អានតួអត្ថបទ
ចិន

របួស​៦នាក់​ ក្នុង​ការ​វាយប្រហារ​នៅ​ស្ថានីយ​​រថភ្លើង​ចិន​ភាគ​ខាងត្បូង​

អំពើ​ហិង្សា​ដោយ​កាំបិត​​​បាន​កើតឡើង ​នៅ​ស្ថានីយ​រថភ្លើង​ចិន​មួយកន្លែង​ទៀតហើយ។ នៅ​ថ្ងៃ​អង្គារ​នេះ ក្រុម​មនុស្ស​៤នាក់ បានចូល​ទៅ​​វាយប្រហារ​អ្នកដំណើរ នៅ​ស្ថានីយ​រថភ្លើង​​​មួយ​កន្លែង​ ស្ថិត​នៅខេត្ត​Guangdong កង់តុង ​ភាគខាងត្បូង ធ្វើអោយ​មនុស្ស​​៦នាក់​​​រងរបួស។ ជន​ល្មើស​២នាក់​បាន​រត់គេច​ខ្លួន ​កងកម្លាំង​​ចិន​បានកំចាត់​បាន​ជនល្មើស​ម្នាក់ និង​ចាប់ខ្លួន​បាន​ម្នាក់​ទៀត។ ​

ប៉ូលិស​ចិន​ឈរ​​យាម​នៅពីមុខ​ស្ថានីយ​រថភ្លើង​ក្នុង​ខេត្ត​កង់តុង ក្រោយពេល​មាន​ការ​វាយប្រហារ​ ថ្ងៃ​អង្គារ​នេះ។
ប៉ូលិស​ចិន​ឈរ​​យាម​នៅពីមុខ​ស្ថានីយ​រថភ្លើង​ក្នុង​ខេត្ត​កង់តុង ក្រោយពេល​មាន​ការ​វាយប្រហារ​ ថ្ងៃ​អង្គារ​នេះ។ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

នៅស្ថានីយ​រថភ្លើង ក្នុង​ខេត្ត​Guangdong កង់តុង ​ភាគខាងត្បូងប្រទេស​ចិន​ នៅថ្ងៃ​អង្គារ​នេះ កងកម្លាំង​​ចិន​បាន​​ចូល​មក​អន្តរាគមន៍​​​​ចាប់ក្រុម​ជនពាល៤នាក់ ​​ដែល​បាន​ប្រើ​កាំបិត វាយ​ប្រហារ​​​អ្នកដំណើរ។ ក្រុម​ប៉ូលិស​​​បានបាញ់​​​លើ​​ក្រុម​ជនល្មើស ធ្វើ​អោយ​មាន​ជនល្មើស​ម្នាក់​ស្លាប់។ ជនល្មើស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន តែ​២នាក់​ទៀត​រត់​រួចខ្លួន​បាត់។ យោងតាម​​ប៉ូលិស ជន​ល្មើស​ទាំងនោះ​មិនបាន​ស្តាប់​​ប៉ូលិស​នោះទេ ហេតុ​នេះ​ហើយទើប​ប៉ូលិស​បាន​បាញ់​លើ​ពួកគេ។

​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​​របស់​គណបក្ស​កុម្មុយនិស្ត​ចិន​ បាន​ចុះផ្សាយ​ថា​ កាំបិត​ដែល​ក្រុម​ជនពាល​​បាន​ប្រើ​វាយប្រហារ​លើ​អ្នកដំណើរ​នោះ ​ជា​កាំបិត​ដែល​​អ្នកកាន់​សាសនា​អ៊ីស្លាម​តែង​តែ​ប្រើ។ ការ​វាយប្រហារ​នេះ​កើតឡើង​ ក្រោយ​ពេល​រថភ្លើង​មួយគ្រឿង​ធ្វើ​​ដំណើរ​មកពី​ខេត្ត​គុនមីង ភា​គនិរតី​ ​បាន​​ចូល​មកដល់​ស្ថានីយ។ ស្ថានីយ​រថភ្លើង​ខេត្ត​​គុនមីង ក៏​រងការ​វាយ​ប្រហារ​​ដោយ​ក្រុម​​​បិទមុខ ​កាលពី​ខែ​មិនា​ដែរ។ កាលណោះ ​ក្រុម​បិទមុខ​បាន​ប្រើកាំបិត​ចាក់​សម្លាប់​អ្នកដំណើរ ធ្វើអោយ​មាន​មនុស្ស​២៩នាក់ ស្លាប់ និង​១៤០នាក់ទៀត​រងរបួស។​

ការវាយប្រហារ​ដោយកាំបិត​ នៅ​ស្ថានីយ​រថភ្លើង​ខេត្ត​កង់តុង Guangdong ថ្ងៃ​អង្គារ​នេះ កើតឡើង​​​តែ​មួយសប្តាហ៍​ប៉ុណ្ណោះ ក្រោយ​ហេតុការណ៍​ផ្ទុះ​គ្រាប់​បែក​ នៅ​ពី​មុខ​ស្ថានីយ​រថភ្លើង​មួយ​កន្លែង នៅ​ក្រុង​អ៊ូលូអ៊ូម​ឈី ក្នុង​ខេត្ត​ស៊ីនជាំង​ភាគខាងលិច។ ​អំពើហិង្សា​នៅ​ស្ថានីយ​រថភ្លើង​ខេត្ត​ស៊ីនជាំង​នេះ បាន​សម្លាប់​មនុស្ស​​៣នាក់ ២នាក់​ក្នុង​នោះ ជា​ភេរវជន។ ​យោងតាម​សារព័ត៌មាន​ចិន​នានា ​ក្រុម​ភេរវជន​ទាំងនេះ គឺ​ជា​ក្រុមជ្រុល​និយម​សាសនា​​។ ខេត្ត​ស៊ីនជាំង​សំបូរ​ជនជាតិ​អ៊ុយហ្គួ កាន់​សាសនា​អ៊ីស្លាម​រស់នៅ។ ជនជាតិ​អ៊ុយហ្កួ តែង​បរិហារ​រដ្ឋអំណាច​ចិន​ថា គាបសង្កត់​វប្បធម៌ ប្រពៃណី​ និង​សាសនា​របស់​ពួកគេ។ រដ្ឋអំណាច​ចិន​វិញ​ បាន​ទំលាក់​កំហុស​នៃអំពើហិង្សា​ក្នុង​តំបន់ ទៅ​លើ​ជនជាតិ​អ៊ុយហ្កួ។​

ហេតុការណ៍​វាយប្រហារ​ញឹកញាប់​នៅ​ស្ថានីយ​រថភ្លើង​ចិន ក្នុង​រយៈពេល​ចុងក្រោយនេះ បាន​ធ្វើអោយ​ប្រជាជន​​ភ័យខ្លាច​​ក្នុង​ការ​ធ្វើដំណើរ។ ប្រធានាធិបតី​ចិន ដែល​បាន​ចុះទៅ​ខេត្ត​ស៊ីនជាំង ចំពេល​មាន​​អំពើហិង្សា​នៅស្ថានីយ​រថភ្លើង​ កាលពី​១សប្តាហ៍​មុននេះ បាន​អំពាវនាវ​អោយ​ក្រុម​ប៉ូលិសចាត់​វិធានការ​ខ្លាំងក្លា ​ប្រឆាំង​​​​អំពើ​ភេរវកម្ម​​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ