ក្រុមអ្នកអភិរក្សស្និទ្ធនឹងរបបសឹកថៃទារអោយរកមុខ"ជនក្បត់"ដែលជួយអោយលោកស្រីយីងឡាក់គេចខ្លួន
ក្រុមអ្នកនយោបាយស្និទ្ធនឹងរបបសឹកថៃ បានបង្ហាញការមិនសប្បាយចិត្ត ចំពោះការដែលលោកស្រីយីងឡាក់ អាចរត់គេចចេញទៅក្រៅស្រុកថៃ ដោយគ្មានអ្នកណាដឺង។ ក្រុមអ្នកនយោបាយទាំងនេះ បានស្នើអោយរដ្ឋាភិបាលសឹកថៃស្វែងរក និងដាក់ទោសក្រុមមនុស្សដែលបណ្តោយអោយលោកស្រីយីងឡាក់រួចខ្លួន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៣០
ទាំងក្រុមអ្នកនយោបាយអភិរក្សថៃស្និទ្ធនឹងរបបសឹក ទាំងរបបសឹកថៃ សុទ្ធតែមិនយល់ថា ហេតុអ្វីបានជាលោកស្រីយីងឡាក់ អាចរត់គេចទៅក្រៅស្រុក គេចចេញពីការកាត់ទោសបាន ខណៈលោកស្រីស្ថិតក្រោមការត្រួតពិនិត្យតឹងរ៉ឹងដូច្នេះ។ ក្រុមអ្នកនយោបាយអភិរក្សថៃលើកឡើងថា ប្រាកដហើយដែលកងការពារសន្តិសុខនៅក្បែរលោកស្រី ហើយថតរូបលោកស្រីគ្រប់ពេល តែលោកស្រីនៅតែអាចគេចខ្លួនបាន។ ឥឡូវលោកស្រីគេចបាត់ហើយ ដូច្នេះ រដ្ឋាភិបាល និងកងកម្លាំងសន្តិសុខ ព្រមទាំងក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ ត្រូវតែទទួលខុសត្រូវ។
ក្រុមអ្នកនយោបាយអភិរក្សដែលមិនពេញចិត្តនឹងរដ្ឋាភិបាលលោកស្រីយីងឡាក់ សុំអោយរដ្ឋាភិបាលរកមុខជនក្បត់ ក្រុមជនក្បត់ដែលបណ្តោយអោយលោកស្រីយីងឡាក់ អាចគេចខ្លួនទៅក្រៅប្រទេស មិនដូច្នោះទេ គឺក្រុមប្រឹក្សាជាតិដើម្បីសន្តិភាពនិងសណ្តាប់ធ្នាប់ថៃ ត្រូវរងការចោទប្រកាន់ទោសនេះ។ សូមរំលឹកថា អតីតនាយករដ្ឋមន្ត្រីយីងឡាក់ មិនបានបង្ហាញខ្លួននៅតុលាការកំពូលទេ កាលពីថ្ងៃសុក្រកន្លងទៅ ជាថ្ងៃដែលតុលាការប្រកាសសាលក្រម។ លោកស្រីរងការចោទប្រកាន់ថា ធ្វេសប្រហែសក្នុងនយោបាយទិញស្រូវឧបត្ថម្ភកសិករ ដែលធ្វើអោយរដ្ឋបាត់បង់ថវិកាសន្ធឹកសន្ធាប់។ លោកស្រីអាចជាប់ពន្ធនាគាររហូត១០ឆ្នាំ។
យោងតាមរដ្ឋាភិបាលសឹក ពេលនេះ អតីតនាយករដ្ឋមន្ត្រីយីងឡាក់អាចនឹងបានគេចខ្លួនទៅឌូបៃ ហើយអាចសុំសិទ្ធិជ្រកកោននៅអង់គ្លេស។ ក្រុមសារព័ត៌មានថៃលើកឡើងថា លោកស្រីប្រហែលជាអាចធ្វើកិច្ចព្រមព្រៀងសំងាត់ជាមួយក្រុមទាហានណាមួយ ដើម្បីបានភៀសខ្លួនទៅក្រៅស្រុក ហើយជាថ្នូរ ក្រុមទាហានទាំងនោះអាចទទួលបានប្រយោជន៍ក្នុងឆាកនយោបាយថៃ មុនពេលថៃបោះឆ្នោតក្នុងឆ្នាំ២០១៨ខាងមុខ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ