អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្ស​ប្រឆាំង​ចាត់​ទុក​ចម្លើយ​របស់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ថា ​គ្មាន​​ការ​ទទួល​ខុស​ត្រូវ​

លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បានបង្ហាញ​ការសោកស្តាយ​ចំពោះ​​ចម្លើយ​របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នៅ​ចំពោះមុខ​រដ្ឋ​សភា នៅ​ថ្ងៃទី២៩ខែធ្នូ​ឆ្នាំ២០១៦នេះ និង​បាន​ចាត់ទុកថា ជា​ចម្លើយ​ដែល​មិន​បង្ហាញ​ពី​ការ​ទទួល​ខុសត្រូវ​ក្នុងឋានៈ​ជា​រដ្ឋមន្ត្រី។ ជុំវិញ​រឿងរ៉ាវ​នៅក្នុង​ក្រសួងសុខាភិបាល​ដែល​រង​ការ​រិះគន់​​នេះ គណបក្សប្រឆាំង​នៅ​មិនទាន់មាន​វិធាន​ការបន្ត​នៅឡើយ​ទេ។

លោក ​ម៉ម ប៊ុនហេង​ រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​កម្ពុជា ​ក្នុង​ពេល​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​រដ្ឋសភា​ជាតិ ​កាល​ពី​ថ្ងៃទី ​២៩​ ធ្នូ ​ឆ្នាំ ​២០១៦​។​
លោក ​ម៉ម ប៊ុនហេង​ រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​កម្ពុជា ​ក្នុង​ពេល​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​រដ្ឋសភា​ជាតិ ​កាល​ពី​ថ្ងៃទី ​២៩​ ធ្នូ ​ឆ្នាំ ​២០១៦​។​ @facebook
ផ្សាយពាណិជ្ជកម្ម

ដូច​ការគ្រោងទុក រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា​លោក ម៉ម ប៊ុនហេង និង​សហការី បាន​ចូលខ្លួន​ទៅ​ឆ្លើយបំភ្លឺ​នៅ​ចំពោះមុខ​រដ្ឋសភា ជុំវិញ​ភាពមិនប្រក្រតី​នៅក្នុង​ក្រសួងសុខាភិបាល​នៅក្នុង​អាណត្តិ​ទី៥នេះ។ ក៏ប៉ុន្តែ ចម្លើយ​របស់លោក​រដ្ឋ​មន្ត្រី មិនត្រូវ​បានទទួល​ស្វាគមន៍​ដោយ​​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ។
លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​ទី១នៃ​រដ្ឋសភា​និង​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង បានចាត់ទុក​ចម្លើយរ​បស់​លោក​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​នេះ​ថា ជា​ចម្លើយ​ដែល​មិន​​បង្ហាញ​​ពី​ការទទួលខុសត្រូវ ក្នុងឋានៈ​ជា​រដ្ឋមន្ត្រី​ទាល់តែសោះ។

សូមបញ្ជាក់ថា លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា បាន​ចូលខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​​នៅ​ចំពោះមុខ​រដ្ឋសភា​កម្ពុជា​នៅថ្ងៃនេះ ទៅតាម​សំណើរ​របស់​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១៦ ដោយមាន​ការឯកភាព​ពី​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា លើបញ្ហាសំខាន់ៗចំនួន៣ ក្នុងនោះ​រួមមាន ការបាត់​ប្រាក់​ជំនួយ​របស់​មូលនិធិ​សាកល​ក្នុង​ការទិញ​មុង​ការពារ​ជម្ងឺគ្រុនចាញ់, ការលក់ ឬ ការដោះដូរ​មន្ទីរពេទ្យ​និង​មន្ទីរពេទ្យបង្អែក​ចំការមន​ក្នុង​ទីក្រុង​ភ្នំពេញ និង​បញ្ហា​មិន​ប្រក្រតី​រឿង​ដេញថ្លៃ​ទិញ​ថ្នាំពេទ្យ​ជា​ដើម។
លោក អេង ឆៃអ៊ាង បានស្នើ​ឲ្យ​លោក​រដ្ឋមន្ត្រី​បង្ហាញ​ពី​របាយការណ៍​ទាំងនោះ នៅលើ​គេហទំព័រ​​ផ្លូវការ​របស់​ក្រសួង ដើម្បី​បង្ហាញ​ពី​តម្លាភាព ដូច​អ្វីដែល​លោក​រដ្ឋមន្ត្រី បាន​អះអាង​ជាប់មាត់​នៅក្នុង​រដ្ឋសភា​នៅថ្ងៃនេះ​ថា ការអនុវត្ត​គ្រប់យ៉ាង​របស់​ក្រសួង គឺ​អនុលោម​ទៅតាម​គោលការណ៍ និង​នីតិវិធី​របស់​រដ្ឋ​និង​គណៈកម្មការ​អន្តរក្រសួង​ទាំងអស់។ ក៏ប៉ុន្តែ​លោក អេង ឆៃអ៊ាង បាន​អះអាងថា លោក​មិនអាច​ទទួលយក​បានទេ ចំពោះ​ការ​រុញ​បញ្ហា​បាត់ប្រាក់​ជំនួយ​​ពី​មូលនិធិ​សកល​ទៅ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ហើយ​ថា មហាជន​រិត​តែ​មិន​អាច​ទទួលយកបាន​ទៀត ចំពោះ​ការលក់​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ប្រយុទ្ធប្រឆាំង​ជម្ងឺ​គ្រុន​ចាញ់ ដែលមាន​តម្លៃ​ខុសពី​តម្លៃ​ទីផ្សារ ដោយ​ក្នុង១ម៉ែត្រការ៉េ​តម្លៃ៣០០០ដុល្លា តែ​ក្រសួង​​បាន​លក់​តែត្រឹម១៥០០ដុល្លា​ប៉ុណ្ណោះ។ លើ​បញ្ហា​ទិញ​ថ្នាំពេទ្យ​វិញ លោក​អេង ឆៃអ៊ាង ក៏បាន​បញ្ជាក់ដែរថា មាន​ភាពមិនប្រក្រតី និង​ថ្លៃ​ជាង​តម្លៃ​ទីផ្សារ​ផងដែរ។

យ៉ាងណាក៏ដោយ លោក ម៉ម ប៊ុនហេង បាន​ជម្រុញ​ឲ្យ​មានការ​ប្តឹង​ទៅកាន់​អង្គភាព​ប្រឆាំង​អមពើពុករលួយ (ACU) បើ​មានការ​រកឃើញថា មាន​ភាពមិនប្រក្រតី​លើ​ការដោះដូរ ឃុបឃិត​ឬ​ប្រព្រឹត្ត​អំពើពុករលួយ​នេះ។

គួរ​ជំរាបជូន​ថា វិស័យ​សុខាភិបាល​កម្ពុជា បាន​ទទួលរង​ការរិះគន់​ជា​យូ​មកហើយ។ ថ្មីៗនេះ ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្សប្រឆាំង​ធ្លាប់បាន​ព្រមាន​ដែរ​ថា នឹង​បោះឆ្នោត​ដក​សេចក្តី​ទុក​ចិត្ត លោក ម៉ម ប៊ុនហេង ពី​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ដែល​រង​ការរិះគន់​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ