អង្គការ OCDE ៖ ចិននឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០១៦
អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍសេដ្ឋកិច្ច ដែលហៅកាត់ជាភាសាបារាំងថា OCDE បានចេញផ្សាយរបាយការណ៍មួយ កាលពីថ្ងៃសុក្រម្សិលមិញ បង្ហាញថា ចិននឹងដណ្តើមកន្លែងជាមហាអំណាចសេដ្ឋកិច្ចពិភពលោកពីអាមេរិក នៅឆ្នាំ២០១៦។ ហើយបន្ទាប់មកទៀត សូម្បីតែតំណែងជាមហាអំណាចសេដ្ឋកិច្ចទី២ ក៏នឹងត្រូវឥណ្ឌាដណ្តើមយកពីអាមេរិកដែរ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០៦
អង្គការ OCDE ដែលមានទីស្នាក់ការនៅទីក្រុងប៉ារីស គឺជាអង្គការសេដ្ឋកិច្ចអន្តរជាតិ ដែលមានសមាជិក ៣៤ប្រទេស ភាគច្រើនជាប្រទេសមានសេដ្ឋកិច្ចជឿនលឿន ប្រកាន់លទ្ធិប្រជាធិបតេយ្យ និងអនុវត្តនយោបាយសេដ្ឋកិច្ចទីផ្សារសេរី។
របាយការណ៍ ដែល OCDE ចេញផ្សាយ កាលពីថ្ងៃសុក្រម្សិលមិញនេះ គឺស្តីពីកំណើនសេដ្ឋកិច្ចពិភពលោក ចាប់ពីពេលបច្ចុប្បន្ន រហូតដល់ឆ្នាំ២០៦០។ OCDE បានព្យាករថា នៅក្នុងចន្លោះពេលនេះ កំណើនសេដ្ឋកិច្ចពិភពលោកនឹងមានអត្រា ៣% ក្នុងមួយឆ្នាំ គិតជាមធ្យម ក៏ប៉ុន្តែ អត្រាកំណើននេះនឹងមានកម្រិតខុសគ្នាខ្លាំង រវាងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន និងប្រទេសដែលទើបនឹងមានសេដ្ឋកិច្ចរីកលូតលាស់ថ្មី។
របាយការណ៍របស់ OCDE បានសន្និដ្ឋានជារួមថា ពិភពលោកនឹងអាចចេញផុតពីវិបត្តិសេដ្ឋកិច្ចបច្ចុប្បន្ន ក៏ប៉ុន្តែ លំនឹងនៃមហាអំណាចសេដ្ឋកិច្ចពិភពលោកនឹងត្រូវប្រែប្រួលយ៉ាងខ្លាំងបំផុត នៅក្នុងរយៈពេល ៥០ឆ្នាំខាងមុខទៀតនេះ។ តំណែងជាមហាអំណាចសេដ្ឋកិច្ចពិភពលោករបស់អាមេរិក នឹងត្រូវចិនដណ្តើមយកបាន នៅឆ្នាំ២០១៦ ពោលគឺ ក្នុងរយៈពេលតែ ៤ឆ្នាំទៀតប៉ុណ្ណោះ។ ឥណ្ឌាវិញនឹងឡើងហួសជប៉ុន ក្លាយជាមហាអំណាចសេដ្ឋកិច្ចទី៣ នៅក្នុងរយៈពេល ១ឆ្នាំ ឬ២ឆ្នាំខាងមុខ ហើយតំណែងជាមហាអំណាចសេដ្ឋកិច្ចទី២របស់អាមេរិក ក៏នឹងត្រូវឥណ្ឌាយកបានដែរ នៅឆ្នាំ២០៦០។
និយាយជារួម នៅក្នុងរយៈពេល ៥០ឆ្នាំទៀត មហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរនឹងមកពីតំបន់អាស៊ី គឺចិន និងឥណ្ឌា។ មហាអំណាចសេដ្ឋកិច្ចចាស់ៗ ដូចជា ជប៉ុន និងប្រទេសនៅអឺរ៉ុប ជាដើម ក៏នឹងត្រូវផ្ទេរតំណែងទៅឲ្យប្រទេសដែលទើបនឹងមានសេដ្ឋកិច្ចរីកលូតលាស់ថ្មីៗដែរ ដូចជា ឥណ្ឌូណេស៊ី និងប្រេស៊ីល ជាដើម ដែលមានប្រជាជនច្រើន ហើយក្មេងៗ។
ក៏ប៉ុន្តែ របាយការណ៍របស់ OCDE ក៏បានបញ្ជាក់ផងដែរថា សេដ្ឋកិច្ចរបស់ប្រទេសមហាសេដ្ឋកិច្ចថ្មីថ្មោងទាំងនេះនឹងកើនឡើងហួសប្រទេសអ្នកមានបច្ចុប្បន្ននេះក៏ពិតមែន បើគិតជាផលិតផលក្នុងស្រុកសរុប ក៏ប៉ុន្តែ បើនិយាយពីប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់ៗវិញ គឺនៅតែមានកម្រិតទាបជាងដដែល នៅឆ្នាំ២០៦០ គ្រាន់តែមិនសូវមានគម្លាតខ្លាំង ដូចជាពេលបច្ចុប្បន្ន។ កម្រិតជីវភាពប្រជាជន ដែលកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់ជាងគេ គឺនៅចិន និងឥណ្ឌា ដែលប្រាក់ចំណូលមធ្យមប្រចាំឆ្នាំរបស់ប្រជាជន នៅឆ្នាំ២០៦០ នឹងកើនឡើង ១១ដង ធៀបនឹងឆ្នាំ២០១១៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ