អានតួអត្ថបទ
អេហ្ស៊ីប

អេហ្ស៊ីប៖លោក​អាល់ស៊ីស៊ី​សន្យា​ជាថ្មី​ថា​នឹង​រៀបចំ​បោះឆ្នោតសភា​នៅ​មុន​ដំណាច់ឆ្នំា ២០១៥

នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប លោក​ប្រធានាធិបតី​អាប់ដែល ហ្វាតាអាល់ស៊ីស៊ី​បាន​សន្យា​ជា​ថ្មី​ក្នុង​ថ្ងៃ​ពុធ ទី២៩ មេសា​ថា លោក​នឹង​រៀបចំ​ការបោះឆ្នោត​សភា​ឲ្យ​បាន​មុន​ដំណាច់​ឆ្នំា ២០១៥ នេះ។ ការ​លើក​ពេល​បោះឆ្នោត​ជា​ថ្មី​ពេល​នេះ​ត្រូវ​បាន​លោក​អាល់ស៊ីស៊ី​លើក​យក​ហេតុផល​បញ្ជាក់​ថា កំពុង​ជាប់ដៃ​គិតគូរ​ពី​ជីវភាពរស់នៅ និង​សន្តិសុខ​របស់​ប្រជាជន ពិសេស​ប្រឈម​ទប់​នឹង​ការ​គំរាមកំហែង​របស់​ពួក​ភេរវជន។ គួរ​ជម្រាប​ជូន​ថា ការ​រៀបចំ​បោះឆ្នោត​សភា​ត្រូវ​បាន​គ្រោង​ធ្វើ​តំាង​ពី​ខែ​មីនា​មក​ម្ល៉េះ តែ​ត្រូវ​លើក​ពេល​ម្តង​ជា​ពីរ​ដង។

លោក​ប្រធានាធិបតី​អេហ្ស៊ីប អាប់ដែល ហ្វាតា អាល់ស៊ីស៊ី
លោក​ប្រធានាធិបតី​អេហ្ស៊ីប អាប់ដែល ហ្វាតា អាល់ស៊ីស៊ី
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​បទសម្ភាសន៍​​មួយ​ផ្តល់​ឲ្យ​កាសែត​ប្រចំា​ថ្ងៃ​អេស្បាញ​ឈ្មោះ EL Mundo ចេញ​ផ្សាយ​ថ្ងៃពុធ ទី២៩ មេសា​ដែល​លោក​ប្រធានាធិបតី​អេហ្ស៊ីប​អាល់ស៊ីស៊ី​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ការ​រៀបចំ​បោះឆ្នោត​សភា​អេហ្ស៊ីប​នៅ​មុន​ដំណាច់​ឆ្នំា ២០១៥ នេះ តែ​លោក​មិន​បាន​បញ្ជាក់​ថ្ងៃខែ​ឲ្យ​បាន​ច្បាស់លាស់​ទេ។ ការ​ផ្តល់​បទសន្ទនា​ឲ្យ​កាសែត​អេស្បាញ ព្រោះ​អេស្បាញ​ជា​ប្រទេស​ដែល​លោក​អាល់ស៊ីស៊ី​ផ្តើម​ទស្សនកិច្ច​ផ្លូវការ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី៣០ មេសា។ គួរ​រម្លឹក​ជូន​ថា តំាង​ពី​ឧត្តមសេនីយ​អាល់ស៊ីស៊ី​បាន​ធ្វើ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​ប្រធានាធិបតី​ស្រប​ច្បាប់​ម័រស៊ី​ក្នុង​ខែ​កក្កដា ឆ្នំា ២០១៣ រួច​ក្លាយ​ខ្លួនឯង​ជា​ប្រធានាធិបតី​ក្នុង​ខែ​ឧសភា ឆ្នំា ២០១៤ មក លោក​អាល់ស៊ីស៊ី​បាន​រង​ការ​ចោទប្រកាន់​ពី​បទ​ប្រើ​អំណាច​ផ្តាច់ការ​តាម​បំបាត់​ក្រុម​ប្រឆំាង។

លោក​ធ្លាប់​បាន​សន្យា​រៀបចំ​បោះឆ្នោត​សភា​តំាង​ពី​ខែ​មីនា តែ​ត្រូវ​បាន​លើក​ពេល បន្ទាប់​ពី​តុលាការ​ធម្មនុញ្ញ​បាន​ច្រាន​ចោល​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​បោះឆ្នោត​ដែល​ក្រុម​គណបក្សប្រឆំាង​បាន​តវ៉ា​មិន​សុខ​ចិត្ត។ តែ​ក្រៅ​ពី​លើក​យក​សេចក្តី​សម្រេចចិត្ត​របស់​តុលាការ​ធម្មនុញ្ញ​ទៅ​និយាយ លោក​អាល់ស៊ីស៊ី​ក៏​បាន​បញ្ជាក់​ពី​ហេតុផល​ផ្សេង​ទៀត​ដែល​ជម្រុញ​លោក​ឲ្យ​លើក​ការ​បោះឆ្នោត​សភា​ទៅ​ថ្ងៃ​ខាង​មុខ។ សុទ្ធសឹង​ជា​ហេតុផល​ដែល​លោក​គិត​ថា មាន​អាទិភាព​ជាង​ការ​រៀបចំ​បោះឆ្នោត​ទៅ​ទៀត រួម​មាន ការ​គិតគូរ​រឿង​ជីវភាព និង​សន្តិសុខ​របស់​ប្រជាជន​ទំាង ៩០លាននាក់ និង​ការ​ប្រឈម​ទប់​នឹង​ទង្វើ​បោះបោរ ក៏​ដូច​ជា​អំពើ​ភេរវកម្ម​ដែល​នឹង​អាច​នំា​អេហ្ស៊ីប​ឲ្យ​ធ្លាក់​ក្នុង​ភាព​វឹកវរ និង​សង្រ្គាមស៊ីវិល។

យ៉ាង​ណា​ក៏​ដោយ លោក​អាល់ស៊ីស៊ី​បាន​ព្យាយាម​ការពារ​តុល្យការ​វិជ្ជមាន​នៃ​ការ​កាន់​អំណាច​របស់​លោក និង​ថែម​ទំាង​ហ៊ាន​ប្រកាស​ក្តែងៗ​ថា អេហ្ស៊ីប​សព្វថ្ងៃ​កំពុង​ធ្វើ​ដំណើរ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ ព្រោះ​អេហ្ស៊ីប​មាន​ឆន្ទៈនយោបាយ​គោរព​តាម​ការ​ចង់​បាន​របស់​ប្រជាជន។ លោក​អាល់ស៊ីស៊ី​បាន​បន្ថែម​ដោយ​មោទនភាព​ថា បើ​លោក​មិន​ចូល​ខ្លួន​អន្តរាគមន៍​ទេ ម្លេះ​អេហ្ស៊ីប​ធ្លាក់​ក្នុង​សង្រ្គាមស៊ីវិល​បាត់​ទៅ​ហើយ។ តែ​ទាក់ទង​នឹង​សំណួរ​រឿង​កាត់ទោស​លោក​ម័រស៊ី​ដាក់​គុក ២០ឆ្នំា​នា​ពេល​ថ្មីៗ​នេះ លោក​អាល់ស៊ីស៊ី​ព្យាយាម​មិន​ឆ្លើយ​ដោយ​បង្វែរ​រឿង​នេះ​ថា ជា​រឿង​របស់​តុលាការ។ គួរ​ជម្រាប​ជូន​ថា តំាង​ពី​លោក​អាល់ស៊ីស៊ី​ឡើង​កាន់​អំណាច មាន​សកម្មជន​គំាទ្រ​លោក​ម័រស៊ី​យ៉ាង​តិច ១ ៤០០នាក់​បាន​បាត់បង់​ជីវិត និង​ជាង ១៥ ០០០នាក់​កំពុង​ជាប់​គុក​ដែល​ខ្លះ​បាន​ទទួល​ទោស​ប្រហារ​ជីវិត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ