អានតួអត្ថបទ
អ៊ីស្រាអែល​

Netanyahu​ ទទួល​ការ​គាំទ្រ​ច្រើន​ក្នុង​ការ​បោះឆ្នោត​សភា​មុន​អណត្តិ​នៅ​អ៊ីស្រាអែល​

នៅ​ថ្ងៃ​អង្គារ​នេះ ប្រជាជន​​អ៊ីស្រាអែល​​ប្រហែល​ជា​ ៥​លាន​៦សែន​នាក់ បាន​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​​ ជ្រើស​​រើស​តំណាង​រាស្ត្រ​របស់​ខ្លួន​ សំរាប់​​ដំណើរ​ការ​លើក​ទី ១៩​​ របស់​​សភា Knesset។ យោង​តាម​ការ​ស្ទាប​ស្ទង់​មតិ​ នាយក​រដ្ឋ​មន្ត្រី​ Benjamin Netanyahu មក​ពី​គណបក្ស​ស្តាំ​និយម​ Likoud បាន​ទទួល​សំលេង​គាំ​ទ្រ​ច្រើន​ជាង​គេ​ ដែល​អាច​នឹង​នាំ​លោក​ ឈាន​ទៅ​​កាន់​តំណែង​​សំរាប់​អណត្តិ​ទី​ពីរ​ទៀត។ ​គេ​រំពឹង​ថា​ គណបក្ស​ស្តាំ​និយម​ ដែល​មាន​គណបក្ស​ Likoud និង​​ គណបក្ស​ជាតិ​និយម Beiteinou​ របស់​បេក្ខ​ជន Avigdor Lieberman ប្រហែល​ជា​អាច​ទទួល​បាន​ ៣២​ ទៅ​ ៣៥​ កៅអី ក្នុង​កៅអី​ទាំង​ ១២០​ ក្នុង​សភា។

លោក​ នេតានីយ៉ាហ៊ូ និង​​ភរិយា​ ព្រម​​ទាំង​​កូនៗ​របស់​​លោក​ នៅ​​ទី​​ស្នាក់​ការ​​បោះ​​ឆ្នោត​​ ថ្ងៃ​​ ២២​​មករា​​
លោក​ នេតានីយ៉ាហ៊ូ និង​​ភរិយា​ ព្រម​​ទាំង​​កូនៗ​របស់​​លោក​ នៅ​​ទី​​ស្នាក់​ការ​​បោះ​​ឆ្នោត​​ ថ្ងៃ​​ ២២​​មករា​​ Reuters/路透社
ផ្សាយពាណិជ្ជកម្ម

 

នៅ​ថ្ងៃ​អង្គារ​នេះ ទីស្នាក់​ការ​បោះ​ឆ្នោត​ប្រហែល​ជា​មួយពាន់​កន្លែង បាន​បើក​ទ្វា​​ទទួល​អ្នក​បោះឆ្នោត​ក្នុង​ប្រទេស។ ក្នុង​បញ្ជី​បោះ​ឆ្នោតសភា​មុន​អណត្តិនេះ​​ គេឃើញ​មាន​បេក្ខភាព​របស់​​​គណបក្ស​ចំនួន ៣៤​។ ដោយ​សារ​ថា គ្មាន​គណបក្ស​​​អ៊ីស្រាអែល​ណា​មួយ​​ ដែល​នឹង​អាច​​​គ្រប់​គ្រង​ប្រទេស​បាន​តែ​ឯកឯងនោះ យោង​តាម​លទ្ធផល​បោះ​ឆ្នោត ដើម្បី​​​រៀប​ចំ​​សមាសភាព​នៃ​​សភា Knesset  ប្រធានាធិបតី​​​​​អ៊ីស្រាអែល លោក​ Shimon Peres នឹង​​​សំរេច​ថា តើ​គួរ​​ជ្រើស​រើស​​​​បេក្ខជន​មួយណា នៅ​ក្នុង​ចំណោម​បេក្ខជន​​​មក​ពី​គណបក្ស​សំខាន់​​នានា ដែល​ទទួល​បាន​សំលេងឆ្នោត​​ច្រើន​ អោយ​កាន់​កាប់​​អនាគត​រដ្ឋាភិបាល​​ចំរុះ។

យោង​តាម​ការ​ស្ទាប​ស្ទង់​មតិ​ នាយក​រដ្ឋ​មន្ត្រី​ Benjamin Netanyahu មក​ពី​គណបក្ស​ស្តាំ​និយម​ Likoud អាច​នឹង​​ជាប់​ឆ្នោត​​ ដើម្បី​កាន់​កាប់​​តំណែង​​សំរាប់​អណត្តិ​ទី​ពីរ​ទៀត។ លើស​ពី​នេះ គណបក្ស​ស្តាំ​និយម​នានា នឹង​ទទួល​បាន​កៅអី​ច្រើន​ នៅ​ក្នុង​សភា។

គណបក្ស​​ Likoud របស់​លោក Netanyahu និង​​ គណបក្ស​ជាតិ​និយម Beiteinou​ របស់​បេក្ខ​ជន Avigdor Lieberman ​អាច​​នឹង​ទទួល​បាន​ ៣២​ ទៅ​ ៣៥​ កៅអី ក្នុង​​ចំណោម​កៅអី​ទាំង​ ១២០​ ក្នុង​សភា។ បន្ទាប់​មក ​គណបក្ស​​ការងារ​ដែល​ជា​គណបក្ស​កណ្តាល​និយម អាច​នឹង​ទទួល​បាន​កៅអី​ ពី​ ១៦​ ទៅ​ ១៧ កៅអី។ គណបក្ស​កណ្តាល​និយម​មួយ​​នេះ បាន​លើក​យក​​​បញ្ហា​សេដ្ឋកិច្ច​ និង​សង្គម​មក​ធ្វើ​ជា​ប្រធានបទ​នៃ​ការ​ឃោសនា​​បោះឆ្នោត ហើយ​បាន​ចៀសវៀង​​​​​​​ ប្រធានបទ​ទាក់ទង​​បញ្ហា​រវាង​​​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។​​

ដោយ​ឡែក​ គេ​ក៏សង្កេត​ឃើញ​មាន​​ គណបក្ស​​សាសនា​ជាតិ​​ហ្ស៊ីហ្វ ​ ស្តាំ​​និយម​ជ្រុល​មួយ​ដែរ​ ដែល​បាន​បដិសេធ​​ការ​បង្កើត​អោយ​មាន​រដ្ឋ​ប៉ាឡេស្ទីន​ឡើង។​ ទោះ​យ៉ាងណា​ គណបក្ស​​ផ្សេងៗ​ទៀត​ កំពុង​តែ​​រង់​ចាំ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ ដើម្បី​មើល​ថា​​តើ​ខ្លួន​អាច​មាន​វត្តមាន​ ក្នុង​រដ្ឋាភិបាល​ចំរុះ​ដែរ​រឺទេ។

បើ​សិន​ជា​ លោក​ Netanyahu ​ជាប់​ឆ្នោត​មែន​នោះ លោក​ត្រូវ​ប្រឈម​មុខ​​ នឹង​ឧនភាព​ថវិកា​ក្នុង​ប្រទេស​នាពេល​បច្ចុប្បន្ន​ ជា​ពិសេស​ទៅ​ទៀត​នោះ នៅ​លើ​ឆាក​អន្តរជាតិ លោក​ត្រូវ​រង​សម្ពាធ​​ធ្ងន់​ ដោយ​សារ​តែគោល​​​​នយោបាយ​​ ចង់​ដាក់​អាណានិគម​​ដែន​ដី​អ៊ីស្រាអែល​​​​​ នៅ​ក្នុង​តំបន់ Cisjordanie៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ