អានតួអត្ថបទ
ជប៉ុន​

ប្រជាជន​ជប៉ុន​ចាយវាយ​តិច​ជាងមុន​ក្នុង​ខែមេសា​ ដោយសារ​ពន្ធ​លើ​ការ​លក់​ទំនិញ​កើន​ឡើង​ខ្ពស់​​​​

នៅថ្ងៃ​សុក្រ​នេះ រដ្ឋាភិបាល​ជប៉ុន​បាន​ចុះផ្សាយ​ស្ថិតិ​បង្ហាញ​​ថា​ប្រជាជន​ជប៉ុន​បាន​ចាយវាយ​តិច​ជាងមុន ដោយសារ​តែ​ពន្ធលើ​ការ​លក់ទំនិញ​​​​​បាន​កើនឡើង​​​ ធ្វើអោយ​ថ្លៃ​​ទំនិញ​ឡើងខ្ពស់​​ជាងមុន​ច្រើន។ នេះ​ជា​ផលវិបាក​ធ្វើ​អោយ​​ឧស្សាហកម្ម​ជប៉ុន​​ធ្វើការ​​ផលិត​​​តិច​ជាងមុន​​ដល់​២,៥ភាគរយ​ផងដែរ គិត​សម្រាប់​រយៈពេល​មួយខែ។ ការ​ធ្លាក់ចុះ​នៃ​ការចាយវាយ​ក្នុងស្រុក​​​ ​អាច​នឹង​រាំងស្ទះ​​ដល់​គម្រោង​សំទុះ​សេដ្ឋកិច្ច​​របស់​នាយក​រដ្ឋមន្ត្រី​​ស្ហ៊ីនសូ អាបេ។

ដោយសារ​​ថ្លៃ​ទំនិញ​កើនឡើង ប្រជាជន​ជប៉ុន​បន្ថយ​ការចាយ​វាយ​ផ្នែក​ចំណី​អាហារ​​​ប្រអប់ សម្លៀក​បំពាក់ និង​ផលិតផល​អេឡិចត្រូនិក។
ដោយសារ​​ថ្លៃ​ទំនិញ​កើនឡើង ប្រជាជន​ជប៉ុន​បន្ថយ​ការចាយ​វាយ​ផ្នែក​ចំណី​អាហារ​​​ប្រអប់ សម្លៀក​បំពាក់ និង​ផលិតផល​អេឡិចត្រូនិក។ Reuters/Kyodo
ផ្សាយពាណិជ្ជកម្ម

 

យោងតាម​ស្ថិតិ​​របស់​រដ្ឋាភិបាល​ជប៉ុន ចុះ​ផ្សាយ​ថ្ងៃ​សុក្រនេះ ​ប្រជាជន​ជប៉ុន​បាន​ចាយវាយ​តិច​ជាង​មុន កាលពី​​ខែ​មេសា​កន្លងទៅ ដោយសារ​តែ​ពន្ធ​​លើ​ការលក់​ទំនិញ​​​បាន​កើនឡើង​ខ្ពស់​ជាងមុន គឺ​កើន​ពី​៥ភាគរយ ទៅ​៨ភាគរយ នៅ​ថ្ងៃ​១មេសា។ ដូច្នេះ ​ថ្លៃ​ទំនិញ​ក៏បាន​កើន​ដល់​៣,២ភាគរយ​ផងដែរ ​គិត​សម្រាប់​រយៈ​ពេល​មួយឆ្នាំ។ គិត​ជាង​២០ឆ្នាំ​មកនេះ នេះ​ជា​លើក​ទី១ហើយ ដែល​ពន្ធ​លើ​​ការ​លក់​ទំនិញ​កើនឡើង​ខ្ពស់​បែបនេះ។ នយោបាយ​បង្កើន​ពន្ធ​លើការ​លក់​ទំនិញ​នេះ មានទិសដៅ​កាត់​បន្ថយ​បំណុល​របស់រដ្ឋ។

ដោយសារ​នយោបាយ​នេះ ​ក្នុង​ខែ​មេសា​កន្លងទៅ ជនជាតិ​ជប៉ុន​​បានចាយវាយ​​តិចជាង​មុន ៤,៦ភាគរយ គិត​សម្រាប់​រយៈពេល​មួយឆ្នាំ។ បើ​គិត​សម្រាប់​រយៈ​ពេល​មួយខែវិញ ​រោងចក្រ​​នានា​ក៏​បន្ថ​យ​ការ​ផលិត​​របស់​ខ្លួន​ ​តិច​ជាង​មុន ដល់​២,៥ភាគរយ​ផងដែរ។ ដោយសារ​​បញ្ហា​នេះ គម្រោង​ជំរុញ​​​​សំទុះ​សេដ្ឋកិច្ច​រប​ស់​នាយករដ្ឋមន្ត្រី​ជប៉ុន ស្ហ៊ីនសូ អាបេ អាច​​នឹង​​ជួប​​ការ​រាំងស្ទះ។​ ​​ពេលនេះ រដ្ឋាភិបាល​កំពុង​រង់ចាំ​មើល​ថា តើ​ទីផ្សារ​​ការងារ​ដែល​កំពុង​ជួបភាពប្រសើរ​ឡើងវិញ​នោះ អាច​នឹង​ជួយ​អោយ​អ្នក​ដែល​មាន​ការងារ​ធ្វើនិង​មាន​​ប្រាក់ខែ​ អាច​​ទប់​ទល់​នឹង​ការ​កើន​ឡើង​នៃ​ពន្ធ​ និង​តម្លៃ​ទំនិញ​បានទេ។

រដ្ឋាភិបាល​លោក​អាបេ បាន​​ចេញ​ផែនការ​សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ​​ជាច្រើន​ នៅ​​ភាគ​ខាងជើង​​ប្រទេស ​ដែល​ធ្លាប់​រងគ្រោះ​ដោយ​​រលក​យក្ស​ស៊ូណាមី ​ក្នុង​ឆ្នាំ ២០១១។ ​ផែនការ​សេដ្ឋកិច្ច​​នេះ បាន​ចូលរួម​ជួយ​អោយ​អត្រា​អ្នកគ្មាន​ការងារ​ធ្វើ​​ក្នុង​ស្រុក​ ស្ថិត​ក្នុង​កម្រិត​​៣,៦​ភាគរយ ជា​តួលេខ​ទាប​​បំផុត​ គិត​​​រយៈ​ពេល​៧ឆ្នាំ​មកនេះ។ រដ្ឋាភិបាល​ជប៉ុន​បាន​ចេញ​កញ្ចប់​ថវិកា​ជាង​មួយរយ​ពាន់លាន​អឺរ៉ូ ដើម្បី​ដោះស្រាយ​សេដ្ឋកិច្ច​ជាតិ។ ធនាគារ​​កណ្តាល​និង​ទីផ្សារ​បាន​ជំរុញ​អោយ​លោក​អាបេ សម្រេចអោយ​ឃើញ​​ជាក់ស្តែង​​​នូវ​កំណែទម្រង់រចនា​​​សម្ព័ន្ធ​​។ មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិវិញ ​​ក៏​ជម្រុញ​អោយ​ជប៉ុន​ធ្វើ​កំណែទម្រង់​ថវិកា​ផងដែរ ដើម្បី​ចៀសវាង​​​​​​វិបត្តិ​​បរិត្តផរណា និង​​ធានា​អោយ​​បាន​​នូវ​ទំនុក​ចិត្ត​​ថា ​​ជប៉ុន​​មាន​លទ្ធភាព​​​សង​​បំណុល​​​ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ