អានតួអត្ថបទ
ហុងកុង

ហុងកុង​បោះឆ្នោត​សភា​ក្រោម​ក្រសែភ្នែក​របស់​ប៉េកាំង

ប្រជាជន​ហុងកុង​​បោះឆ្នោត​នៅថ្ងៃ​អាទិត្យ​នេះ ដើម្បី​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​នីតិបញ្ញត្តិ​របស់​ខ្លួន។ ជា​ការ​បោះឆ្នោត​សភា​លើកដំបូង​បង្អស់ ចាប់តាំង​ពី​មាន​ចលនា​បាតុកម្ម​ទាមទារ​លទ្ធិប្រជាធិបតេយ្យ កាល​ពីឆ្នាំ​២០១៤​កន្លងទៅ ហើយ​ជា​ការ​បោះឆ្នោត ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​ចលនា​ទាមទារ​ឯករាជ្យ​ផ្តាច់ខ្លួន​ពី​ចិន​ដីគោក។

មេដឹកនាំ​ចលនា​និស្សិត​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត គាំទ្រ​បេក្ខជន​ក្នុង​ក្រុម​អ្នក​ចង់​ទាមទារ​ឯករាជ្យ​ពី​ប៉េកាំង
មេដឹកនាំ​ចលនា​និស្សិត​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត គាំទ្រ​បេក្ខជន​ក្នុង​ក្រុម​អ្នក​ចង់​ទាមទារ​ឯករាជ្យ​ពី​ប៉េកាំង REUTERS/Tyrone Siu
ផ្សាយពាណិជ្ជកម្ម

 

ការបោះឆ្នោត​សភា​ហុងកុង​នៅថ្ងៃ​អាទិត្យ​នេះ គឺ​ជា​ការ​ប្រកួតប្រជែងគ្នា រវាង​ចរន្ត​នយោបាយ​​ធំៗចំនួន៣ គឺ​ក្រុម​អ្នក​នយោបាយ​ស្និទ្ធ​នឹង​ក្រុង​ប៉េកាំង ក្រុម​អ្នក​​និយម​ប្រជាធិបតេយ្យ​​តែ​មិន​ទាមទារ​ឯករាជ្យ និង​ក្រុម​អ្នក​ទាមទារ​ឯករាជ្យ​ ឬ​ស្វ័យតភាព​កាន់តែច្រើន​ពី​ប៉េកាំង។

ក្រុម​ឯករាជ្យ​និយម​នេះ គឺ​ជា​ចលនា​ដែល​ទើប​នឹង​រីកដុះដាល​ខ្លាំង​​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ជាពិសេស គឺ​ចាប់តាំង​ពី​មាន​ការ​ផ្ទុះ​ចលនា​ទាមទារ​លទ្ធិប្រជាធិបតេយ្យ កាល​ពីឆ្នាំ​២០១៤។

អ្នក​ជំនាញ​ជាច្រើន​យល់ឃើញ​ថា បើ​យោងទៅតាម​ទិដ្ឋភាព​នយោបាយ​ហុងកុង​បច្ចុប្បន្ន​នេះ ក្រុម​ឯករាជ្យ​និយម​មិន​សង្ឃឹម​ថា​នឹង​អាច​ទទួល​ជោគជ័យ​នៅ​ក្នុងការ​បោះឆ្នោត​នៅថ្ងៃ​អាទិត្យ​នេះ​ទេ។ ការ​ធ្វើការ​សន្និដ្ឋាន​បែបនេះ ដោយ​មើលទៅលើ​កត្តា​សំខាន់​ចំនួនពីរ។ ទីមួយ គេឃើញ​ថា ប្រជាជន​ហុងកុង​ភាគច្រើន​នៅតែ​ជឿថា ការ​ទាមទារ​ឯករាជ្យ​ដាច់ចេញ​ពី​ចិនដីគោក មិនមែន​ជា​ជម្រើស​ល្អ​សម្រាប់​ហុងកុង ហើយ​វា​ក៏​ជា​រឿង​ដែល​មិន​អាច​ធ្វើ​ទៅ​រួច​ដែរ នៅ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង។ កត្តា​ដ៏​សំខាន់​មួយ​ទៀត គឺ​ប្រព័ន្ធ​បោះឆ្នោត ដែលផ្តល់​អំណោយផល​ខ្លាំងទៅលើ​ក្រុម​អ្នក​ស្និទ្ធ​នឹង​ក្រុង​ប៉េកាំង។

គួរបញ្ជាក់ថា នៅ​ក្នុង​ចំណោម​អាសនៈ​​ទាំង ៧០ នៅ​ក្នុង​ក្រុមប្រឹក្សា​នីតិបញ្ញត្តិ​ហុងកុង មានតែ​ពាក់កណ្តាល​ប៉ុណ្ណោះ ដែល​ត្រូវ​ឆ្លងកាត់​ការ​បោះឆ្នោត​ជា​សកល ចំណែក​ឯ​ពាក់កណ្តាល​ទៀត កើតចេញ​ពី​ការ​ជ្រើសតាំងដោយ​ម​នុស្ស​មួយក្រុម ដែល​ភាគច្រើន​មាន​និន្នាការ​លម្អៀង​ទៅ​ខាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

ក៏ប៉ុន្តែ បើទោះបីជា​ក្រុម​ឯករាជ្យ​និយម​មិនមាន​សង្ឃឹម​ថា​នឹង​អាច​យក​ឈ្នះ នៅ​ក្នុងការ​បោះឆ្នោត​នេះ​ក៏ពិតមែន តែ​ទំហំ​នៃ​សំឡេងឆ្នោត​ដែល​ពួកគេ​ទទួលបាន​អាច​នឹង​កំណត់​​នូវ​ទិដ្ឋភាព​​ថ្មី​មួយ ក្នុង​ឆាក​​នយោបាយ​ហុងកុង ដែល​តាំង​ពីដើម​រៀងមក បែងចែក​ចេញ​តែ​ពីរក្រុម គឺ​ក្រុម​ស្និទ្ធិ​នឹង​ប៉េកាំង និង​ក្រុម​អ្នក​ប្រជាធិបតេយ្យ​និយម​ដែល​មិនចង់​បាន​ឯករាជ្យ។

អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ ការស្ទាបស្ទង់​មតិមួយ​ចំនួន​បង្ហាញ​ថា ប្រជាជន​ហុងកុង​រហូតដល់​ទៅ ១៧% គាំទ្រ​ក្រុម​អ្នក​ឯករាជ្យ​និយម។

ការិយាល័យ​បោះឆ្នោត​នៅ​ទូទាំង​ហុងកុង​ត្រូវ​បិទទ្វារ​នៅ​ម៉ោង ១០និង៣០នាទី​យប់​​ម៉ោងក្នុងស្រុក (ត្រូវ​នឹង​ម៉ោង ៨និង៣០នាទី​យប់​នៅ​កម្ពុជា) ហើយ​ការ​រាប់សន្លឹកឆ្នោត​នឹង​ត្រូវ​ធ្វើ នៅ​យប់ថ្ងៃ​ចន្ទ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ