អានតួអត្ថបទ
កម្ពុជា-សង្គម

​សាក្សី​៖ មនុស្ស​ជិត​២០​នាក់​ទៀត​អាច​នៅ​កប់​ក្នុង​គំនរ​បាក់​បែក​នៃ​អាគារ​ដែល​ដួល​រលំ​នៅ​កំពង់​សោម​

នៅគ្រាដែល​គេរកឃើញ​ថាមនុស្ស​យ៉ាងហោចណាស់​ចំនួន២៥នាក់​បានស្លាប់ និង​២៤នាក់​រង​របួស​ដែល​បានសង្រ្គោះចេញ​ពីអាគារដែល​រលំបាក់​នៅខេត្តព្រះសីហនុ សាក្សី​នៅជិត​កន្លែង​កើត​ហេតុ​អះអាងថា អាចនៅសល់​មនុស្ស​ជិត២០នាក់ទៀត កំពុងជាប់​ក្នុង​គំនរនោះ​។ តែជាមួយគ្នានោះ ក្លិនស្អុយ​ដូចជាសាកសព​មនុស្ស​កំពុង​សាយភាយ​ចេញពី​គំនរខ្មោច​អគារ​របស់ចិន​ដែល​ដួលរលំគ្រាំង​ កាលពីម៉ោង​ជិត​៥​ទៀប​ភ្លឺថ្ងៃសៅរ៍​ចុងសប្តាហ៍មុន។ 

គំនរបាក់បែករបស់អគារដែលបានរលំនៅក្នុងខេត្តព្រះសីហនុ
គំនរបាក់បែករបស់អគារដែលបានរលំនៅក្នុងខេត្តព្រះសីហនុ @សហការី
ផ្សាយពាណិជ្ជកម្ម

សាក្សី​បាន​និយាយថា នៅ​ល្ងាច​ថ្ងៃទី២២ខែមិថុនា ពោល​មុន​ពេល​អាគារ​រលំ​បាក់​តែ​ប៉ុន្មាន​ម៉ោង គេឃើញ​មាន​រថយន្ត​ដឹក​កម្មករ​ចូល​ចំនួន២គ្រឿង ដែល​មាន​មនុស្ស​ជិត​២០នាក់ រួម​ទាំង​រថយន្ត​របស់​ជន​ជាតិ​ចិន​មួយ​គ្រឿង​មាន​គ្នា​ជិត​១០​នាក់​។ មក​ដល់​ព្រឹក​ថ្ងៃ​ចន្ទ​នេះ គេនៅមិនទាន់​រកឃើញ​​មនុស្ស​ទាំងនោះ​នៅ​ឡើយ ខណៈ​គេ​ជឿ​ថា អ្នក​ទាំង​នោះ​អាច​ជាប់​ក្នុង​ទូរ​កុងទឺន័រ​ដែល​ជា​បន្ទប់​ស្នាក់​នៅ​ពិសេស​ជាង​កម្មករ​ដទៃ​ទៀត ដែល​បាន​រក​ឃើញ​កន្លង​មក​។ នេះ​បើ​តាម លោក សេង រាជ បុគ្គលិក មជ្ឈ​ម​ណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស ហៅកាត់ថា សង់​ត្រាល់​ដែល​កំពុងស្ថិត​ក្បែរ​កន្លែង​កើត​ហេតុ​។

ចំណែក​សាក្សី​មួយរូបទៀត ក៏​បានឲ្យ​ដឹង​ប្រហាក់​ប្រហែល​គ្នាថា កម្មករ​រៀប​ឥដ្ឋ​ការ៉ូ​មួយ​ក្រុម​ជាង​១០នាក់​ដែលទើប​ដឹក​ចូល​មុនកើតហេតុនោះ នៅមិនទាន់រក​សាក​សព​ឃើញ​ឬ​ចេញ​មក​ក្រៅ​នៅ​ឡើយ ខណៈ​ក្លិន​ស្អុយ​បាន​ភាយ​ចេញ​ពីគំនរ​អាគារ​បាក់​បែក​កម្ពស់​៧ជាន់​នោះ​។

បើ​តាម​សាក្សី​ដដែល​គេ​ពិបាក​នឹង​ដឹង​ពី​ចំនួន​មនុស្ស​ដែល​ស្នាក់​នៅ​ក្នុង​អគារ​សំណង់​នោះ ដោយសារ​តែ​មេការ​ម្នាក់​ដែល​កាន់​បញ្ជី​ឈ្មោះ​កម្មករ បាន​ស្លាប់​ភ្លាមៗ​កាល​ពីព្រឹក​ថ្ងៃសៅរ៍​។​

យោង​តាម លោក សុខ សុវណ្ណសាប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ដែល​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ បាន​ប៉ាន់​ប្រមាណ​ថា មាន​កម្មករ​ស្នាក់នៅ​ចន្លោះ​ពី៤០ទៅ៦០នាក់ ខណៈ​គេ​បាន​ឲ្យ​ដឹងថា សំណង់​នេះ​ប្រើ​កម្មករ​សរុប​១៣០​នាក់​។

លោក អ៊ី សុខឡេង អភិបាល​ក្រុង​ព្រះសីហនុ​បានប្រាប់​វិទ្យុបារាំង​អន្តរជាតិRFIនៅថ្ងៃចន្ទថា អាជ្ញាធរ​ ​ជឿថា​នៅមានមនុស្ស​ជាប់​ក្នុង​អាគារបាក់រលំនោះ​ពី៦ទៅ៨​នាក់ទៀត​គឺជាជនជាតិចិន ខណៈលោក​មិន​ច្បាស់​ពីចំនួន​កម្មករ​ជាជនខ្មែរ​ដែល​កំពុង​ជាប់​នៅ​ក្នុង​នោះ​នៅ​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ