អានតួអត្ថបទ
រុស្ស៊ី-តាហ្ស៊ីគីស្ថាន

ទីក្រុង​ម៉ូស្គូ​ប្រកាស​និរទេស​ជាតិ​តាហ្ស៊ីគ​១០០នាក់​ចេញ​ពី​រុស្ស៊ី

គឺ​ថ្ងៃសុក្រ​១១វិច្ឆិកា​នេះ ដែល “ស្ថាប័ន​អន្តោប្រវេសន៍​រុស្ស៊ី” ហៅថា FMS បាន​ប្រកាស​អំពី​ការ​សម្រេចចិត្ត​និរទេស​កម្មករ​តាហ្ស៊ីគ ១០០នាក់ ក្រោមលេស​ថា ពួកគេ​ស្ថិតនៅ​លើ​ដែនដី​រុស្ស៊ី ដោយ​ខុសច្បាប់។ ចំណែក​ប្រភពការទូត​រុស្ស៊ី​បាន​ថ្លែង​ទៅ​ទីភ្នាក់ងារ​ព័ត៌មាន RIA Novosty ថា ការ​និរទេស​នេះ​ជា​ភាគមួយ​នៃ​ចម្លើយ​ព្រមាន​ចាត់​ដោយ​ប្រធានាធិបតី​រុស្ស៊ី លោកមេដវេដេវ តបនឹង​ការ​កាត់ទោស​អ្នកបើក​យន្តហោះ​ជាតិ​រុស្ស៊ី​ម្នាក់ ដោយ​តុលាការ​តាហ្ស៊ីគីស្ថាន ឲ្យ​ជាប់​ពន្ធនាគារ​ដល់​៨ឆ្នាំ​កន្លះ។

លោក​មេដវេដេវ ប្រធានាធិបតី​រុស្ស៊ី
លោក​មេដវេដេវ ប្រធានាធិបតី​រុស្ស៊ី REUTERS/Alexander Natruskin
ផ្សាយពាណិជ្ជកម្ម

ភាពរកាំរកូស រវាង​រុស្ស៊ី និង​តាហ្ស៊ីគីស្ថាន កើតឡើង គឺ​ក្រោយពី​ថ្ងៃ៨វិច្ឆិកា​កន្លងទៅ តុលាការ​តាហ្ស៊ីគីស្ថាន​បាន​ចេញ​សាលក្រម​កាត់ទោស​អ្នក​បើកយន្តហោះ​២នាក់៖ ម្នាក់​ជាតិ​រុស្ស៊ី​ឈ្មោះ Vladimir Sadovnichi និង ម្នាក់ទៀត​ឈ្មោះ Alexei Roudenko ជាតិ​អេស្តូនី ឲ្យ​ជាប់គុក​ម្នាក់ៗ ៨ឆ្នាំ​កន្លះ តាម​បទ​ចោទប្រកាន់​ថា ទី១ បាន​បើក​ឆ្លងកាត់​ព្រំដែន​តាហ្ស៊ីគីស្ថាន ដោយ​ខុសច្បាប់ ទី២ បាន​រំលោភ​លើ​ច្បាប់​អន្តរជាតិ​ខាង​ហោះហើរ ទី៣ បាន​ប្រព្រឹត្ត​អំពើ​រត់គយ។

ជាការរំឭក អ្នកទាំងពីរ​បានត្រូវ​អាជ្ញាធរ​តាហ្ស៊ីគ​ឃាត់ខ្លួន តាំងពី​ខែ​មីនា​ម៉្លេះ ក្រោយពី​យន្តហោះ​ស៊ីវិល​ខាង​ដឹកជញ្ជូន​ទាំងពីរ​គ្រឿង​របស់​គេ បន្ទាប់ពី​ហោះ​ត្រឡប់​ពី​អាហ្វហ្កានីស្ថាន​ដោយ​មកពី​ខ្វះ​សាំង បាន​បង្ខំខ្លួន​ចុះចត​ទាំង​មាន​ការ​អនុញ្ញាត​ជាមុន ពីខាង​ប៉ុស្តិ៍​កុងត្រូល នៃ​អាកាសយានដ្ឋាន​មួយ នៅ​ប៉ែក​ខាង​ត្បូង​តាហ្ស៊ីគីស្ថាន។ ប៉ុន្តែ ក្រោយពី​ចុះចត អាជ្ញាធរ​តាហ្ស៊ីគីស្ថាន​បាន​ប្រទះភ្នែក​ឃើញ​ក្នុង​យន្តហោះមួយ គឺ​មាន​ផ្ទុក​ទៅដោយ​ម៉ាស៊ីន​យន្តហោះ​ដ៏​កញ្ចាស់មួយ ដែល​ដោះ​ទៅជា​បំណែកៗ​ទៅហើយ។ គឺ​វត្ថុ​នេះឯង ដែល​ក្លាយ​ទៅជា​ការ​ចោទ​អ្នក​ទាំងពីរ​ថា​ប្រព្រឹត្ត​អំពើ​រត់គយ។

ថ្ងៃ៩វិច្ឆិកា លោក​ប្រធានាធិបតី​រុស្ស៊ី មេដវេដេវ បាន​ប្រតិកម្ម​យ៉ាង​ក្តួលក្តៅ​ថា ការ​ចោទប្រកាន់​នោះ គឺជា​ការ​ប្រឌិតឡើង​ទេតើ។ ហើយ​សំណុំរឿង​អ្នក​បើកយន្តហោះ​ទាំងពីរ​ញ៉ាំងឲ្យ​មាន​សំណួរ​ច្រើនជាង​ចម្លើយ។ លោក​មេដវេដេវ បាន​ព្រមាន​ថា ចម្លើយ​ពីខាង​ម៉ូស្គូ គឺ​អាស្រ័យនឹង​ការ​ពន្យល់បំភ្លឺ​ពី​ខាង ទីក្រុង Douchanbe។

ក្រោយពី​ឮ​ពាក្យ​ព្រមាន​នេះ របស់​ប្រមុខរដ្ឋ​ខ្លួន តាំងពី​ថ្ងៃ១០​វិច្ឆិកា​ម្សិលមិញ​មក ពួក​ជាតិនិយម នៅ​រុស្ស៊ី ក៏​បានដៃ​នាំគ្នា​តាម​ប្រមាញ់​ចាប់​ជន​បរទេស​ណា ដែល​មាន​មុខមាត់​មកពី​តំបន់​អាស៊ី​កណ្តាល ហើយ​ច្បិចយក​នរណា ដែល​ជា​ជាតិ​តាហ្ស៊ីគ។

តាម “ស្ថាប័ន​អន្តោប្រវេសន៍​រុស្ស៊ី” បច្ចុប្បន្ន មាន​ជាតិ​តាហ្ស៊ីគ​លក់​កម្លាំង​ធ្វើការ​ស៊ីឈ្នួល ក្នុង​ប្រទេស​រុស្ស៊ី ប្រមាណ​២លាន​នាក់ ដែល​ក្នុង​១ឆ្នាំៗ ផ្ញើលុយ​ទៅជួយ​ឧបត្ថម្ភ​គ្រួសារ​ខ្លួន ក្នុង​ទំហំ​ដល់ ៦.០០០លាន​ដុល្លារ​អាមេរិក ឬ​ស្មើនឹង​២ដង​នៃ​ទំហំ​ថវិកា​ជាតិ​តាហ្ស៊ីគ​ផ្ទាល់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ