ហ្វីលីពីនមិនស្វាគមន៍មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
អ្នកទទួលខុសត្រូវផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកស្រី អាញ៉ែស កាឡាម៉ារ Agnes Callamard បានអះអាងថានឹងធ្វើដំណើរទៅប្រទេសហ្វីលីពីន ដើម្បីបើកអង្កេតលើសំណុំរឿងរដ្ឋាភិបាលប្រហារជីវិតជនជាប់ពាក់ព័ន្ធគ្រឿងញៀន ដោយគ្មានឆ្លងកាត់តុលាការ។ ប៉ុន្តែរដ្ឋាភិបាលក្រុងម៉ានីលបានឆ្លើយបដិសេធ នៅថ្ងៃសៅរ៍ទី ២០សីហានេះ មិនទទួលស្វាគមន៍ និងមិនបានអញ្ជើញជនណាម្នាក់ឱ្យមកជួយស៊ើបអង្កេតឡើយ។ មិនតែប៉ុណ្ណោះលោក ឌុយទែរតេ ប្រធានាធិបតីហ្វីលីពីន បានព្រមានថានឹងដកប្រទេសចេញពីសមាជិកអង្គការសហប្រជាជាតិផង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៥
ប្រធានាធិបតីហ្វីលីពីន រ៉ូឌីហ្កោ ឌុយទែរតេ បានដឹកនាំយុទ្ធនាការបង្ហូរឈាមប្រឆាំងនឹងការរត់ពន្ធជួញដូរគ្រឿងញៀន ដោយបានផ្តល់សិទ្ធិពេញទីដល់ប៉ូលិស ឬកងរក្សាសន្តិសុខ បាញ់សម្លាប់ ពួកជួញគ្រឿងញៀន។ បើតាមតួលេខប៉ូលិស គិតចាប់ពីខែមិថុនា ថ្ងៃលោកឌុយទែរតេឡើងកាន់អំណាចមក មានអ្នកជនសង្ស័យជួញដូរគ្រឿងញៀន ៦៦៥នាក់ត្រូវបានបាញ់សម្លាប់ដោយប៉ូលិស និង៨៨៩នាក់ ដោយក្រុមប្រដាប់អាវុធ។
ក្រោយពីបានច្រានចោលពាក្យរិះគន់ យ៉ាងខ្លាំង របស់អ្នករាយការណ៍សិទ្ធិមនុស្សមនុស្សរបស់អង្គការសហប្រជាជាតិ លោកស្រី អាញ៉ែស កាឡាម៉ារ កាលពីថ្ងៃព្រហស្បតិ៍ ដែលបានចង្អុលមុខអាជ្ញាធរក្រុងម៉ានីល ថាបានញុះញង់ឱ្យមានអំពើហិង្សា និងឃាតកម្មមក ទីប្រឹក្សាជាន់ខ្ពស់ប្រធានាធិបតីហ្វីលីពីនម្នាក់ បានពន្យុះប្រសោកដាក់លោកស្រីមន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ថា “បើគ្រាន់បើអញ្ជើញមកហ្វីលីពីន និងបើកអង្កេតមួយទៅ”។
ដោយគ្មានបង្អង់ លោកស្រី កាឡាម៉ារ បានផ្តល់ចម្លើយវិជ្ជមាន តាមរយៈសារអ៊ីមែល អបអរស្វាគមន៍ការអញ្ជើញរបស់រដ្ឋាភិបាលហ្វីលីពីននេះ ដោយសង្ឃឹមថាអាជ្ញាធរក្រុងម៉ានីល ព្រមទាំងភាគីពាក់ព័ន្ធនឹងសំណុំរឿងជួញដូរគ្រឿងញៀនទាំងឡាយនឹងចូលរួមយ៉ាងពេញទំហឹង ក្នុងបេសកកម្មអង្កេតរបស់លោកស្រី។ ម្យ៉ាងវិញទៀត លោកស្រីក៏បានគូសបញ្ជាក់ថានឹងស្នើសុំទៅកាន់រដ្ឋាភិបាល ឱ្យធានា សេរីភាពនៃការដើរហើរ អង្កេត សន្តិសុខ សុវត្ថិភាព ដល់លោកស្រីនិងក្រុមការងារ។
ប៉ុន្តែនៅថ្ងៃសៅរ៍នេះ អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន បានចេញមុខបកស្រាយ ថា លោកស្រី កាឡាម៉ារ យល់ខុសតែម្នាក់ឯង ហ្វីលីពីនមិនបានអញ្ជើញនរណាម្នាក់ទេ និងកាន់តែគ្មាននឹកឃើញសោះអញ្ជើញមន្ត្រីអង្គការសប្រជាជាតិឱ្យមកលូកលាន់កិច្ចការផ្ទៃក្នុងរបស់ប្រទេស។ ហេតុអ្វីត្រូវមានអ្នកទីបីចូលមកជ្រៀតជ្រែកកិច្ចការប្រទេសមួយដែលពលរដ្ឋស្វាគមន៍នយោបាយប្តូរផ្លាស់របស់ប្រធានាធិបតី ?!
ប្រធានាធិបតី លោក ឌុយទែរតេ ដែលប្រើគ្រប់មធ្យោបាយដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន បានចាត់ទុកពាក្យរិះគន់របស់អង្គការសហប្រជាជាតិថា ល្ងង់ និងចង់វាយក្បាល តំណាងអង្គការសហប្រជាជាតិផងប្រសិនបើមក។ នៅក្នុងសន្និសីទកាសែតនាថ្ងៃអាទិត្យនេះ លោកឌុយទែរតេ បានថែមទាំងព្រមានថា នឹងដកហ្វីលីពីនចេញពីសមាជិកភាពអង្គការសហប្រជាជាតិតែម្តង បើគ្មានការគោរពគ្នា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ