ចិនចង់ឲ្យអង្គការសហប្រតិបត្តិការសៀងហៃមានតួនាទីសំខាន់នៅអាហ្វហ្កានីស្ថាន
អង្គការសហប្រតិបត្តិការសៀងហៃ (Organisation de coopération de Shanghai-OCS) បានបើកធ្វើជំនួបកំពូលរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃពុធនេះ នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន។ ប្រមុខដឹកនាំចិន រុស្ស៊ី និងប្រទេស ៤ផ្សេងទៀត មកពីតំបន់អាស៊ីកណ្តាល នឹងជជែកគ្នាអំពីបញ្ហាសន្តិសុខក្នុងតំបន់ ជាពិសេស សំណុំរឿងអាហ្វហ្កានីស្ថានក្រោយពេលអាមេរិកដកទ័ព នៅឆ្នាំ២០១៤។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០៥:៣៨
អង្គការសហប្រតិបត្តិការសៀងហៃ (OCS) មានប្រទេសសមាជិកចំនួន ៦ គឺ ចិន, រុស្ស៊ី, កៀហ្គីស្ថាន (Kirghiszstan), តាហ្ស៊ីគីស្ថាន (Tadjikistan), អ៊ូសបេគីស្ថាន (Ouzbékistan), និងកាហ្សាក់ស្ថាន (Kazakhstan)។ ក្រៅពីនោះ មានប្រទេសមួយចំនួនទៀត ដូចជា ឥណ្ឌា, ប៉ាគីស្ថាន និងអ៊ីរ៉ង់ ជាដើម ចូលរួមក្នុងឋានៈជាសមាជិកសង្កេតការណ៍។
នៅពេលនេះ ប្រទេសសមាជិកអង្គការ OCS បានពង្រីកកិច្ចសហប្រតិបត្តិការទៅលើវិស័យជាច្រើន រួមមាន វប្បធម៌ សេដ្ឋកិច្ច និងថាមពល។ ក៏ប៉ុន្តែ សំណុំរឿងជាអាទិភាព ដែលជាគោលដៅដំបូងរបស់ OCS គឺកិច្ចសហប្រតិបត្តិការខាងផ្នែកសន្តិសុខ ជាពិសេស គឺការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម អ៊ីស្លាមជ្រុលនិយម និងចលនាទាមទារផ្តាច់ទឹកដី ដែលជាបញ្ហាកើតមានជាពិសេស នៅចិន និងរុស្ស៊ី។
នៅក្នុងជំនួបកំពូលឆ្នាំនេះ សំណុំរឿងអាហ្វហ្កានីស្ថាននឹងត្រូវក្លាយជារបៀបវារៈដ៏សំខាន់មួយ។ អាហ្វហ្កានីស្ថានមិនមែនជាសមាជិក ហើយក៏មិនមែនជាសមាជិកសង្កេតការណ៍របស់អង្គការ OCS នោះទេ។ ប៉ុន្តែ លោក Hamid Karzai ប្រធានាធិបតីអាហ្វហ្កានីស្ថាន ត្រូវបានគេអញ្ជើញឲ្យចូលរួមជាភ្ញៀវ នៅក្នុងជំនួបកំពូល នៅថ្ងៃពុធនេះ។ លោកហ៊ូ ជិនតាវ ប្រធានាធិតីចិន ដែលជាម្ចាស់ផ្ទះ បានប្រាប់អ្នកសារព័ត៌មានថា ចិនចង់ឲ្យអង្គការ OCS មានតួនាទីកាន់តែសំខាន់ នៅអាហ្វហ្កានីស្ថាន។ លោកពូទីន ប្រធានាធិបតីរុស្ស៊ី ក៏បានថ្លែងដូចគ្នានេះដែរ។ ក៏ប៉ុន្តែ ប្រមុខដឹកនាំទាំងពីរមិនបានបញ្ជាក់លម្អិតទេថា តើអង្គការ OCS ចង់ដើរតួនាទីអ្វីនៅអាហ្វហ្កានីស្ថាន។
គួរបញ្ជាក់ថា អាហ្វហ្កានីស្ថានមានព្រំប្រទល់ជាប់នឹងប្រទេសចិនផង ហើយជាប់នឹងប្រទេសនៅអាស៊ីកណ្តាល ដែលជាសមាជិកអង្គការ OCS ផង។ ហេតុដូច្នេះហើយបានជាប្រទេសទាំងនេះបារម្ភខ្លាច នៅក្រោយឆ្នាំ២០១៤ ដែលអាមេរិក និងអង្គការអូតង់ដកកងទ័ពចេញអស់ រដ្ឋាភិបាលអាហ្វហ្កានីស្ថានមិនអាចទប់ទល់នឹងពួកតាលីបង់ និងក្រុមអ៊ីស្លាមជ្រុលនិយមផ្សេងទៀតបាន ហើយបង្កទៅជាអស្ថិរភាព ដែលអាចរាលដាលទៅដល់ប្រទេសជិតខាង។
ចិន និងរុស្ស៊ីក៏មានការបារម្ភផងដែរ អំពីឥទ្ធិពលរបស់អាមេរិកនៅអាហ្វហ្កានីស្ថាន។ នាពេលថ្មីៗនេះ អាមេរិកទើបនឹងបានចុះកិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្រ្តជាមួយអាហ្វហ្កានីស្ថាន ដើម្បីរៀបចំជើងព្រួល សម្រាប់ក្រោយឆ្នាំ២០១៤។ នៅថ្ងៃពុធនេះ លោក Hamid Karzai បានឲ្យដឹងថា អាហ្វហ្កានីស្ថាន និងចិន ក៏កំពុងតែរៀបចំបើកកិច្ចចរចា ដើម្បីឆ្ពោះទៅចុះកិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្រ្តនឹងគ្នាដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ