អានតួអត្ថបទ
ឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី៖ សញ្ញា​នៃ​ក្តី​សង្ឃឹម​ក្នុង​ការ​រក្សា​ព្រៃ​ឈើ

កាល​ពីថ្ងៃ​ព្រហស្បតិ៍ ៣០​ធ្នូ ២០១០​​នេះ មន្រ្តី​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​បាន​ឲ្យដឹង​ថា ឥណ្ឌូនេស៊ី​បាន​សម្រេច​ជ្រើសរើស​យក​កោះ​បរនេអូ (Borneo) ដើម្បី​ធ្វើ​ជា​កន្លែង​ សម្រាប់​សាកល្បង​យន្តការ​កាត់បន្ថយ​​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក តាមរយៈ​ការ​រក្សា​ព្រៃឈើ។ តាមរយៈ​យន្តការ​នេះ ឥណ្ឌូនេស៊ី​នឹង​ទទួល​បាន​ជំនួយ​ពី​ប្រទេស​ន័រវែស រហូត​ដល់ ១ពាន់​លាន​ដុល្លារ ជា​ថ្នូរ​នឹង​ការ​រក្សា​ព្រៃឈើ។

សកម្មភាព​កាប់ព្រៃ​ដាំ​ដូងប្រេង នៅ​ឥណ្ឌូនេស៊ី
សកម្មភាព​កាប់ព្រៃ​ដាំ​ដូងប្រេង នៅ​ឥណ្ឌូនេស៊ី ©AFP / ROMEO GACAD
ផ្សាយពាណិជ្ជកម្ម

01:46

សេចក្តីរាយការណ៍​របស់ សេង ឌីណា

គ្រប់គ្នា​ពិតជា​ដឹង​ថា ព្រៃឈើ​មាន​តួនាទី​ដ៏សំខាន់​ក្នុង​ការ​ទប់ស្កាត់​នឹង​ការឡើង​កម្តៅ​នៃ​ភពផែនដី ពីព្រោះ ព្រៃឈើ​ស្រូប​យក​ឧស្ម័ន​កាបូនិក មិនឲ្យ​បញ្ចេញ​ទៅ​ក្នុង​បរិយាកាស។ យោងតាម​អ.ស.ប. ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​ទៅ​ក្នុង​បរិយាកាស​ ប្រមាណ​ជា ១៧% បង្ក​ឡើង​ដោយ​ការ​កាប់បំផ្លាញ​ព្រៃឈើ។ ហេតុដូច្នេះ​ហើយ​បាន​ជា​គេ​បង្កើត​យន្តការ​មួយ​ឡើង គឺ​ការ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​បង្ក​ឡើង​ដោយ​​ការ​កាប់ព្រៃឈើ ហៅកាត់​​តាម​ភាសា​បារាំង​ថា REDD ។

តាមរយៈ​យន្តការនេះ ប្រទេស​អ្នក​មាន​នឹង​សុខចិត្ត​ផ្តល់​លុយ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ ដើម្បី​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ ហើយ​បែរ​មក​អភិរក្ស​ព្រៃឈើវិញ។ កាល​ពី​ខែ​ឧសភា​កន្លងទៅនេះ រដ្ឋាភិបាល​ន័រវែស​បាន​ព្រមព្រៀង​​ផ្តល់​លុយ​រហូតដល់ ១ពាន់​លាន​ដុល្លារ ដើម្បី​អភិរក្ស​​ព្រៃឈើ នៅ​ឥណ្ឌូនេស៊ី ក្នុង​ក្របខ័ណ្ឌ REDD។

រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​បាន​សម្រេច​ជ្រើសរើស​យក​កោះ​បរនេអូ មក​ធ្វើ​ជា​ទីតាំង​សាកល្បង ដើម្បី​អនុវត្ត​យន្តការនេះ។ មន្រ្តី​ឥណ្ឌូនេស៊ី​បាន​​ឲ្យដឹង​ថា នៅ​ក្នុង​ការ​សាកល្បង​គម្រោងនេះ ឥណ្ឌូនេស៊ី​​នឹង​រៀបចំ​ផែនការ​​អភិរក្ស​ដែនព្រៃឈើ​ប្រកបដោយ​តម្លាភាព ទប់ស្កាត់​អំពើ​ពុករលួយ និង​​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ ប្រឆាំង​នឹង​ការ​កាប់ឈើ​ដោយ​ខុសច្បាប់។

ក៏ប៉ុន្តែ កាល​ពីខែ​មុន អង្គការ Greenpeace បាន​ព្រមាន​ថា គម្រោង​​នេះ​អាច​នឹង​ត្រូវ​​រំខាន​ដោយ​ក្រុមហ៊ុន​ដូងប្រេង និង​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ព្រៃឈើ ពីព្រោះ​ថា និយមន័យ​នៃ​ដែន​ព្រៃឈើ ដែល​ត្រូវ​អភិរក្ស កំណត់​ដោយ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី នៅមាន​ភាព​ស្រពិចស្រពិល​ច្រើន។

គួរបញ្ជាក់ថា ឥណ្ឌូនេស៊ី គឺ​ជា​ប្រទេស​មាន​ព្រៃឈើ​ច្រើន​ជាងគេ​លំដាប់​ទី៣ នៅលើ​ពិភពលោក បន្ទាប់​ពី​ប្រេស៊ីល និង​​​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ (នៅទ្វីបអាហ្វ្រិក)។ ក៏ប៉ុន្តែ ព្រៃឈើ​ឥណ្ឌូនេស៊ី​ក៏​ត្រូវ​ទទួលរង​ការកាប់បំផ្លាញ​យ៉ាង​ខ្លាំងផងដែរ តាមរយៈ​​ឧស្សាហកម្ម​ផលិត​ក្រដាស និង​ការ​កាប់ឆ្ការដី​ដាំ​ដូងប្រេង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ