មេទ័ពកំពូលរបស់កូរ៉េខាងជើងត្រូវដកតំណែង “ដោយមូលហេតុជំងឺ”
លោក រី យ៉ុងហូ (Ri Yong-Ho) មេទ័ពកំពូលរបស់កូរ៉េខាងជើង ត្រូវបានដកពីមុខតំណែង ដោយសារមូលហេតុជំងឺ។ នេះបើតាមសេចក្តីប្រកាសតាមបណ្តាញផ្សព្វផ្សាយផ្លូវការកូរ៉េខាងជើង នៅថ្ងៃចន្ទនេះ។ ការប្រកាសដកតំណែងលោករី យ៉ុងហូ នេះ បានធ្វើឲ្យអ្នកសង្កេតការណ៍ទូទៅមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយនាំគ្នាសង្ស័យថា លោកគីម ជុងអ៊ុន ប្រហែលជាកំពុងតែធ្វើការបោសសម្អាតផ្ទៃក្នុងបក្ស ដើម្បីពង្រឹងអំណាចរបស់គាត់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០៤:៣៧
លោក រី យ៉ុងហូ ត្រូវបានគេមើលឃើញថាជាឥស្សរជនដ៏សំខាន់ម្នាក់ ដែលបានជួយជ្រោមជ្រែងលោកគីម ជុងអ៊ុន ក្នុងការស្នងតំណែងពីឪពុក។ ចាប់តាំងពីលោកគីម ជុងអ៊ុន ឡើងកាន់តំណែង គេតែងតែឃើញលោករី យ៉ុងហូ បង្ហាញមុខជាសាធារណៈ នៅជាប់នឹងលោកគីម ជុងអ៊ុនជានិច្ច។
គួរបញ្ជាក់ថា លោករី យ៉ុងហូ ត្រូវបានលោកគីម ជុងអ៊ីល តែងតាំងឲ្យកាន់តំណែងជានាយអគ្គសេនាធិការចម្រុះកងទ័ពកូរ៉េខាងជើង កាលពីឆ្នាំ២០០៩ (ជាតំណែងជាន់ខ្ពស់លំដាប់ទីពីរក្នុងជួរកងទ័ព បន្ទាប់ពីលោកគីម ជុងអ៊ុន ដែលជាអគ្គបញ្ជាការ) ហើយបន្ទាប់មកទៀត នៅឆ្នាំ២០១០ លោកត្រូវបានតែងតាំងជាអនុប្រធានគណៈកម្មាធិការមជ្ឈិមកងទ័ព នៃគណបក្សពលករកូរ៉េខាងជើង (គណៈកម្មាធិការ ដែលមានលោកគីម ជុងអ៊ុន ជាប្រធាន)។ ក្រៅពីនេះ លោករី យ៉ុងហូ គឺជាសមាជិកគណៈអចិន្រ្តៃយ៍បក្ស ដែលជាស្ថាប័នមានអំណាចខ្ពស់បំផុត នៅកូរ៉េខាងជើង។
យោងតាមសេចក្តីប្រកាសរបស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង (KCNA) ដែលជាបណ្តាញផ្សព្វផ្សាយរបស់រដ្ឋ លោក រី យ៉ុងហូ ត្រូវបានដកពីគ្រប់មុខតំណែងទាំងអស់ (ទាំងនៅក្នុងជួរកងទ័ព និងនៅក្នុងបក្ស) ដោយសារមូលហេតុជំងឺ។ ក៏ប៉ុន្តែ ការប្រកាសជូនដំណឹងនេះមិនបានបញ្ជាក់លម្អិតច្បាស់លាស់ អំពីប្រភេទជំងឺរបស់លោករី យ៉ុងហូ ហើយក៏មិនបញ្ជាក់ថា អ្នកណានឹងត្រូវឡើងមកជំនួសតំណែងនេះដែរ។
យោងតាមមន្រ្តីជាន់ខ្ពស់របស់កូរ៉េខាងត្បូង ការដកលោករី យ៉ុងហូ ពីមុខតំណែង ដែលមានប្រកាសជាសាធារណៈដោយប្រញាប់ប្រញាល់បែបនេះ គឺជារឿងចម្លែកមិនធ្លាប់ឃើញមាន នៅកូរ៉េខាងជើង។
មានមនុស្សតិចតួចណាស់ ដែលជឿថា ការដកតំណែងនេះ គឺដោយសារតែមូលហេតុជំងឺ ព្រោះ នៅក្នុងការចេញមុខជាសាធារណៈនាពេលថ្មីៗនេះ គេឃើញលោករី យ៉ុងហូ មានសុខភាពមាំទាំជាធម្មតា ដោយមិនគួរមានជំងឺរហូតដល់ថ្នាក់ត្រូវដកចេញពីគ្រប់មុខតំណែងបែបនេះទេ។ ម្យ៉ាងវិញទៀត ជាទម្លាប់នៅកូរ៉េខាងជើង គេមិនធ្លាប់ដែលឃើញមានមេដឹកនាំកំពូលរូបណាត្រូវគេដកមុខតំណែងដោយសារជំងឺនោះទេ។ ជាទូទៅ មេដឹកនាំថ្នាក់កំពូលដូចជាលោករី យ៉ុងហូ នេះ តែងតែនៅបន្តកាន់តំណែងរហូតដល់ចាស់ ឈឺ ស្លាប់ ទើបគេតែងតាំងអ្នកថ្មីមកជំនួស។
ដូច្នេះ ការដកតំណែងលោករី យ៉ុងហូ គឺទំនងជាអាចកើតចេញពីការប្រជែងអំណាចគ្នា ឬក៏ជាផ្នែកមួយ នៃយុទ្ធនាការបោសសម្អាតផ្ទៃក្នុងបក្ស ដើម្បីពង្រឹងអំណាចលោកគីម ជុងអ៊ុន។
លោកគីម ជុងអ៊ុន ដែលជាមេដឹកនាំវ័យក្មេងគ្មានបទពិសោធន៍យោធា ប្រហែលជាមើលទៅឃើញថា លោក រី យ៉ុងហូ ដែលជាមេទ័ពវ័យចំណាស់ មានបទពិសោធន៍ និងមានឥទ្ធិពលខ្លាំងក្នុងជួរកងទ័ព ពិបាកក្នុងការបញ្ជា ឬត្រួតត្រា ដូច្នេះ ទើបសម្រេចដកតំណែងគាត់ចេញ ដើម្បីដាក់ជំនួសដោយមនុស្សថ្មី ដែលងាយស្រួលត្រួត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ