អានតួអត្ថបទ
ចិន

វិបត្តិសេដ្ឋកិច្ច៖ សហគ្រាស​ចិន​ចំនួន​៦០០​សុំជំនួយ​ពី​រដ្ឋាភិបាល​

ដំណឹង​មិនល្អ​មានកាន់តែ​ច្រើនឡើងៗ​សម្រាប់​សេដ្ឋកិច្ចចិន។​ អត្រា​កំណើន​សេដ្ឋកិច្ច​ចិន​នៅត្រីមាស​ទី២​ឆ្នាំ២០១២​មាន​តែ​៧,៦%​ប៉ុណ្ណោះ​ ​ ដែលជា​អត្រា​ទាបបំផុត​នារយៈកាល​បីឆ្នាំ​ចុងក្រោយ​នេះ​សម្រាប់​ “រោងចក្រ​ពិភពលោក”​ មួយនេះ។​ នៅខែ​មិថុនា​កន្លងទៅ​ ការបោះ​ទុន​ធ្វើ​វិនិយោគ​បរទេស​បាន​ថុ​ស្រុតចុះ​អស់​៦,៩%​ ​ ហើយនៅ​ថ្ងៃ​អង្គារ​ទី១៧​កក្កដា​ម្សិលមិញ​ទៀត​ ​ សហគ្រាសចិន​ចំនួន​៦០០​បាន​សុំ​ជំនួយ​ពី​អាជ្ញាធរ​នៃ​ខេត្ត​ជឹជាំង​ ​ ដែលជា​ខេត្ត​សម្បូណ៌​សប្បាយ​ឋិត​នៅ​ប៉ែក​ខាងកើត​នៃ​ប្រទេសចិន។​ សហគ្រាចិន​ទាំងនេះ​កំពុង​ឋិត​នៅក្រោម​គំនរ​ប្រាក់​បំណុល​ ​ ហើយគ្មាន​លទ្ធភាព​នឹង​សង​ធនាគារ​ដែលជា​ម្ចាស់​បំណុល​របស់​ខ្លួន។ 

រូបិយបណ្ណចិន​​និង​​អគារ​​ដ៏​ខ្ពស់​​ស្កឹមស្កៃ​​នៃ​ទីក្រុង​​ Shanghai​
រូបិយបណ្ណចិន​​និង​​អគារ​​ដ៏​ខ្ពស់​​ស្កឹមស្កៃ​​នៃ​ទីក្រុង​​ Shanghai​ Reuters/路透社
ផ្សាយពាណិជ្ជកម្ម

 

វិបត្តិ​ហិរញ្ញវត្ថុ​នៃ​សហគ្រាចិន​ដែល​កំពុង​ឋិត​នៅក្រោម​គំនរ​ប្រាក់​បំណុល​ទាំងនេះ​ធ្វើឲ្យ​គេ​នឹកដល់​វិបត្តិ​ប្រាក់​បំណុល​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​របស់​សហគ្រាស​ចិន​ខ្នាតតូច​នឹង​មធ្យម​នៅ​ទីក្រុង​ វិន​ ចូវ​ នៅ​រដូវ​ក្តៅ​ឆ្នាំមុន។​ ខុសគ្នា​ត្រង់​លើកនេះ​ ​ មិនមែន​ជាប់​ទាក់ទិន​តែ​ សហគ្រាស​ចិន​ខ្នាតតូច​នឹង​មធ្យម​ប៉ុណ្ណោះទេ​ ​ វា​ជាប់​ទាក់ទិន​ជាពិសេស​តំបន់​នៃ​ទីក្រុង​ Hangzhou ​ដែល​ល្បីថា​ ជាទីក្រុង​របស់​មហាសេដ្ឋី​ចិន​ដែល​ឋិត​នៅ​ខាងត្បូង​នៃ​ទីក្រុង​សៀងហៃ។​ ហើយមាន​សហគ្រាសចិន​ដល់ទៅ​ចំនួន​៦០០​បាន​អំពាវនាវ​សុំ​ “ជំនួយ​បន្ទាន់”​ ពី​អាជ្ញាធរ​នៃ​ខេត្ត​ជឹជាំង។​ នេះ​បើយោងតាម​ការ​ផ្សាយ​ឲ្យដឹង​ដោយ​គេហទំព័រ​ 21 Shiji Jingji Baodao”​ ឬ​ “សេដ្ឋកិច្ច​នៃ​សតវត្សរ៍​ទី២១”។

ក្នុងចំណោម​ សហគ្រាចិន​កំពុង​ឋិត​នៅក្រោម​គំនរ​ប្រាក់​បំណុល​ទាំង៦០០នេះ​ ​មាន​៥០០សហគ្រាស​ដែលមាន​ទំហំ​ធំជាងគេ​នៅក្នុង​ប្រទេសចិន៖​ មានជាអាទិ៍​ មហាក្រុមហ៊ុន​ឈ្មោះ​ Jiayi ​ ឬ​ក្រុម​ Rongshi ​ដែលជំនាញ​ខាង​ផលិត​ក្តារបន្ទះ​សម្រាប់​សំណង់​សាងសង់។​ ក្រុមហ៊ុន​ចិនធំៗ​ទាំងនេះ​ គ្មាន​លទ្ធភាព​នឹង​សង​ប្រាក់បំណុល​របស់​ខ្លួន​ដែលបាន​ធ្វើឲ្យ​ធនាគារ​ជា​​ម្ចាស់​បំណុល​ភ័យ​ស្លន់ស្លោ។

គួរកត់​សម្គាល់ថា​ ​ កាលពី​ថ្ងៃ​ទី១៤​មិថុនា​កន្លងទៅ​ ​ នគរបាល​នៃ​ទីក្រុង​ហាងចូវ​បាន​កោះហៅ​ជន​ឈ្មោះ​ Yu Zhongjiang ​ប្រធាន​អគ្គនាយក​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​ Zhongjiang​ ។​ ជននេះ​គ្មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​សង​បំណុល​របស់​ខ្លួន​ ​ប្រាក់បំណុល​ដែលមាន​ដល់ទៅ​រាប់រយ​ពាន់លានយ័ន​​ ​ ដែលបាន​បណ្តាល​ឲ្យ​ធនាគារ​ជា​ម្ចាស់​បំណុល​ភ័យ​ឆោឡោ។

ចំណែកឯ​ក្រុមហ៊ុន​ផលិត​ខ្សែភ្លើង​អគ្គិសនី​ឈ្មោះ​ ហ៊ូប៉ៃ​ គ្មាន​ប្រាក់​៨០លានយ័ន​សម្រាប់​សង​ធនាគារចិន​និង​ធនាគារ​ឈ្មោះ​ Huaxia ។

សហគ្រាចិន​កំពុង​ឋិត​នៅក្រោម​គំនរ​ប្រាក់​បំណុល​ទាំង​នេះ​ បាន​អំពាវនាវ​សុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ចិន​ ​ សុំឲ្យ​មាន​ការ​យល់ព្រម​ “ព្យួរផ្អាក​សងប្រាក់​បំណុល”​ សម្រាប់​រយៈកាល​បីឆ្នាំ។

ការអំពាវនាវ​សុំ​អន្តរាគមន៍​បែបនេះ​ជាសញ្ញា​មួយ​បង្ហាញ​ឲ្យ​ឃើញថា​ ​ ការបញ្ចុះ​អត្រា​ការប្រាក់​នាំមុខ​ដោយ​ធនាគារ​កណ្តាលចិន​ ​ ពុំមាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​ជួយ​ជំរុញ​ឲ្យ​មាន​ការ​ផ្តល់​ឥណទាន​ឲ្យ​សហគ្រាស​ឡើយ។​ ហើយក៏​ដូច​វិបត្តិ​សេដ្ឋកិច្ច​កាលពី​ឆ្នាំទៅ​នៅ​ទីក្រុង​ ​វិនចូវ​ ​ រដ្ឋាភិបាល​ចិន​ច្បាស់ជា​ចូល​ធ្វើ​អន្តរាគមន៍​ជាពុំខាន​ ​ ដើម្បី​ជួយ​បញ្ចៀស​សហគ្រាស​ចិន​ធំៗ​ទាំងនោះ​ធ្លាក់​ទៅ​ក្នុង​សភាព​ធនក្ស័យ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ