អានតួអត្ថបទ
អារ៉ាប៊ី សាអូឌីត​

​អារ៉ាប៊ី សាអ៊ូឌីត ​នឹង​​​អនុញ្ញាត​​​ឲ្យ​​​ស្រ្តី​ ​​មាន​​​សិទ្ធិ​​​បើកបរ​​​​ដូច​​ជា​​​បរុស​​​​​​​​ចាប់​ពី​ខែ​​មិថុនា​ឆ្នាំ​​ ​២០១៨​​​

ព្រះមហាក្សត្រ Salman នៃ​រាជាណាចក្រ​​អារ៉ាប៊ី សាអ៊ូឌីត ទើប​បាន​ចុះ​ហត្ថលេខា​លើ​ក្រឹត្យ​​មួយ អនុញ្ញាត​ឲ្យ​ស្តី្រ មាន​សិទ្ធ​បើក​បរ​រថយន្ត​ដូច​​បុរស​ដែរ នេះបើ​យោង​តាម​សាព័ត៌មាន​​ផ្លូវការណ៍​មួយ​ចុះ​ផ្សាយ​កាលពី​​ថ្ងៃ​អង្គារម្សិលមិញ។ គឺ​ជា​បដិវត្តន៍​មួយ​ដ៏​ពិតៗ​នៅ​អារ៉ាប៊ីសាអ៊ូឌីត ​ប្រទេស​តែ​មួយ​គត់​នៅ​លើ​លោក ​ដែល​ស្រ្តី​គ្មាន​សិទ្ធ​បើកបរ​រថយន្ត។ សហគមន៍​អន្តរជាតិ បាន​អបអរសាទរ​ចំពោះ​សេចក្តី​សម្រេចចិត្ត​ជា​ប្រវត្តិសាស្រ្ត​​​​មួយ​នេះ​របស់អារ៉ាប៊ីសាអ៊ូឌីត​។

ស្ត្រីអារ៉ាប៊ីសាអូឌីត សាកល្បង​​បើកបរ​រថយន្ត ថ្ងៃទី​២២ កញ្ញា ២០១៧
ស្ត្រីអារ៉ាប៊ីសាអូឌីត សាកល្បង​​បើកបរ​រថយន្ត ថ្ងៃទី​២២ កញ្ញា ២០១៧ REUTERS/Faisal Al Nasser
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពីព្រះចៅ​សាលម៉ាន​នៃរាជាណាចក្រ​​​​អារ៉ាប៊ី សាអ៊ូឌីត បាន​​ចុះ​ហត្ថលេខា​លើ​ក្រឹត្យ​មួយ​ដែល​អនុញ្ញាត​​ឲ្យ​​ស្រ្តី​អារ៉ាប៊ីសាអ៊ូឌីត ​មាន​​សិទ្ធនៅ​​ក្នុង​ការ​បើក​បរ​រថយន្ត​ដូចជា​​បុរស​ដែរ សហគមន៍អន្តរជាតិ​សម្តែង​ការ​អបអរសាទរជាពន់ពេក ​ចំពោះ​សេចក្តី​សម្រេច​ចិត្ត​ជា​ប្រវត្តិសាស្រ្ត​ ​របស់​ប្រទេស​តែមួយគត់នៅលើលោក​​​នេះ ពុំអនុញ្ញាត​អោយស្ត្រី​មាន​​សិទ្ធិ​បើក​បរ​​រថយន្ត​​។

លោក Antonio Guterres អគ្គលេខាធិការ​អ.ស.ប​. បាន​ថ្លែង​អបអរសាទរ​ដោយ​គូស​បញ្ជាក់​​ថា ​គឺ​ជា​ជំហាន​ដ៏​សំខាន់​មួយ​និង​ស្ថិត​នៅ​លើ​ម៌ាគា​ដ៏​ល្អ​។ ចំណែក​លោក​ប្រធានាធិបតី​​អាមេរិក​លោក Donald Trump វិញ បាន​កត់​សម្គាល់​ថា” ជា​ការ​វិវឌ្ឈ៍​មួយ​ប្រកប​​ដោយ​វិជ្ជមាន​នៅ​​​​​លើការលើក​​តម្កើង​សិទ្ធិ​នារី​​នៅ​ក្នុង​ប្រទេសនេះ ដែល​ក៏​ជា​សម្ព័ន្ធ​មិត្ត​​មួយ​​របស់​សហរដ្ឋអាមេរិក​និង​ដែល​ជា​ញឹកញាប់​ ត្រូវ​ទទួល​រងនូវ​ការទិះតៀន​ពី​សំណាក់​សហគមន៍អន្តរជាតិ​នៅលើ​ ​បញ្ហា​សិទ្ធិ​នារី​។​

គួរបញ្ជាក់ថា​ កាលពី​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ​ ព្រះចៅ​ Salmane  បាន​ចេញ​បញ្ជា​ឲ្យ​ក្រសួង​​ពាក់ព័ន្ធ​នានា​ ផ្តល់​សិទ្ធិ​​​​​ចេញ​អាជ្ញាប័ណ​បើក​បរ​​​អោយទាំង​បុរស​និង​ទាំង​ស្រី្ត នេះបើយោង​តាម​ក្រឹត្យ​មួយ​ដែល​លាន់រន្ទឺ​​ ​បី​ដូច​ជា​ការ​រំជួយ​ព្រះធរណី​អញ្ជឹង​ ​នៅ​ក្នុង​ប្រទេស​មួយ​​នេះ​ដែល​ជា​ប្រទេស​ប្រកាន់​អភិរក្ស​និយមអ៊ីស្លាម​​ដ៏​ហួសហេតុ​។ ​

គួររំលឹកថា តាំង​ពី​ជា​ច្រើន​ទស្សវត្ស៍​កន្លង​មក​ហើយ ក្រុម​ស្ត្រី​សកម្មជន​អារ៉ាប៊ីសាអ៊ូឌីត បាន​ទាមទារ​វិធានការ​នេះ ​ដើម្បី​អោយ​ស្រ្តី​ អារ៉ាប៊ី​សាអ៊ូឌីត មាន​សិទ្ធិ​​បើកបរ​រថយន្ត​ក៏​ដូច​ជា​បុរស​នៅ​ក្នុង​ប្រទេស តែ​ពួក​គេ​ខ្លះៗ ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន ​ព្រោះ​តែ​ពួក​គេ​ហ៊ាន​ផ្គើន​ដាក់​អាជ្ញាធរ​ដោយ​មិន​គោរព​បំរាម។

ការ​ផ្សព្វផ្សាយ​វិធានការ​ខាង​លើ​នេះដែលនឹងចូលជាធរមាន​​គិត​​​ចាប់​ពី​ខែ​មិថុនា​​ឆ្នាំ​២០១៨​​ខាងមុខនេះទៅ ​ បានធ្វើ​អោយ​ស្រ្តី​អារ៉ាប៊ីសាអ៊ូឌីត មាន​ក្តី​រន្ធត់​​និងរីករាយ​ឥត​ឧបមា​ មិន​នឹកស្មាន​ថាពួក​​ខ្លួន​នឹង​មាន​សិទ្ធ​បើក​បររថយន្តនៅលើផ្លូវសាធារណៈ​ដូច​គេ​ដូច​ឯង​ ​នៅ​ក្នុង​អំឡុង​ពេលដ៏​​​ឆាប់​ៗ​​ខាង​មុខ​នេះទេ។​

សូមបញ្ជាក់ថា សេចក្តីសម្រេចចិត្ត​លើក​បំរាម​មិន​អោយស្រ្តី​បើកបរនេះ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​​​បន្ទាប់​ពី ពួកស្រ្តី​អារ៉ាប៊ីសាអ៊ូឌីត ត្រូវ​បាន​គេ​អនុញ្ញាត ឲ្យ​​ចូលរួមក្នុងការ​ប្រារព្វ​ពិធី​បុណ្យ​​ជាតិ​​កាលពី​ថ្ងៃ​សៅរ៍​មុន​នេះ ​នៅ​ក្នុងកីឡាស្ថាន​មួយ ​​ដែលនេះ ក៏ជា​ព្រឹត្តិការណ៍​លើក​ទី​មួ​យដែរ​នៅ​​ក្នុង​ប្រទេ​សអារ៉ាប៊ី សាអ៊ូឌីត​៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ