អានតួអត្ថបទ
ថៃ

អាជីវកម្ម​ភ្លុកសត្វ​កើនឡើង​ ក្នុង​ទឹកដី​ថៃ​ អាច​​ជំរុញ​ការកាប់​សម្លាប់​សត្វ​នៅ​អាហ្វ្រិក​

នៅថ្ងៃ​ពុធនេះ អង្គការ​​ Traffic ជា​បណ្តាញ​​ត្រួតពិនិត្យ​លើ​អាជីវកម្ម​​សត្វ​និង​រុក្ខជាតិ​ព្រៃ បាន​បរិហារ​​ពីការ​កើនឡើង​​នៃ​អាជីវកម្ម​​​ភ្លុកសត្វ​ក្នុង​ទឹកដី​ថៃ ​ដែល​សបង្ហាញ​ពី​​ការ​ហូរចូល​​​នៃ​ភ្លុកសត្វ​​ ​មកពី​បណ្តា​ប្រទេស​អាហ្វ្រិក។ យោងតាម​របាយការណ៍​របស់​អង្គការ​​ Traffic ចន្លោះ​ខែ​មករា ឆ្នាំ​២០១៣ ដល់​ខែ​ឧសភា​ឆ្នាំ​​២០១៤នេះ ​ផលិតផល​ភ្លុកសត្វ​ លក់​នៅ​តាម​ទីកន្លែង​មួយចំនួន​​នៅ​បាងកក ​មាន​ការកើនឡើង​១ជា​៣។ ជាទូទៅ​ ​ការកើនឡើង​អាជីវកម្ម​ភ្លុក​​នេះ គឺ​ដើម្បីបំពេញ​​​តំរូវការ​របស់​​​ភ្ញៀវ​​ទេសចរ​ចិននៅ​បាងកក។

ដំរី​អាហ្វ្រិកអាចត្រូវ​គេ​សម្លាប់​យកភ្លុក យក​មកលក់​នៅ​ថៃ។
ដំរី​អាហ្វ្រិកអាចត្រូវ​គេ​សម្លាប់​យកភ្លុក យក​មកលក់​នៅ​ថៃ។
ផ្សាយពាណិជ្ជកម្ម

គួរ​រំលឹក​ថា រដ្ឋាភិបាល​ក្រុងបាងកក ​បាន​​​​អនុញ្ញាត​អោយធ្វើ​​​​​​​​​​​អាជីវកម្ម​​​ភ្លុក​ដំរី​​ថៃ​ខ្លួនឯង ​ក្នុង​ទឹកដី​ថៃ​​ខ្លួនឯង​។ ប៉ុន្តែ ​យោងតាម​ការវាយតម្លៃ​របស់​អង្គការ​​ Traffic ទទួល​បន្ទុក​​​ត្រួតពិនិត្យ​​​អាជីវកម្ម​​សត្វ​និង​រុក្ខជាតិ​ព្រៃ ផលិតផល​​ភ្លុក​ពី៧០​ទៅ​៨០ភាគរយ ដែល​អង្គការ​​​សង្កេត​ឃើញ​នៅថៃ មាន​ផលិតផលភ្លុក​​​មួយចំនួន​​​​ ​មាន​ទំហំ​ទ្រង់ទ្រាយ​​ធំ​ហួស​ពី​ទំហំ​ភ្លុក​ដំរី​​​អាស៊ី។ នេះ​សបញ្ជាក់​ថា ​ភ្លុក​សត្វ​មួយចំនួន មិនមែន​ជា​ភ្លុក​សត្វ​ដែល​រស់នៅ​អាស៊ី​ទេ​​​ អាច​ជា​ភ្លុកសត្វ​នាំ​មកពីអាហ្វ្រិក ដើម្បី​លក់​​ក្នុង​​ទឹកដី​​ថៃ។

របាយការណ៍​អង្គការ​​ Traffic បង្ហាញ​ថា ផលិតផល​​ភ្លុកសត្វ​មាន​ដូច​ជា​គ្រឿងអលង្កា រឺ​គ្រឿង​​​​​ប្រើប្រាស់​​​​​ផ្សេងៗ ​លក់​តាម​​ទីកន្លែង​មួយចំនួន​ នៅក្រុង​បាងកក ​បាន​កើនឡើង​ទ្វេដង ពី​ខែ​មករា ដល់ខែ​ធ្នូ​ ឆ្នាំ​​​​២០១៣។ ​​​ហើយ​ពី​ខែ​មករា​ឆ្នាំ​២០១៣ ដល់​ខែ​ឧសភា ឆ្នាំ​២០១៤ ​ផលិតផល​ភ្លុកសត្វ​ បាន​កើនឡើង​រហូត​១ជា៣ ​គឺមាន​ផលិតផល​កើន​ពី​៥ពាន់ ដល់​១ម៉ឺន​៤ពាន់​៥រយ​​គ្រឿង។ ក្នុង​ចំណោម​​សត្វដំរី​​​​​ក្នុង​ស្រុក​​​ថៃ ប្រមាណ​៤០០០ក្បាល ១២០០ក្បាល ​ជា​ដំរី​ឈ្មោល​មានភ្លុក។ ​ដូច្នេះ បរិមាណភ្លុកសត្វ​កើនឡើង ​​​ក្នុងអាជីវកម្ម​នៅថៃ ​​ពេលនេះ ស​បង្ហាញ​ថា ភ្លុកភាគច្រើន​​​​ជា​ភ្លុក​​​​ បាន​មក​ដោយ​រំលោភ​​ច្បាប់​អន្តរជាតិ។​ អង្គការ​ត្រាហ្វិក​​បានអំពាវនាវ​​​អោយ​រដ្ឋាភិបាលក្រុង​បាងកក ​​ចាត់វិធានការ​​ប្រឆាំង​​​រាល់​អាជីវកម្ម ដែល​ជំរុញ​​អោយ​មានការ​កាប់សម្លាប់ដំរី​នៅអាហ្វ្រិក។ យោងតាម​​អង្គការ​​​ត្រាហ្វិក​​ ថៃ​​អាច​​​​​ព្យួរ​ចោល​​​​​អាជីវកម្ម​​ភ្លុក​​បណ្តោះអាសន្ន​បាន។ ​

យោងតាម​​​អនុសញ្ញា​​ស្តីពី​​​អាជីវកម្ម​អន្តរជាតិ​លើ​ប្រភេទ​សត្វ​ ​ដែល​រងការគំរាមកំហែង​ ដំរី​អាហ្វ្រិក​​​​ជាង​​​​២ម៉ឺនក្បាល ត្រូវបាន​​គេ​សម្លាប់​​យក​ភ្លុក ​ក្នុង​ឆ្នាំ​២០១៣។ ​កាលពីឆ្នាំ​២០១២ មាន​ជាង​២ម៉ឺន២ពាន់​ក្បាល ដែល​គេសម្លាប់​យកភ្លុក​។ ​​ថ្វីបើ​ការសម្លាប់ដំរី​អាហ្វ្រិក​យកភ្លុក​​​មាន​ការ​ថយចុះ​ ​ការ​សម្លាប់​ដំរី​យកភ្លុក ​នៅតែ​ជា​ការ​គំរាម​​​​សត្វព្រៃ​ដដែល។ ថៃ​ធ្លាប់​បាន​សន្យា​កាលពី​ឆ្នាំ​២០១៣​​ថា ​នឹង​​ធ្វើសកម្មភាពបន្ថែម​ប្រឆាំង​នឹង​ការជួញដូរ​ភ្លុកសត្វ៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ