អានតួអត្ថបទ
ភូមា-សហរដ្ឋអាមេរិក

ការហាម​ពុំឲ្យ​នាំទំនិញ​ចូល​សហរដ្ឋ​អាមេរិក​នឹងធ្វើឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ភូមា​

បំរ៉ាម​ហាម​ពុំឲ្យ​នាំ​ផលិតផល​ភូមា​ចូល​សហរដ្ឋ​អាមេរិក​គឺ​ពិតជា​កត្តា​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ភូមា​ ​ ជាពិសេស​ក្នុង​វិស័យ​ឧស្សាហកម្ម​វាយនភ័ណ្ឌ​ ​ ដែល​ជា​វិស័យ​បង្កើត​ការងារ​ដ៏​ច្រើន​ជូន​ប្រជាជន។​ បំរ៉ាម​អាមេរិកាំង​នេះ​នឹង​ពុំ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​អ្នកជំនិត​នៃ​អតីត​មេដឹកនាំ​ផ្តាច់ការ​ភូមាឡើយ។​ នេះ​ជាការ​បរិហារ​នៅ​ថ្ងៃសុក្រ​នេះ​ដោយ​ក្រុមវិភាគ​ពិចារណា​វិបត្តិ​អន្តរជាតិ​ International Crises Group។

​លោក​ប្រធានាធិបតី​ភូមា​ ថេន សេន​​ ​ធានា​​អះអាង​​ឲ្យមាន​​កំណែ​​ទម្រង់​​វគ្គទីពីរ​​​សង្កត់​​ទៅលើ​​វិស័យ​​សេដ្ឋកិច្ច​
​លោក​ប្រធានាធិបតី​ភូមា​ ថេន សេន​​ ​ធានា​​អះអាង​​ឲ្យមាន​​កំណែ​​ទម្រង់​​វគ្គទីពីរ​​​សង្កត់​​ទៅលើ​​វិស័យ​​សេដ្ឋកិច្ច​ REUTERS/Tomohiro Ohsumi/Pool
ផ្សាយពាណិជ្ជកម្ម

នៅដើមខែ​កក្កដា​ឆ្នាំ២០១២នេះ​ ទីក្រុង​វ៉ាស៊ីនតោន​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អាមេរិកាំង​ទៅ​បោះទុន​ធ្វើ​វិនិយោគ​នៅ​ក្នុង​ប្រទេស​ភូមា​ ​ ទាំង​នៅក្នុង​វិស័យ​ដ៏​ចម្រូង​ចម្រាស​ដូចជា​ ​ វិស័យ​ឧស្ម័ន​និង​ប្រេងកាត​ជាដើម។

ក៏ប៉ុន្តែ​ទណ្ឌកម្ម​អាមេរិកាំង​ពាក់ព័ន្ធ​នឹង​ការហាម​ពុំឲ្យ​នាំ​ទំនិញ​ភូមា​ចូល​សហរដ្ឋ​អាមេរិក​នៅតែ​រក្សាទុក។​ គណៈកម្មការ​ហិរញ្ញវត្ថុ​នៅ​ព្រឹទ្ធសភា​អាមេរិក​បាន​បោះឆ្នោត​កាលពី​សប្តាហ៍​មុន​ ​ បន្ត​ដាក់​ទណ្ឌកម្ម​ ហាម​ពុំឲ្យ​នាំ​ផលិតផល​ភូមា​ចូល​សហរដ្ឋ​អាមេរិក​បីឆ្នាំ​បន្តទៀត។

ប្រសិន​បើ​សភា​អ្នកតំណាង​អាមេរិក​សម្រេច​បោះឆ្នោត​ដូច​ព្រឹទ្ធសភា​មែន​ ​ “នោះ​វាច្បាស់ជា​នឹង​ធ្វើឲ្យ​ប៉ះបាល់​ដល់​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ភូមា​ ​ ​ ជាពិសេស​ក្នុង​វិស័យ​ឧស្សាហកម្ម​វាយនភ័ណ្ឌ​ ​ ដែល​ជា​វិស័យ​បង្កើត​ការងារ​ដ៏​ច្រើន​ជូន​ប្រជាជន​ ​ ហើយ​វា​ក៏​ជា​កត្តា​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​ភូមា​ងាកទៅ​រក​វិស័យ​រុករក​វត្ថុធាតុរ៉ែ​ ​ និង​នាំចេញ​ទៅលក់​បរទេស​នូវ​សម្បត្តិ​ធម្មជាតិ​របស់ខ្លួន”។​ នេះ​ជាការ​ព្រមាន​របស់​ក្រុមវិភាគ​ពិចារណា​វិបត្តិ​អន្តរជាតិ​ International Crises Group​ នៅក្នុង​របាយការណ៍​របស់​ខ្លួន​នៅពេល​ថ្មីៗនេះ។

បើយោងតាម​ ក្រុមវិភាគ​ពិចារណា​វិបត្តិ​អន្តរជាតិ​ International Crises Group​ ​មុន​ការដាក់​ណ្ឌកម្ម​របស់​ស.រ.អា.​ ហាម​ពុំឲ្យ​នាំ​ផលិតផល​ភូមា​ចូល​ ​ ការនាំ​ផលិតផល​ភូមា​ចូល​សហរដ្ឋ​អាមេរិក​ភាគច្រើន​ចេញពី​វិស័យ​ឧស្សាហកម្ម​វាយនភ័ណ្ឌ​ ​ ដែលជា​វិស័យ​បង្កើត​បាន​ការងារ​ដ៏​ច្រើន​មហិមា​ជូន​ប្រជាជន​ភូមា។

ចំណែកឯ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​ភូមា​ លោក​ Derek Mitchell ​បាន​ថ្លែង​កាលពី​​សប្តា​ហ៍មុន​ឲ្យ​ដឹងថា​ ​ “រ​ក្សា​ទណ្ឌកម្ម​ខ្លះ​ទុក​ដាក់​ទៅលើ​ប្រទេស​ភូមា​គឺជា​ការធានា​សម្រាប់​ពេល​អនាគត​ នៅ​ខណៈ​ណា​ដែល​ភូមា​ចង់ងាក​ចេញ​ពី​កិច្ចសន្យា​ធ្វើ​កំណែ​ទម្រង់​របស់​ខ្លួន”។

គួរកត់​សម្គាល់ថា​ ​ ចាប់តាំង​ពី​របប​ផ្តាច់ការ​យោធា​ភូមា​បានត្រូវ​រំលាយ​នៅខែ​មីនា​ឆ្នាំ២០១១​មក​ ​ រដ្ឋាភិបាល​ “ស៊ីវិល”​ ភូមា​ដែល​ដឹកនាំ​ដោយ​ក្រុម​អតីត​ឧត្តមសេនីយ៍​បាន​ធ្វើ​កំណែ​ទម្រង់​ជាច្រើន​ ​ មានដូចជា​ ការដោះលែង​អ្នកទោស​នយោបាយ​រាប់​រយនាក់​ ​ និង​ការ​អនុញ្ញាត​ឲ្យ​លោកស្រី​ អ៊ុងសាន​ស៊ូជី​ ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ក្លាយ​ទៅជា​អ្នកតំណាងរាស្ត្រ​ជាដើម។

រីឯ​លោក​ប្រធានាធិបតី​ភូមា​ ថេន សេន​ បាន​ធ្វើការ​ធានា​អះអាង​ឲ្យមាន​កំណែ​ទម្រង់​វគ្គទីពីរ​ដែល​សង្កត់​ទៅលើ​វិស័យ​សេដ្ឋកិច្ច។​ វិស័យ​សេដ្ឋកិច្ច​ដែលបាន​ទទួល​រងគ្រោះ​ដោយ​របប​​ផ្តាច់ការ​យោធា​ភូមា​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ