អានតួអត្ថបទ
ហ្សកដានី-ប៉ាឡេស្ទីន-

ប៉ាឡេស្ទីន​សុំ​ឲ្យ​អាមេរិក​ជួយ​ស្ថាបនា​លក្ខន្តិកដើម​នៅ​ទីលាន​វិហារអ៊ីស្លាម​អាល់ អាក្សា

២ថ្ងៃ ក្រោយ​ពី​បាន​ទទួល​ជួប​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ​ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់​មក លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី​បាន​ទទួល​ជួប​លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​ម៉ាមូដ អាបាស់​ក្នុង​ទីក្រុង​អាម៉ាន់ ប្រទេស​ហ្សកដានី​នា​ថ្ងៃ​សៅរ៍ ទី២៤ តុលា។ នៅ​ក្នុង​ជំនួប​ជាមួយ​លោក​ឃ៊ែរី លោក​អាបាស់​បាន​ស្នើ​លោក​ឃ៊ែរី​ឲ្យ​ជួយ​អន្តរាគមន៍​ដើម្បី​រក្សា​ស្ថានភាពដើម​នៅ​ទីលាន​វិហារ​សាសនា​អ៊ីស្លាម​ក្នុង​ទីក្រុង​ហ្សេរុយសាឡិម​ខាង​កើត។ បន្ទាប់​ពី​ជួប​លោក​អាបាស់ លោក​ឃ៊ែរី​ក៏​បាន​ជួប​សន្ទនា​ជា​មួយ​ស្តេច​ហ្សកដានី​អាប់ដាឡា​ទី២ ដែរ។

លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី (រូបឆ្វេង) បាន​ទទួល​ជួប​លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​ម៉ាមូដ អាបាស់
លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី (រូបឆ្វេង) បាន​ទទួល​ជួប​លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​ម៉ាមូដ អាបាស់ Reuters
ផ្សាយពាណិជ្ជកម្ម

ជំនួប​ដាច់​ដោយ​ឡែក​ពី​គ្នា​រវាង​ប្រមុខ​ការទូត​អាមេរិក និង​ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល ព្រម​ទំាង​រវាង​ប្រមុខ​ការទូត​អាមេរិក និង​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​បាន​ធ្វើ​ឡើង គឺ​ក្នុង​គោលដៅ​ស្វែង​រក​ដំណោះស្រាយ​បិទបញ្ចប់​អំពើ​ហិង្សា​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ដែល​បាន​ផ្ទុះ​តំាង​ពី ៣សប្តាហ៍​នៅ​លើ​ទីលាន​វិហារ​សាសនា​អ៊ីស្លាម​អាល់ អាក្សា (Al-Aqsa) ស្ថិត​ក្នុង​ទីក្រុង​ហ្សេរុយសាឡិម​ខាងកើត។ នៅ​ក្នុង​ជំនួប​ជាមួយ​លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី លោក​ម៉ាមូដ អាបាស់​បាន​ស្នើ​លោក​ឃ៊ែរី​ឲ្យ​ជួយ​អន្តរាគមន៍​ក្នុង​ការ​រក្សា​លក្ខន្តិកដើម​របស់​វិហារ​អាល់ អាក្សា​ដែល​បាន​កំណត់​ក្នុង​ឆ្នំា ១៩៦៧។

សំណើ​របស់​ប្រមុខ​រដ្ឋអំណាច​ប៉ាឡេស្ទីន​យ៉ាង​ដូច​នេះ​មក​ពី​លោក​អាបាស់​បាន​យល់​ឃើញ​ថា លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ​បាន​ផ្លាស់ប្តូរ​ច្បាប់ដើម​ស្តីពី​ការ​កាន់កាប់ និង​ត្រួតពិនិត្យ​នៅ​វិហារ​អាល់ អាក្សា​ដែល​ជា​កន្លែង​សាសនា​ជា​ទីសក្ការៈ​ទី៣ របស់​អ្នក​កាន់​សាសនា​អ៊ីស្លាម។ គួរ​ជម្រាប​ជូន​ថា បើ​ផ្អែក​តាម​កិច្ចព្រមព្រៀង​ដែល​អ៊ីស្រាអែល​បាន​ចុះ​ហត្ថលេខា​ជាមួយ​ប្រទេស​ហ្សកដានី​ក្នុង​ឆ្នំា ១៩៩៤ ហ្សកដានី​ជា​អ្នក​គ្រប់គ្រង​ថែរក្សា ក៏​ដូច​ជា​ត្រួតពិនិត្យ​ការ​ចេញ ចូល​នៅ​ក្នុង​វិហារ​អាល់ អាក្សា។ តែ​នៅ​ជាង ១០ឆ្នំា​ចុង​ក្រោយ​នេះ អ៊ីស្រាអែល​បាន​បញ្ជូន​កម្លំាង​ប៉ូលិស​របស់​ខ្លួន​ទៅ​ឲ្យ​ត្រួតពិនិត្យ និង​ឆែកឆេរ​ការ​ចេញ​ទៅ​ក្នុង​វិហារ​នោះ។

នៅ​ថ្ងៃ​សុក្រ ទី២៣ តុលា កិច្ចប្រជុំ​ចតុភាគី រួម​មាន​អាមេរិក រុស្ស៊ី សហភាព​អឺរ៉ុប និង​អង្គការ​សហប្រជាជាតិ​ក៏​បាន​អំពាវនាវ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​បាន​ស្នើ​ឲ្យ​អ៊ីស្រាអែល​សហការណ៍​ជាមួយ​ហ្សកដានី​ក្នុង​ការ​រក្សា​លក្ខន្តិកដើម​ឲ្យ​វិហារ​អាល់ អាក្សា​ដែរ។ ទន្ទឹម​គ្នា​នេះ ចតុភាគី​ក៏​បាន​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​នីមួយៗ​ព្យាយាម​រក្សា​ភាព​អត់ធ្មត់​ដើម្បី​បញ្ឈៀស​រាល់​ទង្វើ​បង្ក​រឿង​គ្រប់​រូបភាព។

បន្ទាប់​ពី​បាន​ជួប​សន្ទនា​ជា​មួយ​លោក​អាបាស់ និង​មិន​បាន​ថ្លែង​អ្វី​មួយ​ម៉ាត់​សោះ​នៅ​ក្រោយ​ជំនួប​មក លោក​ចន ឃ៊ែរី​ក៏​បាន​ចូល​ជួប​សន្ទនា​ជាមួយ​ស្តេច​ហ្សកដានី​អាប់ដាឡា​ទី២។ ក្រៅ​ពី​សំណុំរឿង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន លោក​ឃ៊ែរី និង​ស្តេច​អាប់ដាឡាទី២ ក៏​បាន​លើក​សំណុំរឿង​ស៊ីរី​ទៅ​និយាយ​ដែរ ពិសេស​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​រវាង​ហ្សកដានី និង​រុស្ស៊ី​ស្តីពី​ការ​រួម​សហការណ៍​គ្នា​នៅ​ក្នុង​ប្រតិបត្តិការ​ផ្លូវអាកាស​លើ​ប្រទេស​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ