អានតួអត្ថបទ
ហ្វីលីពីន-អាមេរិក

កងទ័ព​ហ្វីលីពីន​​ព្យួរ​​​ប្រតិបត្តិការ​​​​​ល្បាត​ផ្លូវ​ទឹក​​​​ជាមួយ​​អាមេរិក​

កងទ័ព​​ហ្វីលីពីន​បានព្យួរ​សកម្មភាព​ល្បាតផ្លូវទឹករួមគ្នា​ជាមួយ​អាមេរិក​​​នៅ​សមុទ្រចិន។ ថ្ងៃសុក្រ​នេះ រដ្ឋមន្ត្រី​​​ការពារជាតិ​​​ហ្វីលីពីនលោក​ឌែលហ្វ៊ីន ឡូរេនហ្សាណា Delfin Lorenzana ​បាន​​ប្រកាស​​ថា បានជូន​ដំណឹង​នេះជាផ្លូវការ​​​ទៅ​​​អាមេរិករួចហើយ​ ស្រប​តាម​បញ្ជា​របស់​ប្រធានាធិបតី​​ឌុយទែរតេ។ ​ 

ប្រមុខការពារជាតិ​ហ្វីលីពីន លោក​Delfin Lorenzana (ឆ្វេង) និង​ប្រធានាធិបតី​ឌុយទែរតេ
ប្រមុខការពារជាតិ​ហ្វីលីពីន លោក​Delfin Lorenzana (ឆ្វេង) និង​ប្រធានាធិបតី​ឌុយទែរតេ REUTERS/Erik De Castro
ផ្សាយពាណិជ្ជកម្ម

ប្រមុខការពារជាតិហ្វីលីពីន ​លោក​ឌែលហ្វ៊ីន ឡូរេនហ្សាណា Delfin Lorenzana បាន​ប្រកាស​ប្រាប់​អ្នកសារព័ត៌មាន​ថា ​សកម្មភាព​ល្បាត​ផ្លូវទឹក​នៅ​សមុទ្រ​ចិនខាងត្បូង ដែល​ហ្វីលីពីន​ត្រូវធ្វើ​រួមគ្នា​ជាមួយ​អាមេរិក ត្រូវបាន​ព្យួរ​ទុកសិន នៅ​ពេលនេះ ហើយ​អាមេរិក​ក៏បាន​ដឹង​រឿងនេះដែរ។

​ប្រមុខ​ការពារជាតិ​ហ្វីលីពីន ប្រាប់​ទៀតថា លោក​បាន​​ជូន​​ដំណឹង​នេះ​ទៅមេបញ្ជាការ​កងទ័ព​ជើងទឹក​អាមេរិក​ ប្រចាំ​នៅ​​ប៉ាស៊ីហ្វិករួចហើយ។ ​

ប្រតិបត្តិការ​ល្បាត​ជើងទឹករួមគ្នា​ជាមួយ​អាមេរិក​​​នេះ ​ជាផែនការ​​​របស់​​ហ្វីលីពីន​និង​អាមេរិក​ តាំង​ពី​ក្នុងអាណត្តិ​​​រដ្ឋាភិបាល​របស់​​លោក​អាគីណូ​ម្ល៉េះ។ ​ហ្វីលីពីន​ចង់​ពង្រឹង​វត្តមាន​យោធា​អាមេរិក ​ក្នុង​តំបន់ ​ដើម្បី​ប្រឈម​នឹង​ចិន ដែល​មានជម្លោះ​ដែនទឹក​ជាមួយ​ខ្លួន។

ប៉ុន្តែ តាំង​ពី​​លោក​ឌុយទែរតេ​ឡើង​​កាន់អំណាច​មក លោក​បាន​ប្រែហ្វីលីពីនអោយងាក​ទៅ​សហ​ប្រតិបត្តិការ​ជាមួយ​ចិន​វិញ។ ​ទំនាក់ទំនង​រវាង​អាមេរិក​និង​ហ្វីលីពីនវិញ​​​បាន​ធ្លាក់ចុះជាលំដាប់​​ ​ពិសេស​​​ក្រោយពេល​ក្រុងវ៉ាស៊ីនតោន​​​រិះគន់​​​​នយោបាយលោក​ឌុយទែរតេ ក្នុង​ការ​​​កំចាត់​ឧក្រិដ្ឋជន​គ្រឿងញៀន​ ដោយ​មិនឆ្លងកាត់​ការកាត់ទោស​តាម​ច្បាប់។ រហូត​ពេលនេះ នយោបាយ​កំចាត់​ឧក្រិដ្ឋជន​គ្រឿងញៀន បាន​សម្លាប់​មនុស្ស​ជាង​៣៣០០នាក់ នៅ​ហ្វីលីពីន។

កាលពី​ថ្ងៃអង្គារ​ ​លោក​ឌុយទែរតេ ​បាន​គំរាម​កាត់ផ្តាច់​ទាំងស្រុង​នូវ​ទំនាក់ទំនង​​​​​ជាមួយ​អាមេរិក។ លោក​លើកឡើង​ថា ​លោក​អស់​មានការ​គោរព​ចំពោះ​អាមេរិក​ទៀតហើយ។ ​កាលពី​ចុងខែ​កញ្ញា​កន្លងទៅ លោក​ឌុយទែរតេ​ថែមទាំង​​ចាត់ទុក​លោក​អូបាម៉ា ថា​ជាកូន​ស្ត្រី​ពេស្យា​ទៀតផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ