឹក​ឈើ កំទេចកំទី​មែក​ឈើ និង​​សម្រាម របស់​ប្រជាពលរដ្ឋ​នៅ​សហគមន៍​។ សម្រាម ដែល​បច្ចុប្បន្ន​នេះ​សម្បូរ​ទៅ​ដោយ​ថង់​ផ្លាស្ទិច និង​ទុយោជ័រ​មាន​សារធាតុពុល នាំឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព​មនុស្ស សត្វ និង​បរិស្ថាន​ផង​ដែរ​។

ក្រៅ​ពី​នេះ ការ​បំពុល​បរិយាកាស ធ្វើ​ឲ្យ​កើត​ភ្លៀង​អាស៊ីត ដែល​បង្ក​ការ​ខូច​ខាត​ដល់​សារធាតុ​បន្សំ​នៃ​ថ្ម ធ្វើ​ឲ្យ​ថ្ម​មាន​ពណ៌​ស្រអាប់ ងាយ​ស្រួល​បាក់​បែក ព្រម​ទាំង​សឹក​រេចរិល​ក្បាច់​ចម្លាក់​។ បើ​តាម​អាជ្ញាធរ​អប្សរា ការ​បំពុល​បរិស្ថាន​នៅ​អង្គរ ​មិន​ទាន់​ដល់​ស្ថានភាព​ប្រកាស​អាសន្ន​នៅ​ឡើយ​ទេ​ ព្រោះ​ថា គេ​នៅ​ប្រទះ​ឃើញ​ស្លែ និង​សារធាតុ​សរីរាង្គ​ផ្សេង​ទៀត នៅ​លើ​ថ្ម​និង​ដើម​ឈើ​នៅ​អង្គរ​នៅ​ឡើយ​។ ប្រសិន​បើ​​ការ​បំពុល​បរិយាកាស​មាន​កម្រិត​ខ្លាំង នោះ​ស្លែ​និង​សារធាតុ​សរីរាង្គ​ផ្សេង​ទៀត​នឹង​ផុត​ពូជ​។

យ៉ាង​ណា​ក៏​ដោយ ​អង្គរ​ក៏​មិន​មែន​ជា​បេតិកភណ្ឌ​ពិភពលោក​តែ​មួយ ដែល​រង​ការ​បំពុល​បរិយាកាស​នោះ​ទេ​។ បេតិកភណ្ឌ​ពិភព​លោក​ដទៃ​ទៀត ដូច​ជា​ប្រាសាទ Taj Mahal នៅ​ឥណ្ឌា និង Seville Cathedral នៅ​អេស្ប៉ាញ​​ជា​ដើម គឺ​សុទ្ធ​សឹង​តែ​រង​ការ​បំពុល​បរិស្ថាន​ទាំង​អស់​​។

ប្រឈម​មុខនឹង​បញ្ហា​បំពុល​បរិយាកាស​នេះ អាជ្ញាធរ​អប្សរាបាន​គូស​បញ្ជាក់​ថា ខ្លួន​បាន​តម្លើង​ស្ថានីយ៍​អាកាសធាតុ ដែល​បច្ចុប្បន្ន​កំពុង​តែ​ធ្វើ​ការ​កត់​ត្រា​ទុក​នូវ​ទិន្នន័យ​អាកាសធាតុ ដូច​ជា​ល្បឿន​ខ្យល់ និង​ចំនួន​ទឹក​ភ្លៀង​ជា​ដើម​។ ជាមួយ​គ្នា​នោះ អាជ្ញាធរ​អប្សរា ក៏​បាន​សហការ​ជាមួយ​អង្គការ​យូណេស្កូ និង​ប្រទេស​ម្ចាស់​ជំនួយ​ច្រើនទៀត ធ្វើ​ការ​រួម​គ្នា​ដើម្បី​ដោះ​ស្រាយ​ផល​ប៉ះ​ពាល់​ជា​អវិជ្ជមាន ដោយ​ជម្រុញ​និង​លើក​ទឹក​ចិត្ត​ការ​ប្រើ​ប្រាស់​ផលិតផល​ធម្មជាតិ ដូច​ជា​ស្លឹកឈូក ស្លឹក​ចេក កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក និង​ពិនិត្យ​លទ្ធភាព​ក្នុង​ការធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​ដឹក​ជញ្ជូន​ទេសចរ ធ្វើ​ឲ្យ​ណា​ឲ្យ​មានផល​ប៉ះពាល់​តិច​បំផុត​ដល់​បរិស្ថាន និង​មិន​ប៉ះពាល់​ចំណូល​ប្រជាពលរដ្ឋ ដែល​កំពុង​ប្រកប​របរ​ដឹក​ជញ្ជូន​នេះ​ទេ​៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ