អានតួអត្ថបទ
យេមែន

អារ៉ាប៊ីសាអ៊ូឌីត​បើក​អន្តរាគមន៍​យោធា​នៅ​យេមែន

ភាព​ចលចល​វិកវរ​នយោបាយ​នៅ​ប្រទេស​យេមែន​ ​បាន​បង្ក​ឲ្យ​ប្រទេស​នេះ ​ក្លាយ​ជា​ទីលាន​ប្រយុទ្ធ​គ្នា​ ​រវាង​ក្រុម​អ៊ីស្លាម​ជាច្រើន​ក្រុម។ ក្រុម​ឧទ្ទាម​ហ៊ូទី ​ដែល​ជា​ក្រុម​យោធា​ បះបោរ​នៅ​ភាគ​ខាង​លិច​ប្រទេស​នេះ ​បាន​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​កម្លាំង ​វាយ​យក​បាន​ក្រុង​សាណា ​ដែល​ជា​រដ្ឋធានី​របស់​ប្រទេស​យេមែន។ លោក​ប្រធានាធិបតី​យេមែន​ ដែល​បាន​និរទេស​ខ្លួន  ​បាន​អំពាវនាវ ​ឲ្យ​សហគមន៍​អន្តរជាតិ ​និង​ប្រទេស​អារ៉ាប់​ផ្សេង​ទៀត​ ចូល​មក​ជួយ ​ប្រជាជន​យេមែន ​ដែល​កំពុង​តែ​ជួប​គ្រោះថ្នាក់។ នៅ​យប់​ថ្ងៃ​ពុធ ទី ​២៥ ​មីនា​នេះ អារ៉ាប៊ីសាអ៊ូឌីត ​បាន​សម្រេច​ចិត្ត ធ្វើ​អន្តរាគមន៍​យោធា ​ដើម្បី​បង្រ្កាប​ក្រុម​ឧទ្ទាម​ហ៊ូទី។ មាន​ប្រទេស​អារ៉ាប់​មួយ​ចំនួន​ទៀត ​ក៏​បាន​សន្យា​ចូលរួម​ក្នុង​អន្តរាគន៍​នេះ​ដែរ។

ប្រជាជន​យេមែន​ សែងជនរងគ្រោះ​ដែលបានស្លាប់​ដោយសារ​ការទម្លាក់​គ្រាប់បែក​របស់​​អារ៉ាប៊ីសាអ៊ូឌីត​ កាលពីយប់​​ថ្ងៃពុធ ទី ២៥ មីនា ២០១៥
ប្រជាជន​យេមែន​ សែងជនរងគ្រោះ​ដែលបានស្លាប់​ដោយសារ​ការទម្លាក់​គ្រាប់បែក​របស់​​អារ៉ាប៊ីសាអ៊ូឌីត​ កាលពីយប់​​ថ្ងៃពុធ ទី ២៥ មីនា ២០១៥ REUTERS/Khaled Abdulla
ផ្សាយពាណិជ្ជកម្ម

ដើម​ហេតុ​នៃ​ជម្លោះ ​និង​វិបត្តិ​នយោបាយ ​នៅ​យេមែន៖

វិបត្តិនយោបាយ ​នៅ​យេមែន ​មិនមែន​ទើប​តែ​មាន​ទេ ​គឺ​តាម​ពិត​ វិបត្តិ​នេះ ​បាន​រ៉ាំរ៉ៃ ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ភាគ​ខាង​លិច​យេមែន ​ធ្លាប់​ជា​អតីត​ដែនដី​របស់ កូន​រាជា​ណាចក្រ​អ៊ីស្លាម​មួយ​ ឈ្មោះ​ថា ហ្សៃឌីស្ត៍​(Zaidiste) ​ដែល​តំបន់​នេះ​ឯង ​ជា​ទីតាំង​ របស់​ក្រុម​ឧទ្ទាម​ហ៊ូទី (Houthis)។ តំបន់​នេះ​មាន​ប្រជាជន​រស់​នៅ​សុទ្ធសឹង​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម ​និកាយ​ឈីអ៊ីត។ បន្ទាប់​ពី​មាន​រដ្ឋប្រហារ​ នៅ​ឆ្នាំ​១៩៦២ និង​ការ​បង្រួប​បង្រួម​គ្នា​នៅ​ឆ្នាំ​១៩៩០ យេមែន​ទាំង​មូល​ ក្លាយ​ជា​ប្រទេស​សាធារណរដ្ឋ។ ក្រុម​ហ៊ូទី ដែល​ជា​ក្រុម​និកាយ​ឈីអ៊ីត ​បាន​ក្លាយ​ជា​ជនជាតិ​ភាគ​តិច ​នៅ​ក្នុង​ប្រទេស​យេមែន​ទាំងមូល ​ដែល​សំបូរ​ភាគ​ច្រើន​ជា​ជនជាតិ​អ៊ីស្លាម​និកាយ​ស៊ុនីត។

 
ក្រុម ​ហ៊ូទី ​នេះ​ធ្លាប់​ធ្វើ​ការ​បះបោរ​ ជា​ច្រើន​លើក ​រួច​មក​ហើយ ​តួយ៉ាង​ កាល​ពី​ឆ្នាំ​១៩៩៤   ហើយ​នឹង​ឆ្នាំ ២០០៤។ ជម្លោះ​សាសនា​ ជា​មូលហេតុ​ចំបង ​ដែល​ធ្វើឲ្យ​ក្រុម​ហ៊ូទី ​មិន​ចុះ​សម្រុង​គ្នា​ ជាមួយ​រដ្ឋាភិបាល យេមែន ​ព្រោះ​ថា​ជា​រដ្ឋាភិបាល​របស់​ក្រុម​ស៊ុនីត។ ក្រុម​ហ៊ូទី​នេះ ​បាន​ចោទ​ប្រកាន់ ​រដ្ឋាភិបាល​យេមែន​ថា ថា​មាន​ការ​លម្អៀង ​ទុក​ប្រជាជន​អ៊ីស្លាម​ឈីអ៊ីត ​ឲ្យ​វេទនា ​មិន​យក​ចិត្ត​ទុក​ដាក់ ​ហើយ​ថា ​នយោបាយ​គ្រប់គ្រង​ប្រទេស​ មិន​ត្រូវ​បាន​ធ្វើ​ឡើង​ ដោយ​ស្មើរភាព​នោះ​ទេ។

ក្រុម​ហ៊ូទី ​មាន​កម្លាំង ​ប្រហែល​ជា​ជាង ១ម៉ឺន​នាក់ ​ដែល​បាន​តស៊ូ​ប្រយុទ្ធ​ ​ជាមួយ​រដ្ឋាភិបាល​យេមែន។ ដែនដី​ដែល​ក្រុម​នេះ​បាន​វាយ​យក​បាន ​បាន​រីក​ធំ​បន្តិច​ម្តងៗ ​នៅ​ភាគ​ខាង​លិច​ទឹកដី​យេមែន​ ហើយ​ចុង​ក្រោយ​នេះ​ ​គឺ​នៅ​ ​ថ្ងៃ​ទី ​២២ ​មករា ​ថ្មីៗ​នេះ​ តែម្តង ​ដែល ​ក្រុម​ហ៊ូទី ​បាន​វាយ​យក​បាន ​ទីក្រុង​សាណា ​រដ្ឋធានី យេមែន។ លោក ​ប្រធានាធិបតី ​ហាឌី ​បាន​រត់​គេច​ខ្លួន ​ទៅ​សម្ងំ​ពួន​ នៅ​ក្រុង​មួយ​ទៀត​ឈ្មោះ​អាឌែន។

ប៉ុន្តែ​ បញ្ហា​នៅ ​យេមែន ​វា​ស្មុគ្រស្មាញ ​ដោយសារ​តែ​ក្រុម​ប្រយុទ្ធ ​មិន​មែន​មានតែ​ក្រុម​ឧទ្ទាម​ហ៊ូទី​នេះ តែ​ឯង​ទេ។ គឺ​នៅ​មាន​ក្រុម​អាល់កាអ៊ីដា ​ដែល​មាន​សាខា​នៅ​យេមែន ឈ្មោះ អាក់ប៉ា​ (AQPA) ក៏​បាន​ធ្វើ​ការ​ប្រយុទ្ធ​ជាមួយ​រដ្ឋាភិបាល​យេមែន​ដែរ។ ហើយ​ក្រុម​អាល់កាអ៊ីដា ​និង​ក្រុម​ហ៊ូទី​នេះ អត់​ត្រូវ​គ្នាទេ។ នៅ​មាន​សត្រូវ​មួយ​ទៀត​ ដែល​សាហាវ​ជាង​នេះ​ទៅទៀត ​គឺ​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម ​ពួក​នេះ​ឯង​ដែល​បាន ​ឆក់​ឱកាស​ចលាចល​នៅ​ក្រុង​សាណា ​បាន​ដាក់​គ្រាប់បែក​បំផ្ទុះ​ក្នុង​វិហារ​អ៊ីស្លាម​ កាល​ពី​សប្តាហ៍​មុន ​ដែល​បាន​សម្លាប់​ជីវិត​មនុស្ស ​ជិត​១៥០នាក់។ ដូច្នេះ​យើង​ឃើញ​ថា​ ភាព​ចលាចល​នយោបាយ​ ​ការ​វាយ​ប្រយុទ្ធ​គ្នា​ នៅ​យេមែន​ ​មិនមែន​មាន​តែ​ក្រុម​ហ៊ូទី​ទេ ​ដែល​ជា​អ្នក​បង្ក​ឡើង។

អារ៉ាប៊ីសាអ៊ូឌីត ដឹកនាំការវាយប្រហារលើយេមែន ជាមួយប្រទេសអារ៉ាប់ផ្សេងទៀត៖
លោក ​អគ្គរដ្ឋទូត ​អារ៉ាប៊ីសាអ៊ូឌីត ​ប្រចាំ​សហរដ្ឋ​អាមេរិក ​បាន​ធ្វើ​សន្និសីត​កាសែត ​នៅ​ក្រុង​វ៉ាស៊ីនតោន ​ដើម្បី​ប្រាប់​ពី​ការ​សម្រេច​ចិត្ត​ ធ្វើ​អន្តរាគមន៍​យោធា​របស់ ​ទាហាន​អារ៉ាប៊ីសាអ៊ូឌីត។ មក​ទល់​ពេល​នេះ​ អារ៉ាប៊ីសាអ៊ូឌីត ​ធ្វើ​តែ​ប្រតិបត្តិការ​យោធា​ផ្លូវ​អាកាស​តែ​ប៉ុណ្ណោះ។ ពោល​គឺ​ប្រើប្រាស់​យន្តហោះ​ចម្បាំង ​ទៅ​ទំលាក់​គ្រាប់បែក​ តាម​ទីតាំង​របស់​ពួក ហ៊ូទី។ កង​កម្លាំង​របស់ អារ៉ាប៊ីសាអ៊ូឌីត ​បាន​ចាប់ផ្តើម​ចេញ​​ប្រតិបត្តិការ ​តាំង​ពី​យប់​ថ្ងៃ​ពុធ ​ឈាន​ចូល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដោយ​បាន​ទំលាក់​គ្រាប់បែក​ ​ទៅ​លើ​ក្រុង​សាណា។ តាម​ការ​រាយការណ៍ ​មាន​ប្រជាជន​សាមញ្ញ​១៥​នាក់ ​បាន​ស្លាប់ ​ក្នុង​ប្រតិបត្តិការ​នេះ។ ​ហើយ​វិមាន​ប្រធានាធិបតី ​យេមែន ​ក៏​បាន​ឆេះ​ខ្ទេចខ្ទីរ ​មួយ​ភាគធំ​ដែរ។ ទូរទស្សន៍ អាល់ អារ៉ាប៊ីយា បាន​ផ្សាយ​ថា​ អារ៉ាប៊ីសាអ៊ូឌីត ​បាន​ត្រៀម​កម្លាំង ​ប្រមាណ​ជា ​១៥​ម៉ឺន​នាក់ ​និង ​យន្តហោះ​ចម្បាំង​ចំនួន​១០០​គ្រឿង ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​នេះ។ ចំណែក ​ក្រុម​ហ៊ូទី ​វិញ ​កំពុង​តែ​បន្ត​ដំណើរ ​ខិត​ទៅ​កាន់តែ​ជិត​ ដល់​ក្រុង អាឌែន​ហើយ។

ក្រៅពី អារ៉ាប៊ីសាអ៊ូឌីត នៅមានប្រទេសក្នុងតំបន់អារ៉ាប់ផ្សេងទៀត ដែលបានសន្យាថា នឹង​ចូលរួម​ក្នុង​ប្រតិបត្តិការ​យោធានេះ។ ក្នុងនោះមាន អេមៀរ៉ាតអារ៉ាប់រួម ដែលបានបញ្ជូនយន្តហោះចម្បាំងចំនួន ៣០​ គ្រឿង ទៅសហការជាមួយ អារ៉ាប៊ីសាអ៊ូឌីត។ ប្រទេសកាតា ដែល​កន្លង​មក​ បាន​ខិតខំ​ស្វែងរក​ដំណោះ​ស្រាយ​ផ្នែក​នយោបាយ ជួយយេមែន ដោយបញ្ជៀសការប្រើកំលាំងយោធា ប៉ុន្តែនៅយប់មិញនេះ ក៏​បាន​ចុះ​ហត្ថលេខា ជួយសហការក្នុងប្រតិបតិ្តការយោធាដឹកនាំដោយ អារ៉ាប៊ីសាអ៊ូឌីត នេះដែរ។ គ្រាន់​តែ​ថា ពេលនេះ គេមិនទាន់ដឹងថា កាតា អាចជួយតាមវិធីណានោះទេ។ ក្រៅពីនេះ នៅ​មាន​ប្រទេស​មួយ​ចំនួន​ទៀត ​ដែល​បាន​បញ្ជូនយន្តហោះចម្បាំង ទៅចូលរួមដែរ​គឺ មានដូចជាម៉ារ៉ុក ហ្សកដានី អេហ្ស៊ីប ស៊ូដង់ កូវ៉េត និងបារ៉ែន។ គ្រប់គ្នា នាំគ្នា និយាយថា នេះជាការសហការគ្នា ដើម្បីជួយសង្គ្រោះប្រជាជនយេមែន នឹង​នាំ​លោក​ប្រធានាធិបតី ហាឌី ​ដែលជាប្រធានាធិបតីស្របច្បាប់មកដឹកនាំប្រទេសវិញ។

សហរដ្ឋ​អាមេរិក​គាំទ្រ យុទ្ធនាការ​យោធា​របស់ អារ៉ាប៊ីសាអ៊ូឌីត៖
តាមការ​ឲ្យ​ដំណឹង ​អ្នក​នាំ​ពាក្យ​សេតវិមាន ​បាន​ប្រកាសថា រ​ដ្ឋាភិបាល​អាមេរិក ​បាន​គាំទ្រ​យុទ្ធនាការ​យោធា​ ដែលដឹកនាំ​ដោយ អារ៉ាប៊ីសាអ៊ូឌីត។ អ្នក​នាំពាក្យ​ដដែល​បាន​បន្ថែម​ថា ​អាមេរិក ​អាច​នឹង​ចូលរួម​សហការ​ តាម​រយៈ​ ការ​ផ្តល់​ជំនួយ​ផ្នែក​សំភារៈ ​ព្រម​ទាំង​ការ​ផ្តល់​ប្រឹក្សា​ព័ត៌មាន ​នឹង​ទិន្នន័យ​លំអិត ​ជុំវិញ ​ប្រតិបតិ្តការ​វាយ​ប្រហារ។

ថ្វីត្បិត​យោធា​អាមេរិក មិន​បាន​ធ្វើ​ប្រតិបត្តិការ​ដោយ​ផ្ទាល់​មែន ​ប៉ុន្តែ​កងទ័ព​អាមេរិក ​នឹង​សហការ​ជាមួយ អារ៉ាប៊ីសាអ៊ូឌីត ​ក្នុង​ការ​សិក្សា​គម្រោង​វាយ​ប្រហារ​នីមួយៗ ​មុន​នឹង​ចេញ​ធ្វើ​ប្រតិបត្តិការ។

មូលហេតុ ​ដែល​ជម្រុញ​អារ៉ាប៊ីសាអ៊ូឌីត ​និង​ប្រទេស​អារ៉ាប់​ផ្សេង​ទៀត ​ធ្វើ​អន្តរាគមន៍ ​នៅ​យេមែន៖
បើ​យើង​មើល​មួយ​ភ្លែត​ទៅ គឺ​ថា ​ប្រតិបត្តិការ​យោធា​ដែល​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត ​នេះ ជា​ដំណឹង​ល្អ ​ដើម្បី​រំដោះ​ប្រជាជន​យេមែន ​ចេញ​ពី​ក្រញ៉ាំ​របស់ ​ក្រុម​ឧទ្ទាម​ហ៊ូទី។ ប៉ុន្តែ​បើ​យើង​ពិនិត្យ​ ឲ្យ​យូរ​បន្តិច​ទៅ ​យើង​ឃើញ​ថា​ ​នេះ ​មិន​មែន​គ្រាន់​តែ​ជា​ការ​រំដោះ​ប្រជាជន​យេមែន​ទេ ​ប៉ុន្តែ​វា​ជា​ការ​ប្រកាស​សង្គ្រាម​ រវាង ក្រុម​ប្រទេស​ស៊ុនីត ​ជាមួយ​នឹង​ក្រុម​ហ៊ូទី ​ដែល​ជា​ក្រុម​ឈីអ៊ីត។ អារ៉ាប៊ីសាអ៊ូឌីត ​ដែល​មាន​ព្រំដែន​ ជាប់​ផ្ទាល់​ជាមួយ​យេមែន ​ខ្លាច​ភ្លើង​ឆាបឆេះ​ ទៅ​ដល់​ផ្ទះ​ខ្លួន​ដែរ។ អារ៉ាប៊ីសាអ៊ូឌីត ​ជា​មេក្រុម​ប្រទេស​អ៊ីស្លាម​និកាយ​ស៊ុនីត។ យ៉ាងណាមិញ ​ប្រទេស​ដែល​សហការ​ជាមួយ ​អារ៉ាប៊ីសាអ៊ូឌីត ​ក្នុង​ប្រតិបត្តិការ​នេះ ​សុទ្ធសឹង​ជា​ប្រទេស​អ៊ីស្លាម ​និកាយ​ស៊ុនីត​ទាំង​អស់។

នរណា​ក៏​ដឹង​ដែរ​ថា ​ក្រុម​ឧទ្ទាម​ហ៊ូទី ​ជា​ក្រុម​អ្នក​កាន់​សាសនា​អ៊ីស្លាម ​និកាយ​ឈីអ៊ីត ​ហើយ​​ដែល​បាន​ទទួល​ការ​ទំនុកបំរុង​ ពី​ប្រទេស​អ៊ីរ៉ង់ ​ដែល​ប្រកាន់​និកាយ​ឈីអ៊ីត​ ដូច​គ្នា។ ជាក់​ស្តែង​ ក្នុង​កាលៈទេសៈ​នេះ អ៊ីរ៉ង​មិន​ត្រឹមតែ​ មិន​ចូលរួម​ជាមួយ ​អារ៉ាប៊ីសាអ៊ូឌីត​ហើយ ​ថែម​ទាំង​ថ្កោល​ទោស​ប្រតិបត្តិការ​យោធា​នេះ​ទៀត​ផង។ អ្នក​នាំពាក្យ​រដ្ឋាភិបាល​អ៊ីរ៉ង់​ បាន​បញ្ជាក់​ថា ​យុទ្ធនាការ​យោធា​ ដែល​ដឹកនាំ​ដោយ ​អារ៉ាប៊ីសាអ៊ូឌីត ​នៅ​ក្នុង​ប្រទេស​យេមែន ​ក្នុង​ពេល​នេះ ​គឺ​រំលោភ​ទាំង​ស្រុង​ ទៅ​លើ​ច្បាប់​អន្តរជាតិ ​និង​អធិបតេយ្យភាព​របស់​យេមែន ​ព្រម​ទាំង​ជម្រុញ​ប្រទេស​នេះ ​ ឲ្យ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​សង្គ្រាម ​កាន់តែ​ជ្រៅ​ទៅៗ។

ចំណុច​មួយ​ទៀត ​ដែល​សំខាន់ ​គឺ​ទាក់ទឹន​ទៅហ្នឹង​ច្រក​ចេញ​ចូល​ សេដ្ឋកិច្ច ​តាម​ផ្លូវ​សមុទ្រ​ ក្នុង​តំបន់​អារ៉ាប់​តែម្តង។ យេមែន ​មាន​ទីតាំង ​មួយ​ ក្នុង​តំបន់​ដែល​មាន​សារៈសំខាន់​ណាស់ ​ក្នុង​ការ​ចេញ​ចូល​នាវា​ធំៗ ​ជា​ពិសេស​នាវា​ដឹកប្រេង​តែម្តង។ យេមែន​មាន​ភូមិសាស្រ្ត​ស្ថិត​នៅ ​ចំ​ពី​មុខ​ឈូង​សមុទ្រ អាឌែន​ ដែល​នៅ​ចំ​មាត់​ច្រកចូល ​ទៅ​ក្នុង​សមុទ្រ​ក្រហម ​និង​ព្រែកជីក​ស៊ុយអេ​ របស់​អេហ្ស៊ីប។ អញ្ចឹង​ហើយ ​បាន​គ្រាន់​តែ អារ៉ាប៊ីសាអ៊ូឌីត ​ប្រកាស​ថា​ វាយ​ក្រុម​ហ៊ូទី​ភ្លាម  ​អេហ្ស៊ីប​គាំទ្រ​ភ្លាម ​ព្រោះ​បើ​ក្រុម​ហ៊ូទី ​បិទ​ច្រក​នេះ ​អេហ្ស៊ីប​ច្បាស់​ជា​ត្រូវ​ដាច់ពោះ​មិន​ខាន។ អេហ្ស៊ីប​ខ្លួនឯង ​ក៏​ធ្លាប់​លើក​ទ័ព​មក​វាយ យេមែន​ដែរ ​កាល​ពី​ទសវត្ស​ឆ្នាំ​៦០ ​ដោយសារ​តែ​បញ្ហា​នេះ។

សង្គ្រាម​ជាមួយ​ក្រុម​ហ៊ូទី រឺ​ជាមួយ​អ៊ីរ៉ង់?
ក្នុង​ហេតុផល​ដដែល​នេះ​ វា​ទាក់ទង​យ៉ាង​ស្អិត​ ជាមួយ​នឹង​ឥទ្ធិពល​របស់​អ៊ីរ៉ង់​ នៅ​ក្នុង​តំបន់ ​អារ៉ាប់​ទាំង​មូល។ ដោយ​យោង​ទៅ​តាម​ទី​តាំង​ភូមិសាស្ត្រ ​អ៊ីរ៉ង់​គ្រប់គ្រង​ស្ទើរតែ​ទាំង​ស្រុង​ ទៅ​លើ​ឈូងសមុទ្រ ​អូម៉ង់ ​និង​ឈូង​សមុទ្រ​ពែក្ស។ ដូច្នេះ​ បើ​សិន​ជា​យេមែន ​ធ្លាក់​ទៅ​ក្នុង​ដៃ​ របស់​ពួក​ហ៊ូទី ​ដែល​ជា​កូនចៅ​របស់​អ៊ីរ៉ង់​ទៀត ​មាន​​ន័យ​ថា អ៊ីរ៉ង់ ​នឹង​គ្រប់គ្រង​ទាំង​ឈូង​សមុទ្រ ​អាឌែន​ មួយ​ទៀត។ រឿង​នេះ ​អារ៉ាប៊ីសាអ៊ូឌីត ​និង​ប្រទេស​អ៊ីស្លាម​ស៊ុនីត ​ផ្សេង​ទៀត ​ពិត​ជា​មិន​សុខ​ចិត្ត​ទេ ​ព្រោះ​រឿងអី​ សុខៗ​ គេ​ទុក​ឲ្យ​ អ៊ីរ៉ង់ ​ដែល​ជា​ប្រទេស​ឈីអ៊ីត​តែ​ម្នាក់​ឯង ​មក​ច្របាច់​ក​ពួក​ស៊ុនីត ​ដែល​មាន​គ្នា ​ស្ទើតែ​ពេញ​ពិភព​អារ៉ាប់​ទៅ​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ