អានតួអត្ថបទ

អ៊ីស្រាអែល៖ ប៉ូលិសសួរ​ចម្លើយ​នាយករដ្ឋមន្ត្រី​​រឿង​ទទួល​កាដូ​ពី​អ្នក​ជំនួញ

ប៉ូលិស​អ៊ីស្រាអែល ត្រូវ​កោះ​ហៅ​លោក​នាយក​រដ្ឋមន្ត្រី នេតាន់យ៉ាហ៊ូ ទៅ​សួរ​ចម្លើយ​នៅ​ថ្ងៃ​ចន្ទ​នេះ ពី​បទ​សង្ស័យ​ថា​លោក​បាន​ទទួល​កាដូ ខុស​ច្បាប់ ​ពី​អ្នក​ជំនួញ​ជាតិ​និង​អន្តរជាតិ។ ប្រសិន​បើ​ពិត​ដូច​ជា​ការ​សង្ស័យ​មែន​ នោះ​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល អាច​នឹង​ត្រូវ​ជាប់​ចោទ​ពី​បទ​ល្មោភ​អំណាច ឬ​ប្រព្រឹត្ត​អំពើ​ពុករលួយ។

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benyamin Netanyahu
នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benyamin Netanyahu REUTERS/Gali Tibbon/Pool
ផ្សាយពាណិជ្ជកម្ម

ការ​កោះ​ហៅ​នាយក​រដ្ឋមន្ត្រី​ទៅ​សួរ​ចម្លើយ បាន​ទទួល​ការ​អនុញ្ញាត​រួច​រាល់​ហើយ​ពី​មេធាវី​ និង​បន្ទាប់​ពី​​​ការ​អង្កេត​បឋម រយៈ​ពេល​៨​ខែ និង​ដោយ​សម្ងាត់ ​បាន​រក​ឃើញ​ភាព​សង្ស័យ​ឈាន​ទៅ​បើក​អង្កេត​ព្រហ្មទណ្ឌ។ នេះ​បើ​តាម​ប្រព័ន្ធ​ឃោសនា​​​មួយ​របស់​អ៊ីស្រាអែល ដែល​អះអាង​បន្ថែម​ទៀត​ថា នេះ​សំណុំ​រឿង​ចោទ​ប្រកាន់​ទីពីរ​ប្រឆាំង​នឹងលោក​នាយក​រដ្ឋមន្ត្រី តែ​មិន​បាន​ផ្តល់​​ព័ត៌មាន​លម្អិត​អ្វី​ទាំង​អស់។

លោក​នាយករ​ដ្ឋមន្ត្រីអ៊ីស្រាអែល ត្រូវ​ជាប់​សង្ស័យ​ថា​បាន​ទទួល​កាដូ​ជា​ច្រើន​ពី​ក្រុម​អ្នកជំនួញ​ជាតិ​អ៊ីស្រាអែល និង​បរទេស​ជា​ច្រើន​នាក់។ កាដូ​នោះ​អាច​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ដល់​ទៅ​រាប់សិប​ពាន់​ដុល្លារ​អាមេរិក។ ប្រសិន​បើ​ពិត​ជា​មានការ​ទទួល​កាដូ​មែន នោះ​មាន​ន័យ​ថា លោក​នេតាន់យ៉ាហ៊ូ នឹង​អាច​ជាប់​ចោទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​​ដ៏​ធ្ងន់ធ្ងរ។

វិទ្យុ​ជាតិ​អ៊ីស្រាអែល បាន​គូស​បញ្ជាក់​ការ​សួរ​ចម្លើយ​នាយក​រដ្ឋមន្ត្រីត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ម៉ោង​១៥ ម៉ោង​សកល​ ហើយ​លោក​នាយក​រដ្ឋមន្ត្រី​បាន​យល់​ព្រម​ឱ្យ​ប៉ូលិស​សួរ​ប៉ុន្មាន​លើក​ក៏​បាន។ ​​ ប៉ុន្តែ​អ្នក​នាំពាក្យ​ប៉ូលិស ក៏​ដូច​ជា​អ្នក​នាំពាក្យ​រដ្ឋាភិបាល​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់ បញ្ជាក់​ក៏​មិន​បញ្ជាក់ បដិសេធ​ក៏​មិន​បដិសេធ។

​លោក​នេតាន់យ៉ាហ៊ូ បាន​បង្ហោះ​សារ​នៅ​ក្នុង​ប្រព័ន្ធ​សង្គម បដិសេធ​​រាល់​គ្រប់​បទ​​ចោទ​ប្រកាន់​ ដោយ​វាយបក​បក្ស​ប្រឆាំង​ថាមិន​អាច​ទម្លាក់​លោក​បាន​នៅពេល​បោះឆ្នោត​ ទើប​​បាន​ជា​ប្រឌិត​រឿង​អាស្រូវ​ដើម្បី​កម្ចាយ​លោក​ពី​តំណែង។

កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី តាំង​ពី​២០០៩ លោក​នេតាន់យ៉ាហ៊ូ ជា​ឥស្សរជន​នយោបាយ​អ៊ីស្រាអែល​ ដែលគេ​មើល​ឃើញ​ថា​នឹង​​អាច​បន្ត​អាណត្តិ​បាន​ទៀត ព្រោះ​​​គ្មាន​​គូប្រជែង​​ច្បាស់​លាស់​ឡើយ​។ ប៉ុន្តែ​បើ​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ សមាជិក​រដ្ឋាភិបាល​ណា​ដែល​មាន​ជាប់​ចោទ​ពុករលួយ​ ដាច់​ខាត​ត្រូវ​តែ​លា​លែង​ចេញ​ពី​តំណែង។ តុលាការអ៊ីស្រាអែល​មិន​អនុគ្រោះ​ឡើយ​ដល់​ជន​ពុករលួយ។ នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​មុន Elhud Olmert ទើប​បញ្ចប់​ទោស​ជាប់​ពន្ធនាគារ​​១៨​ខែ​ កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៦ ពី​បទ​បាន​ទទួល​សំណូក​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ