អានតួអត្ថបទ
កម្ពុជា

ពិព័រណ៍​​សៀវភៅ​​ថ្នាក់​ជាតិ​​ឆ្នាំ​នេះ ​មាន​​ដាក់​តាំង​​សៀវភៅ​​ច្រើន​ជាង​​ឆ្នាំ​មុន​

ពិព័រណ៍​​សៀវភៅ​​ថ្នាក់​ជាតិ​​ឆ្នាំ​២០១៤​ ដែល​មាន​​រយៈ​ពេល​​បី​​ថ្ងៃ​ បាន​​បើក​​ជា​​ផ្លូវ​ការ​​ហើយ​​នៅ​​រសៀល​​ថ្ងៃ​​សុក្រ ​ទី​២៨​វិច្ឆិកា​​នេះ​។ ​ក្រោម​​ប្រធាន​បទ​ “​ អាន​​ខ្ញុំ ​យល់​​ពី​​ពិភព​លោក”​ ពិព័រណ៍​​សៀវភៅ​​ថ្នាក់​ជាតិ​​ឆ្នាំ​នេះ ​​មានការ​​​ចូល​រួម​​ដាក់​តាំង​​សៀវភៅ​​ច្រើន​ជាង​​ឆ្នាំ​២០១៣ ​កន្លង​ទៅ។​

ពិព័រណ៍​សៀវភៅ​ត្រូវ​បាន​បើក​ជាផ្លូវការ​នៅ​រ​សៀល​ថ្ងៃ​ទី​២៨​វិច្ឆិកា​ឆ្នាំ២០១៤
ពិព័រណ៍​សៀវភៅ​ត្រូវ​បាន​បើក​ជាផ្លូវការ​នៅ​រ​សៀល​ថ្ងៃ​ទី​២៨​វិច្ឆិកា​ឆ្នាំ២០១៤ RFI/ សហការី
ផ្សាយពាណិជ្ជកម្ម

នេះ​គឺជា​ពិព័រណ៍​សៀវភៅ​ថ្នាក់ជាតិ​លើក​ទី​បី​ហើយ​ក្រោម​ការ​រៀបចំឡើង​ដោយ​សមាគម​បណ្ណារក្ស​និង​ឯកសារ​វិទូ​កម្ពុជា សហការ​ជាមួយ​ក្រសួង​អប់រំ ក្រសួង​វប្បធម៌ និង ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត។ ពិព័រណ៍​នេះ​រៀបចំ​ធ្វើ​រយៈពេល​បី​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី២៨ វិច្ឆិកា​និង​បញ្ចប់​នៅ​ថ្ងៃទី៣០ វិច្ឆិកា​នៅ​បរិវេណ​បណ្ណាល័យ​ជាតិ​ក្បែរ​រមនីយដ្ឋាន​វត្តភ្នំ។

លោកហុក សុទ្ធិ ប្រធាន​សមាគម​បណ្ណារក្ស​និង​ឯកសារ​វិទូ​កម្ពុជា បានដឹងថា ការរៀបចំ​ពិព័រណ៍​ថ្នាក់ជាតិ​នេះ​ឡើង គឺ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ​ទាំងអស់​យល់ដឹង​ពី​អត្ថប្រយោជន៍​របស់​​សៀវភៅ និង​ការអាន​សៀវភៅ។ លោក​ពិត ចំណាន រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ដែល​បាន​ចូលរួម​បើកសម្ពោធ​ពិព័រណ៍​សៀវភៅ​នេះ បាន​បញ្ជាក់ថា អំ​ណាន​មាន​តួនាទី​សំខាន់​ណាស់​ក្នុងការ​អភិ​វ​ឌ្ឈន៍​ខ្លួនឯង និង សង្គម ដោយ​អាច​ឲ្យ​អ្នកអាន​យល់ដឹងបាន​ច្រើន​ពី​ព្រឹត្តិការណ៍​ដែលមាន​នៅក្នុង​សង្គម និង នៅ​ជុំវិញ​ពិភពលោក។ ជាមួយគ្នានេះ លោក ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ដែល​បាន​ចូលរួម​សម្ពោធ​ដែរនោះ បាន​បន្ថែមថា ចំណេះដឹង​គ្រប់យ៉ាង​គឺ​កើតចេញពី​ការអាន​នេះ​តែម្តង ហើយ​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​បង្កើន​ការអាន​របស់ខ្លួន។

ក្រៅតែពី​ការដាក់​តាំង​សៀវភៅ​គ្រប់​ប្រភេទ សមាគម​បណ្ណារក្ស និង​ឯកសារ​វិទូ​កម្ពុជា​ក៏បាន​រៀបចំ​កម្មវិធីផ្សេងៗ ដើម្បី​ផ្សព្វផ្សាយ​ពី​សារៈសំខាន់​នៃ​ការអាន​សៀវភៅ​ដល់​អ្នកចូលរួម​ផងដែរ។ ក្នុងនោះ​មានដូចជា ធ្វើ​សកម្មភាព​និទានរឿង​ដល់​កុមារ​កុមារី កម្មវិធី​សំណួរចម្លើយ​ទាក់ទង​នឹង​ចំណេះដឹង​ទូទៅ ការប្រគុំ​តន្ត្រី និង មាន​វាល​គ្មិ​នជំនាញៗផ្នែក​អក្សរសាស្ត្រ​បកស្រាយ​អំពី​អក្សរ​សិ​ល្បិ៍ និង​កំណាព្យ​ជាដើម។

បើតាម​ការបញ្ជាក់​ពី​អ្នករៀបចំ​កម្មវិធី ពិព័រណ៍​សៀវភៅ​ថ្នាក់ជាតិ​នៅ​ឆ្នាំនេះ មាន​ស្តង់​ដាក់តាំង​សៀវភៅ​ចំនួន៣៩កន្លែង គឺមាន​ការកើនឡើង​ចំនួន១៣កន្លែង​បើ​ប្រៀបធៀប​នឹង​ឆ្នាំ២០១៣កន្លងទៅ។ លោក​ហុក សុទ្ធិ បាន​បញ្ជាក់ថា ពិព័រណ៍​សៀវភៅ​នេះ​ចាប់​ផ្តើម​ពី​ម៉ោង៨ ព្រឹក​ដល់​ម៉ោង៧ យប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ