អានតួអត្ថបទ
ចិន-ឥណ្ឌា

ដំណើរទស្សនកិច្ច​នាយករដ្ឋមន្រ្តី​ចិន​នៅ​ឥណ្ឌា​ផ្តោតលើ​វិស័យ​ពាណិជ្ជកម្ម

នៅថ្ងៃ​ពុធ ១៥ ធ្នូ ២០១០​នេះ លោក​វេន ជាប៉ាវ (Wen Jiabao) នាយករដ្ឋមន្រ្តី​ចិន​ ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​​ចំនួន ៣ថ្ងៃ ទៅកាន់​ប្រទេស​ឥណ្ឌា មុននឹង​ចេញ​ទៅ​ប្រទេស​ប៉ាគីស្តង់។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ចនេះ ប្រមុខដឹកនាំ​ចិន និង​ឥណ្ឌា គ្រោង​​​ស្វះស្វែង​រក​មធ្យោបាយ​ពង្រឹង​​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​គ្នា។ កិច្ចសន្យា​ពាណិជ្ជកម្ម​មួយចំនួន​ក៏​​នឹង​ត្រូវ​ចុះហត្ថលេខា​ផងដែរ​ក្នុង​ ឱកាស​នោះ។

លោក​វេន ជាប៉ាវ នាយករដ្ឋមន្រ្តី​ចិន នៅ​​ប្រទេស​ឥណ្ឌា ថ្ងៃ​ពុធ ១៥ ធ្នូ ២០១០
លោក​វេន ជាប៉ាវ នាយករដ្ឋមន្រ្តី​ចិន នៅ​​ប្រទេស​ឥណ្ឌា ថ្ងៃ​ពុធ ១៥ ធ្នូ ២០១០ ©Reuters
ផ្សាយពាណិជ្ជកម្ម

ការផ្តោះប្តូរ​ពាណិជ្ជកម្ម​ជា​គន្លឹះ​នៃ​ការ​ផ្លាស់ប្តូរ​ទំនាក់ទំនង​ជូរចត់​រវាង​ចិន​និង​ឥណ្ឌា
05:11

បទវិភាគ​របស់ សេង ឌីណា

ទស្សនកិច្ច​​របស់​លោក​វេន ជាប៉ាវ នៅ​ឥណ្ឌា នៅ​ពេលនេះ គឺ​ជា​ទស្សនកិច្ច​លើក​ទី១ ក្នុង​រយៈពេល ៤ឆ្នាំ​ចុងក្រោយ​នេះ។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​វេន ជាប៉ាវ នឹង​ត្រូវ​អមដំណើរ​ដោយ​អ្នកជំនួញ​ចិន​ជាង ៤០០​នាក់។

មន្រ្តី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ឥណ្ឌា​បាន​លើកឡើង​ថា សេដ្ឋកិច្ច គឺ​ជា​ចំណុច​គន្លឹះ​នៃ​ទំនាក់ទំនង​រវាង​ចិន និង​ឥណ្ឌា។ ប្រទេស​ទាំងពីរ​​សុទ្ធតែ​ទទួល​បាន​ផលប្រយោជន៍​អំពី​ការ​ផ្តោះប្តូរ​ ពាណិជ្ជកម្ម​រវាង​គ្នា​ទៅវិញ​ទៅមក។

ចិន និង​ឥណ្ឌា សុទ្ធសឹង​ជា​ប្រទេស​​កំពុង​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង និង​​មាន​ប្រជាជន​ច្រើន​ជាងគេ​បង្អស់ នៅលើ​ពិភពលោក (ចិន​លេខ១ ឥណ្ឌា​លេខ​២) ដែល​ជា​ទីផ្សារ​ដ៏មាន​សក្តានុពល​សម្រាប់​គ្នា​ទៅវិញ​ទៅមក។ ការផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​ចិន និង​ឥណ្ឌា បាន​កើន​ឡើង​រហូត​ដល់ ៦០​ពាន់​លាន​ដុល្លារ​ហើយ នៅ​ឆ្នាំ​នេះ។ ក៏ប៉ុន្តែ ជញ្ជីង​ពាណិជ្ជកម្ម​​កំពុង​លម្អៀង​ខ្លាំង​ទៅ​ខាង​ចិន (១៦ពាន់​លាន​ដុល្លារ កាល​ពី​ឆ្នាំ​២០០៧-២០០៨) ដែល​ជា​ហេតុធ្វើ​ឲ្យ​ឥណ្ឌា​​ទទូច​ទាមទារ​ឲ្យ​ចិន​បន្ត​បើក​ចំហរ​ទីផ្សារ​ បន្ថែម​ទៀត ដើម្បី​ទទួល​ទំនិញ​ឥណ្ឌា។

កាល​ពីថ្ងៃ​ចន្ទ កន្លងទៅនេះ ឯកអគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​ប្រទេស​ឥណ្ឌា​​បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ ថា ទំនាក់ទំនង​រវាង​ចិន និង​ឥណ្ឌា ជា​ទំនាក់ទំនង​ដែល​ផុយស្រួយ ងាយ​នឹង​បាក់បែក ប៉ុន្តែ ពិបាក​នឹង​ផ្សះផ្សារ។

បើ​និយាយ​អំពី​ភូមិសាស្រ្ត​នយោបាយ ទំនាក់ទំនង​រវាង​ចិន និង​ឥណ្ឌា គឺ​ពោរពេញ​ទៅ​ដោយ​​ភាពចម្រូងចម្រាស។ បញ្ហាព្រំដែន គឺ​ជា​ប្រធានបទ​ជម្លោះ​ដ៏ធំបំផុត​រវាង​ប្រទេស​ទាំងពីរ។ ម្យ៉ាងទៀត ឥណ្ឌា​មិនសប្បាយចិត្ត​នឹង​ចិន ដែល​មាន​​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ប៉ាគីស្តង់ ដែល​ជា​គូសត្រូវ​ដ៏ធំ​បំផុត​របស់​ឥណ្ឌា។ ចំណែក​ចិនវិញ​ក៏​មិន​សប្បាយ​ចិត្ត​ដែរ ដែល​ឥណ្ឌា​មាន​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អាមេរិក។

តាំង​ពី​សង្រ្គាម​ឆ្នាំ​១៩៦២​មក ​ឥណ្ឌា​នៅ​តែ​សម្លឹង​ឃើញ​ចិនថា ជា​ការ​គំរាមកំហែង​​ដ៏ធំ​ខាង​ផ្នែក​យោធា។ ឥណ្ឌា​ក៏​មានការបារម្ភ​ផងដែរ ខ្លាច​ចិន​​បង្ក​ឧបសគ្គ​ រារាំង​ឥណ្ឌា​មិន​ឲ្យ​ទទួល​បាន​អាសនៈ​ជា​សមាជិក​អចិន្រ្តៃយ៍ នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. ដែល​ឥណ្ឌា​កំពុង​តែ​ទទូចសុំ។
នៅមុនពេល លោក​វេន ជាប៉ាវ ចេញ​ដំណើរ​ទៅ​ឥណ្ឌា ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​ឥណ្ឌា​បាន​ថ្លែង​ថា ប្រមុខដឹកនាំ​ចិន និង​ឥណ្ឌា នឹង​ជជែក​គ្នា​ទៅ​លើ​គ្រប់សំណុំរឿង​ទាំងអស់។
ក្រោយ​ពី​បញ្ចប់​ទស្សនកិច្ច​ នៅ​ឥណ្ឌា លោក​វេន ជាប៉ាវ នឹង​បន្ត​ដំណើរ​ទៅ​​បំពេញ​ទស្សនកិច្ច​ នៅ​ប្រទេស​ប៉ាគីស្តង់ គូសត្រូវ​របស់​ឥណ្ឌា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ