តើអង្គការសហប្រតិបត្តិការក្រុងសៀងហៃ (OCS) ជាអ្វី?
នៅថ្ងៃពុធ ១៥ មិថុនា ២០១១នេះ គឺជាខួបទី១០ នៃការអង្គការសហប្រតិបត្តិការក្រុងសៀងហៃ ហៅកាត់តាមភាសាបារាំងថា OCS (Organisation de Coopération de Shanghai)។ ជំនួបកំពូលប្រចាំឆ្នាំរបស់ OCS នៅឆ្នាំនេះ ត្រូវបានគេបើកធ្វើនៅចំថ្ងៃខួបទី១០ឆ្នាំនេះផងដែរ។ ប្រធានបទដ៏ចម្បងនៃជំនួបកំពូលនេះ គឺការកំណត់គោលដៅជាយុទ្ធសាស្រ្តរបស់ OCS សម្រាប់រយៈពេល ១០ឆ្នាំខាងមុខ។ តើអង្គការសហប្រតិបត្តិការក្រុងសៀងហៃនេះត្រូវបានបង្កើតឡើងក្នុងគោលដៅអ្វី? តើអង្គការនេះមានសក្តានុពលអ្វីខ្លះទៅថ្ងៃអនាគត?
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០៥:៣៣
អង្គការសហប្រតិបត្តិការក្រុងសៀងហៃ (OCS) គឺជាអង្គការអន្តររដ្ឋាភិបាល បង្កើតឡើង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០១ នៅទីក្រុងសៀងហៃ ដោយប្រទេសចំនួន ៦៖ ចិន រួមជាមួយប្រទេសអតីតសហភាពសូវៀតចំនួន ៥ គឺ រុស្ស៊ី កាហ្សាក់ស្ថាន កៀហ្គីស៊ីស្ថាន តាហ្ស៊ីគីស្ថាន និងអ៊ូសបេគីស្ថាន។
ចាប់តាំងពីបង្កើតឡើងមក អង្គការ OCS មិនទទួលប្រទេសសមាជិកថ្មីទេ ក៏ប៉ុន្តែ បានអនុញ្ញាតឲ្យមានប្រទេសចំនួន ៤ ចូលរួមជាអ្នកសង្កេតការណ៍៖ ឥណ្ឌា ប៉ាគីស្ថាន ម៉ុងហ្គោលី និងអ៊ីរ៉ង់។
គោលដៅចម្បងនៃការបង្កើតអង្គការ OCS គឺកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសន្តិសុខ ក៏ប៉ុន្តែ កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចក៏មានទំហំធំធេងដែរ។ ប្រទេសសមាជិក OCS តែងតែរៀបចំធ្វើសមយុទ្ធរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ព្រមទាំងសហការគ្នា ក្នុងការចែកចាយព័ត៌មានក្នុងវិស័យសន្តិសុខឲ្យគ្នាទៅវិញទៅមក។
អង្គការ OCS ត្រូវបានគេមើលឃើញជាទូទៅថា ជាគូប្រជែងរបស់អូតង់។ ថ្វីដ្បិតតែ OCS មិនទាន់មានរចនាសម្ព័ន្ធយោធាដូចអូតង់ ក៏ប៉ុន្តែ ប្រទេសសមាជិកទាំង ៦ បានព្រមព្រៀងគ្នាថានឹងជួយគ្នាទៅវិញទៅមក ក្នុងវិស័យសន្តិសុខ។ OCS គឺជាអង្គការសន្តិសុខដ៏កម្រមួយ ដែលមិនមានសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចចូលរួម ផ្ទុយទៅវិញ មានសុទ្ធតែជាអតីតប្រទេសក្នុងប្លុកខាងកើត។ យុទ្ធសាស្រ្តរបស់អង្គការ OCS គឺចង់ធ្វើជាតួអង្គដ៏ចម្បងមួយ ក្នុងការទប់ស្កាត់ឥទ្ធិពលរបស់អាមេរិក នៅអាស៊ី។
នៅក្នុងជំនួបកំពូលចំខួប១០ឆ្នាំ នៅថ្ងៃនេះ ប្រទេសជាសមាជិក OCS មានគម្រោងចង់ពង្រឹងរចនាសម្ព័ន្ធរបស់ខ្លួន ជាពិសេស ក្នុងវិស័យសន្តិសុខ។ OCS ក៏គ្រោងនឹងចាប់ផ្តើមបើកទ្វារទទួលសមាជិកថ្មីៗទៀតដែរ ដោយក្នុងនោះ គេរំពឹងថា ឥណ្ឌា និងប៉ាគីស្ថាន ទំនងជានឹងមានឱកាសចូលជាសមាជិក OCS មុនគេ។ រុស្ស៊ីកំពុងតែព្យាយាមបញ្ចុះបញ្ចូលសមាជិកផ្សេងទៀតឲ្យទទួលយកឥណ្ឌាជាសមាជិក។ ចំណែកចិនវិញ ក៏កំពុងតែព្យាយាមរុញប៉ាគីស្ថានឲ្យចូលក្នុង OCS ដែរ។
បច្ចុប្បន្ននេះ OCS មានសមាជិកពីរ ដែលសុទ្ធសឹងជាមហាអំណាចនុយក្លេអ៊ែរ (ចិន និងរុស្ស៊ី)។ ប្រសិនបើឥណ្ឌា និងប៉ាគីស្ថាន បានចូលជាសមាជិកបន្ថែមទៀត មហាអំណាចនុយក្លេអ៊ែរ ក្នុងអង្គការ OCS នឹងកើនឡើងដល់ទៅ ៤។ លើសពីនេះទៅទៀត ចិន និងឥណ្ឌា សុទ្ធសឹងជាប្រទេសដែលមានប្រជាជនច្រើនជាងគេ (លេខ១ និងលេខ២ នៅលើពិភពលោក) និងជាប្រទេសដែលមានសក្តានុពលសេដ្ឋកិច្ចខ្លាំង។ បូករួមទាំង រុស្ស៊ី និងប្រទេសអតីតសហភាពសូវៀតផ្សេងទៀត ដែលជាប្រទេសសម្បូរប្រេងកាតផងនោះ អង្គការ OCS អាចនឹងក្លាយទៅជាតួអង្គដ៏មានឥទ្ធិពលមួយ ទាំងនៅអាស៊ី និងនៅលើឆាកអន្តរជាតិជាទូទៅ ប្រសិនបើប្រទេសជាសមាជិកពិតជាអាចពង្រឹងរចនាសម្ព័ន្ធ និងបង្កើនសហប្រតិបត្តិការរវាងគ្នាបានមែននោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ