អានតួអត្ថបទ
អាមេនី

អាមេនី៖​នាយករដ្ឋមន្រ្តីថ្មីបង្ហាញ​ទិសដៅ​នៃ​នយោបាយ​ការបរទេស និង​ប្តេជ្ញា​បំបាត់​អំពើ​ពុករលួយ

នៅ​ក្នុង​ប្រទេស​អាមេនី លោក​នាយករដ្ឋមន្រ្តី​ថ្មី Nikol Pachinian បាន​ផ្តល់​សម្ភាសន៍​ផ្តាច់មុខ​ឲ្យ​វិទ្យុបារាំងអន្តរជាតិ​នា​ថ្ងៃ​ព្រហស្បតិ៍ ទី១៤ មិថុនា។ នៅ​ក្នុង​បទសម្ភាសន៍​នោះ លោក Nikol បាន​ប្រាប់​ឲ្យ​ដឹង​ពី​គម្រោង​រៀបចំ​ការ​បោះឆ្នោត​សភា​នៅ​ឆ្នាំ ២០១៩ គោលនយោបាយ​ការទូត​ថ្មី និង​ការ​បន្ត​បដិវត្ត​ដើម្បី​ប្រយោជន៍​ប្រជាជន។ គួរ​រម្លឹក​ជូន​ថា មាន​អាយុ ៤៣ឆ្នាំ និង​ជា​អតីត​អ្នកកាសែត លោក Nikol បាន​ក្លាយ​ជា​នាយករដ្ឋមន្រ្តី​ថ្មី ក្រោយ​ពី​មាន​ចលនា​បះបោរ​របស់​មហាជន​ជិត ៣សប្តាហ៍​ប្រឆាំង​នឹង​អំពើពុករលួយ និង​ភាព​ក្រីក្រ។

លោក Nikol Pachinian នាយករដ្ឋមន្រ្តី​ថ្មី​នៃ​ប្រទេស​អាមេនី
លោក Nikol Pachinian នាយករដ្ឋមន្រ្តី​ថ្មី​នៃ​ប្រទេស​អាមេនី REUTERS/Vahram Baghdasaryan/Photolure
ផ្សាយពាណិជ្ជកម្ម

« ដំណើរការ​នយោបាយ​ដែល​នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​អំណាច​នៅ​ក្នុង​ប្រទេស​អាមេនី​មិន​មាន​ពាក់ព័ន្ធ​នឹង​បរិបទ​អន្តរជាតិ​ទេ។ ទាំង​នេះ​ជា​លក្ខខណ្ឌ​នយោបាយ​ការបរទេស​ដែល​យើង​បាន​អនុម័ត។ យើង​ចង់​បញ្ជាក់​ថា វា​គ្មាន​ការ​ផ្លាស់ប្តូរ​ភូមិសាស្រ្ត​ឡើយ មាន​ន័យ​ថា ទិសដៅ​នឹង​ស្ថិត​នៅ​ដដែល តែ​អ្វី​ដែល​ខុស​គ្នា រួម​ទាំង​ការ​ផ្លាស់ប្តូរ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​គោលនយោបាយ​ផ្ទៃក្នុង​របស់​ប្រទេស​អាមេនី។

កម្មវត្ថុ​របស់​យើង គឺ​ការពារ​ផលប្រយោជន៍ជាតិ អធិបតេយ្យភាព និង​ឯករាជ្យភាព​របស់​ប្រទេស​យើង។ គោលនយោបាយ​ការបរទេស​របស់​យើង​នឹង​មិន​និយម​បស្ចិមលោក មិន​និយម​រុស្ស៊ី ឬ​និយម​ប្រទេស​ណា​មួយ​ទេ។ យើង​ជា​អ្នក​និយម​ពលរដ្ឋ​អាមេនី។

ជា​លក្ខណៈ​ទូទៅ គ្រប់​បដិវត្ត​ទាំង​អស់​សុទ្ធ​តែ​បាន​ផ្អែក​លើ​ជម្រើស​មួយ​ដែល​ត្រូវ​ធ្វើ។ ឬ​មួយ​យើង​ត្រូវ​ឈប់​នៅ​ចំណុច​ណា​មួយ ឬ​មួយ​យើង​ត្រូវ​បន្ត​បដិវត្ត​ទៅ​មុខ​ទៀត។ នៅ​ក្នុង​ករណី​ប្រទេស​អាមេនី គឺ​ពលរដ្ឋ​ជា​អ្នក​សម្រេច​លើ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ។ ខ្ញុំ​បាន​យល់​ច្បាស់ណាស់​ថា ប្រសិន​បើ​ខ្ញុំ​សម្រេច​ចិត្ត​ធ្វើ​អ្វី​ដោយ​ចិត្ត​ឯង​នា​ពេល​ខាង​មុខ ខ្ញុំ​នឹង​ក្បត់​ឆន្ទៈ និង​ការ​ចង់​បាន​របស់​ពលរដ្ឋ។

ថ្ងៃ​នេះ យើង​នឹង​បន្ត​បដិវត្ត។ យើង​បាន​លើក​ឡើង​នូវ​បញ្ហា​ជា​ច្រើន​នៅ​ទីធ្លា​សាធារណៈ ហើយ​យើង​កំពុង​ស្ថិត​នៅ​ទីនេះ​ដើម្បី​ដោះស្រាយ​បញ្ហា »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ