អានតួអត្ថបទ
ឥណ្ឌា

ស្លាប់​យ៉ាងតិច​៣០នាក់​ក្នុង​ការ​ប៉ះទង្គិច​នៅ​កាស្មៀរ​ឥណ្ឌា

មនុស្ស​យ៉ាងតិច ៣០នាក់ ត្រូវ​បាត់បង់​ជីវិត និង​រាប់រយនាក់​ផ្សេងទៀត​ត្រូវ​រងរបួស នៅ​ក្នុង​ការប៉ះទង្គិចគ្នា រវាង​ក្រុម​បាតុករ និង​ប៉ូលិស​ នៅ​ក្នុង​តំបន់​កាស្មៀរ​របស់​ឥណ្ឌា។ ចលនា​បាតុកម្ម​ដែល​​បាន​ចាប់ផ្តើម​ផ្ទុះឡើង កាល​ពីថ្ងៃ​សៅរ៍ ក្រោយ​ពី​មេដឹកនាំ​ក្រុម​ឧទ្ទាម​កាស្មៀរម្នាក់​ត្រូវ​ស្លាប់ ក្នុង​ការ​វាយប្រហារ​របស់​កងកម្លាំង​រដ្ឋាភិបាល។

មនុស្ស​រាប់ពាន់នាក់​បាននាំគ្នា​ចេញ​ធ្វើ​បាតុកម្ម​នៅ​កាស្មៀរ ក្រោយ​ពី​មេដឹកនាំ​ឧទ្ទាមអ៊ីស្លាម​ម្នាក់​ត្រូវ​កងកម្លាំង​រដ្ឋាភិបាល​ឥណ្ឌា​បាញ់​សម្លាប់ កាលពីថ្ងៃ​សុក្រ
មនុស្ស​រាប់ពាន់នាក់​បាននាំគ្នា​ចេញ​ធ្វើ​បាតុកម្ម​នៅ​កាស្មៀរ ក្រោយ​ពី​មេដឹកនាំ​ឧទ្ទាមអ៊ីស្លាម​ម្នាក់​ត្រូវ​កងកម្លាំង​រដ្ឋាភិបាល​ឥណ្ឌា​បាញ់​សម្លាប់ កាលពីថ្ងៃ​សុក្រ REUTERS/Danish Ismail
ផ្សាយពាណិជ្ជកម្ម

មេដឹកនាំក្រុមឧទ្ទាម​អ៊ីស្លាម​ប្រចាំតំបន់​កាស្មៀរ​ត្រូវ​បាន​កងកម្លាំង​រដ្ឋាភិបាល​ឥណ្ឌា​បាញ់​សម្លាប់ នៅ​ក្នុង​ការ​វាយប្រយុទ្ធគ្នា​ កាល​ពីយប់ថ្ងៃ​សុក្រ។ ដំណឹង​ស្តីពី​ការ​ស្លាប់​មេដឹកនាំ​ឧទ្ទាម​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​អ្នក​គាំទ្រ​ផ្ទុះកំហឹង នាំគ្នា​ចេញ​ធ្វើ​បាតុកម្ម​តវ៉ា​តាម​ដងផ្លូវ​​​ទាំង​រំលោភ​លើ​បម្រាមគោចរ​ដែល​ដាក់ចេញ​ដោយ​រដ្ឋាភិបាល។

បាតុកម្ម​នេះ​​បាន​រាលដាល​ទៅ​ជា​អំពើ​ហិង្សា ដោយ​ក្រុម​បាតុកររាប់ពាន់នាក់ ក្រោយ​ពី​បាន​ចូលរួម​ក្នុង​ពិធី​បុណ្យសព​មេដឹកនាំ​ឧទ្ទាម​ បាន​នាំគ្នា​ធ្វើការ​វាយប្រហារ​ទៅលើ​ស្ថានីយ៍​ប៉ូលិស និង​​បន្ទាយ​ទាហាន ព្រមទាំង​បាន​ដុត​បំផ្លាញ​អគារ​រដ្ឋ​ជាច្រើន​កន្លែង។ ចំណែក​ឯ​កងកម្លាំង​រដ្ឋាភិបាលវិញ​បាន​ធ្វើការ​តបត​ទៅវិញ​ដោយ​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក ហើយ​រហូត​ឈាន​ទៅ​ធ្វើការ​បាញ់​ប្រហារ​ទៅលើ​ហ្វូងបាតុករ។

ការប៉ះទង្គិចគ្នា​​នេះ​បាន​បន្តកើតមានឡើង​រហូត​មក​ដល់​ថ្ងៃ​ចន្ទ ដោយ​បាន​បណ្តាល​ឲ្យ​មាន​អ្ន​កស្លាប់​យ៉ាងតិច ៣០នាក់ និង​របួស​ប្រមាណ​ជា​ជិត​៣០០នាក់ ដោយ​ក្នុង​ចំណោម​អ្នក​រងរបួស​នោះ ប្រមាណ​ជា ១០០នាក់ គឺ​ជា​ប៉ូលិស។

គួរបញ្ជាក់ឡើងវិញ​ថា តំបន់​កាស្មៀរ​គឺ​ជា​តំបន់​ជាប់ជម្លោះ រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន​ចាប់តាំង​ពី​ប្រទេស​ទាំងពីរ​ត្រូវបែកចេញ​ពីគ្នា​ក្រោយ​ទទួល​ឯករាជ្យ​ពី​អង់គ្លេស កាល​ពីឆ្នាំ​១៩៤៧។ បច្ចុប្បន្ន តំបន់​កាស្មៀរ​នេះ​ត្រូវ​បាន​ឥណ្ឌា និង​ប៉ាគីស្ថាន ពុះចែក​គ្នា​កាន់កាប់ ក៏ប៉ុន្តែ ភាគី​ម្ខាងៗ​នៅតែ​បន្ត​ទាមទារ​យក​តំបន់​កាស្មៀរ​ទាំងមូល​មក​​ធ្វើ​ជា​កម្មសិទ្ធិ។

នៅ​ក្នុង​តំបន់​កាស្មៀរ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ឥណ្ឌា គេឃើញ​មាន​ក្រុមឧទ្ទាម​ជាច្រើន​ក្រុម ជាពិសេស ក្រុម​ឧទ្ទាម​អ៊ីស្លាម​​បាន​នាំគ្នា​ធ្វើការ​តស៊ូ​ដោយ​ប្រដាប់អាវុធ ទាមទារ​ផ្តាច់តំបន់​កាស្មៀរ​ពី​ប្រទេស​ឥណ្ឌា ដើម្បី​យក​ទៅ​ដាក់​បញ្ចូល​ក្នុង​ប្រទេស​ប៉ាគីស្ថាន។ ក្រុម​ឧទ្ទាម​អ៊ីស្លាម ដែល​​មេដឹកនាំ​​ត្រូវ​បាន​កងកម្លាំង​រដ្ឋាភិបាល​ឥណ្ឌា​បាញ់​សម្លាប់ កាល​ពីយប់ថ្ងៃ​សុក្រ​ ហើយ​ដែល​នាំ​ឲ្យ​ផ្ទុះទៅជា​អំពើ​ហិង្សា​នៅពេលនេះ គឺ​ជា​ផ្នែក​មួយ​នៃចលនា​ឧទ្ទាម​ទាមទារ​ឯករាជ្យ​នៅ​កាស្មៀរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ