អានតួអត្ថបទ
បូស្ន៊ី-បុរីវ៉ាទីកង់

បូស្ន៊ី-អ៊ែរហ្សេហ្គោវីន ៖សម្តេចប៉ាប​ហ្រ្វង់ស័រ​បន់ស្រន់​ឲ្យ​មាន​សន្តិភាព​នៅ​សារ៉ាយ៉េវ៉ូ

នៅ​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​រយៈពេល ១២ម៉ោង​ក្នុង​ទីក្រុង​សារ៉ាយ៉េវ៉ូ ប្រទេស​បូស្ន៊ី-អ៊ែរហ្សេហ្គោវីន​នា​ថ្ងៃសៅរ៍ ៦ មិថុនា សម្តេចប៉ាប​ហ្រ្វង់ស័រ​បាន​ជួប​សន្ទនា​ជាមួយ​ថ្នាក់ដឹកនំា​បូស្ន៊ី-អ៊ែរហ្សេហ្គោវីន ព្រម​ទំាង​ចូលរួម​នៅ​ក្នុង​មហាពិធី​សូត្រធម៌​មួយ​ដែល​មាន​មនុស្ស​ចូលរួម​ជាង ៥០ ០០០នាក់។ នា​ឱកាស​នោះ សម្តេចប៉ាប​បាន​អំពាវនាវ​ឲ្យ​មាន​សន្តិភាព​នៅ​បូស្ន៊ី-អ៊ែរហ្សេហ្គោវីន ដោយ​ជម្រុញ​ឲ្យ​មាន​កិច្ចចរចា និង​ការ​អត់ឱន ព្រម​ទំាង​ព្រមាន​ប្រឆំាង​នឹង​ក្រុម​ដែល​បន្ត​ញុះញង់​ឲ្យ​មាន​សង្រ្គាម។

បូស្ន៊ី-អ៊ែរហ្សេហ្គោវីន ៖សម្តេចប៉ាប​ហ្រ្វង់ស័រ​បន់ស្រន់​ឲ្យ​មាន​សន្តិភាព​នៅ​សារ៉ាយ៉េវ៉ូ
បូស្ន៊ី-អ៊ែរហ្សេហ្គោវីន ៖សម្តេចប៉ាប​ហ្រ្វង់ស័រ​បន់ស្រន់​ឲ្យ​មាន​សន្តិភាព​នៅ​សារ៉ាយ៉េវ៉ូ REUTERS/Dado Ruvic
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ពី​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​សារ៉ាយ៉េវ៉ូ ប្រមុខ​សង្ឃ​កាតូលិក​សម្តេចប៉ាប​ហ្រ្វង់ស័រ​បាន​អំពាវនាវ​ប្រទេស​បូស្ន៊ី-អ៊ែរហ្សេហ្គោវីន និង​សហគមន៍​អន្តរជាតិ​ឲ្យ​ចាប់ដៃ​គ្នា​ដើម្បី​ប្រឆំាង​ទល់​នឹង​អំពើឃោរឃៅ អមនុស្សធម៌ ក៏​ដូច​ជា​អំពើហិង្សា​គ្រប់រូបភាព​ដែល​បាន និង​កំពុង​បន្ត​កើត​មាន​នៅ​ក្នុង​ទឹកដី​បូស្ន៊ី-អ៊ែរហ្សេហ្គោវីន។ ក្នុង​ន័យ​នេះ សម្តេចប៉ាប​ហ្រ្វង់ស័រ​បាន​ស្នើ​ឲ្យ​យក​តម្លៃមនុស្សជាតិ​ជា​សារវន្ត​ធ្វើ​ជា​មូលដ្ឋាន​ដើម្បី​ស្ថាបនា និង​ការ​អត់ឱន​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក។

នៅ​ក្នុង​សុន្ទរកថា​លើកទី១ របស់​ព្រះអង្គ​លើ​ទឹកដី​បូស្ន៊ី-អ៊ែរហ្សេហ្គោវីន​ចំពោះ​មុខ​វត្តមាន​ក្រុមអង្គការ​សង្គមស៊ីវិល និង​អ្នកការទូត​នានា សម្តេចប៉ាប​បាន​ទាមទារ​ឲ្យ​សិទ្ធិ​ស្មើ​គ្នា​សម្រាប់​ពលរដ្ឋ​គ្រប់​ជាន់ថ្នាក់ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ឬ​សាសនា។ អ្វី​ដែល​ព្រះអង្គ​ចង់​ផ្តោត​សំខាន់​នោះ គឺ​សុំ​ឲ្យ​ប្រជាជន​បូស្ន៊ី-អ៊ែរហ្សេហ្គោវីន អ្នកកាន់សាសនា​អ៊ីស្លាម ប្រជាជន​ស៊ែប៊ី អ្នកកាន់សាសនា​អ័រតូដុក និង​ប្រជាជន​ក្រូអាស៊ី អ្នកកាន់​សាសនា​កាតូលិក​ចេះ​រួមរស់​ជាមួយ​គ្នា​ដោយ​មិន​ត្រូវ​ប្រកាន់​និន្នាការ​សាសនា។ ទន្ទឹម​គ្នា​នេះ សម្តេចប៉ាប​បាន​ផ្តល់​ការ​គំាទ្រ​ចំពោះ​ប្រទេស​បូស្ន៊ី-អ៊ែរហ្សេហ្គោវីន​ដែល​ព្រះអង្គ​យល់​ថា ជា​ប្រទេស​ក្នុង​ទឹកដី​អឺរ៉ុប តែ​បែរ​ជា​នៅ​មិន​ទាន់​បាន​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​ទៅ​វិញ។

បន្ទាប់​មក សម្តេចប៉ាប​បាន​ចូលរួម​នៅ​ក្នុង​មហាពិធី​សូត្រធម៌​រៀបចំ​នៅ​ក្នុង​ពហុកីឡាដ្ឋានជាតិ​អូឡំាពិក​ក្នុង​ទីក្រុង​សារ៉ាយ៉េវ៉ូ​ដែល​មាន​មនុស្ស​ចូលរួម​ជាង ៥ម៉ឺននាក់។ សូម​បញ្ជាក់​ជូន​ថា គឺ​នៅ​ក្នុង​ពហុកីឡាដ្ឋានជាតិ​អូឡំាពិក​នោះ​ឯង​ដែល​អតីត​សម្តេចប៉ាប Jean-Paul ទី២ បាន​ចូលរួម​ពិធី​សូត្រធម៌​ដូច​គ្នា​នេះ​កាល​ពី ១៨ឆ្នំា​មុន។ អ្វី​ជា​ការ​កត់សម្គាល់ វត្តមាន​របស់​ប្រមុខ​សង្ឃ​កាតូលិក​ជា​លើកទី២ ថ្ងៃ​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ភាព​តានតឹង​រវាង​សហគមន៍​សាសនា​កំពុង​បន្ត​មាន​យ៉ាង​ក្តៅ​គគុក។

អ៊ីចឹង​ហើយ​បាន​សម្តេចប៉ាប​ហ្រ្វង់ស័រ​បាន​ថ្លែង​បរិហារ និង​ដៀលត្មះ​ចំពោះ​ក្រុម ឬ​ចលនា​ដែល​កំពុង​បន្ត​ចិញ្ចឹម និង​បង្កើត​ឲ្យ​មាន​បរិយាកាស​សង្រ្គាម ដោយ​យក​វប្បធម៌ និង​អារ្យធម៌​ឲ្យ​ប្រឈម​មុខ​ដាក់​គ្នា។ ទន្ទឹម​គ្នា​នេះ សម្តេចប៉ាប​ហ្រ្វង់ស័រ​ក៏​ឆ្លៀត​វាយប្រហារ​ចំពោះ​អ្នកខ្លះ​ដែល​បន្ត​ញុះញង់​ឲ្យ​មាន​សង្រ្គាម​ដើម្បី​លក់​អាវុធ​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ