អាជ្ញាធរថៃចាប់ផ្តើមបោសសំអាតនៅក្នុងរង្វង់មេដឹកនាំប៉ូលិស
ពិរុទ្ធភាពពីបទប្រមាថព្រះមហាក្សត្រគឺជារឿងធម្មតានៅប្រទេសថៃ ក៏ប៉ុន្តែការដាក់ទោសទៅលើក្រុមនាយទាហានជាន់ខ្ពស់បែបនេះ ជារឿងដ៏កម្របំផុតនៅប្រទេសថៃ។ ថ្មីៗនេះ នាយទាហានជាន់ខ្ពស់ថៃ៨រូបក្នុងចំណោមនោះ ៣រូប ជាមេប៉ូលិសថ្នាក់ឧត្តមសេនីយ ត្រូវបានអាជ្ញាធរចាប់ខ្លួននិងដាក់ទោសពីបទប្រមាថព្រះចេស្តាមហាក្សត្រនិងបទប្រព្រឹត្តអំពើពុករលួយ។ ការចាប់ខ្លួនក្រុមនាយទាហានជាន់ខ្ពស់ថៃទាំងនេះ សរឲ្យឃើញដែរ នូវឆន្ទៈដ៏មុះមុតរបស់រដ្ឋាភិបាលដែលដឹកនាំដោយពួកយោធានៅក្នុងការប្រយុទ្ធប្រឆាំងទល់នឹងអំពើពុករលួយដែលរីករាលដាលនៅក្នុងរង្វង់មេដឹកនាំប៉ូលិស។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៣៤
ជាលើកទីមួយហើយ ដែលមេដឹកនាំជាន់ខ្ពស់ប៉ូលីសថៃ ត្រូវជាប់ចោទពីបទប្រមាថព្រះរាជវង្ស។
ប៉ុន្តែការលំអិតទាក់ទងនឹងបទចោទប្រកាន់ខាងលើនេះ ពុំត្រូវបានគេបង្ហើបឲ្យដឹងឡើយ។ ក្នុងចំណោមនាយទាហានជាន់ខ្ពស់ថៃ៨រូបដែលត្រូវបានអាជ្ញាធរថៃចាប់ខ្លួននោះ ក៏មានរូបលោក ឧត្តមសេនីយពុងប៉ាត ឆាយាប៉ាន់( Pongpat Chayapan)ដែរ។ លោក Chayapan ជាមេប៉ូលីសដ៏មានអំណាចបំផុតនៃការិយាល័យកណ្តាលផ្នែកស៊ើបអង្កេត អាចនឹងទទួលទោសជាប់ពន្ធនាគាររវាង៣ឆ្នាំទៅ១៥ឆ្នាំ។
នៅលើការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយវិញ អាជ្ញាធរថៃ បានបង្ហើបឲ្យដឹងច្រើន។ ដូចជាការបញ្ជាក់ពីទ្រពធនរបស់ លោកឧត្តមសេនីយ Chayapan ដែលគិតជាលុយមានចំនួនប្រមាណជា ២សែន៥ម៉ឺនលានអឺរ៉ូ ត្រូវបានអាជ្ញាធររិបអូស។ ចំនួនលុយនេះ បើគិតជាប្រាក់បៀវត្សរ៍ក្នុងមួយខែវិញ គឺស្មើនឹងលុយប្រមាណជា ២៥០០អ៊ឺរ៉ូ សំរាប់នាយទាហានដឺកនាំជាន់ខ្ពស់ថ្នាក់នេះ។ បាតុភាពពុករលួយដែលស៊ីរូងនៅក្នុងរង្វង់ថ្នាក់ដឹកនាំជាន់ខ្ពស់ប៉ូលីសថៃនេះ សរឲ្យឃើញថា រាល់កំណែទម្រង់របស់រដ្ឋាភិបាលថៃក្នុងការកំចាត់អំពើពុករលួយនៅក្នុងប្រទេស ត្រូវទទួលបរាជ័យ។
ក៏ប៉ុន្តែ សកម្មភាពដ៏ផុសផុលរបស់រដ្ឋាភិបាលថៃនៅក្នុងការប្រឆាំងទល់នឹងអំពើពុករលួយក្នុងរង្វង់ក្រុមនាយទាហានជាន់ខ្ពស់ដែលពីមុនគ្មាននណាមួយហ៊ានប៉ះពាល់សោះ ហាក់បីដូចជាការជូនដំណឹងអំពីការផ្លាស់ប្តូរមួយនៅក្នុងការដឹកនាំរបស់រដ្ឋាភិបាលថៃបច្ចុប្បន្ន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ