អានតួអត្ថបទ
នុយក្លេអ៊ែរ

មហាអំណាច​​នុយក្លេអ៊ែរ នៅ​អាស៊ី​បង្កើន​​អាវុធ​​នុយក្លេអ៊ែរ

មហាអំណាច អាវុធនុយក្លេអ៊ែរ បី នៅអាស៊ី គឺ ចិន ឥណ្ឌា និង ប៉ាគីស្ថាន បាន​បង្កើន​ការផលិត​ក្បាលគ្រាប់នុយក្លេអ៊ែ រាប់រយ​គ្រាប់។ ការផលិត​ក្បាលពាំ​គ្រាប់នេះ ធ្វើឡើង ក្នុងខណៈ​ដែល​ភាពតានតឹង​រវាង​ប្រទេស នៅអាស៊ី​កំពុងតែ កើនឡើង។ ប៉ុន្តែ សម្រាប់​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ SIPRI ដែល​មាន​មូលដ្ឋាន នៅ​Stockholmវិញ នេះ​ជាការផុយស្រួយ​នៃសន្តិភាព​នៅអាស៊ី​ទៅវិញ។  

មីស៊ីល​​ឥណ្ឌា​ដែល​មាន​សមត្ថភាព​ដឹកនាំ​​ក្បាល​​គ្រាប់​​នុយក្លេអ៊ែរ
មីស៊ីល​​ឥណ្ឌា​ដែល​មាន​សមត្ថភាព​ដឹកនាំ​​ក្បាល​​គ្រាប់​​នុយក្លេអ៊ែរ ©Reuters
ផ្សាយពាណិជ្ជកម្ម

ប្រទេស​មហាអំណាច​នុយក្លេអ៊ែ បី នៅអាស៊ី បាន​បង្កើន​ឃ្លាំង​អាវុធ​នុយក្លេអ៊ែ របស់​ខ្លួនលើស កាលពី​ឆ្នាំមុនៗ នេះ​បើ​តាមវិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ Stockholm ដែល​ចេញ​ផ្សាយ​របាយការណ៍​របស់ខ្លួន នៅថ្ងៃ​ចន្ទនេះ។

 
ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ទាំងបី​នោះគឺ ប្រទេសចិន ឥណ្ឌា និងប៉ាគីស្ថាន ដែលបាន​ផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​រាប់រយគ្រាប់។ ប្រទេសចិន នៅឆ្នាំ២០១៣​នេះបាន​ផលិត​ក្បាល​គ្រាប់នុយក្លេអ៊ែ ចំនួន ២៥០ គ្រាប់ ដែលកាលពីឆ្នាំ២០១២ បានផលិតតែ ២៤០ គ្រាប់តែ​ប៉ុណ្ណោះ។ ចំណែកឯ ប៉ាគីស្ថាន ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​ចិន​វិញ ក៏​បាន​ផលិត​ក្បាល​គ្រាប់ ពី១០ ទៅ ជាង១០០ គ្រាប់ផង​ដែរ។ រីឯ ឥណ្ឌា​ឯណោះ ក៏បា​នបង្កើន​ក្បាល​គ្រាប់នុយក្លេអ៊ែ​របស់ខ្លួន ពី១០ទៅ ជាង១០០គ្រាប់ដែរ។

គួរបញ្ជាក់​ថា ប្រទេស​នៅ​អាស៊ី តាំងពីឆ្នាំ ២០០៨ មក បាន​បង្កើន​ភាពតានតឹង​ដាក់គ្នា ដូចជា ឥណ្ឌា និងប៉ាគីស្ថាន ចិន និងជប៉ុន រួមទាំង​បញ្ហា បងប្អូន​គូ​សត្រូវ​កូរ៉េទាំងពីរ​ផង​ដែរ។

ទាក់ទង​បញ្ហា​អាវុធនុយក្លេអ៊ែរ​នេះ​ដែរ មាន​តែ​ប្រទេស​មហាអំណាច​ពិភពលោក​ពីរ​ប៉ុណ្ណោះ គឺ អាមេរិក និង រុស្ស៊ី ដែលបាន​កាត់​បន្ថយ​ក្បាល​ពាំគ្រាប់​អាវុធ​នុយក្លេអ៊ែរ។ រុស្ស៊ី បាន​កាត់បន្ថយ​គ្រាប់​នុយក្លេអ៊ែ ពី ១ម៉ឺន​គ្រាប់ មកត្រឹម ៨ពាន់ ៥រយគ្រាប់។ រីឯអាមេរិក បាន​កាត់បន្ថយ អាវុធ​នុយក្លេអ៊ែរ​របស់ខ្លួន ពី ៨ពាន់ មកត្រឹម​៧ ពាន់ ៧រយគ្រាប់។

ប្រទេស​ដែលមាន​ក្បាល​គ្រាប់​នុយក្លេអ៊ែ នៅលើ​ពិភពលោក​ផ្សេងទៀត គឺ ប្រទេស​បារាំង មាន ៣០០​គ្រាប់ ចក្រភព​អង់គ្លេស ជាង ២០០គ្រាប់ និង អ៊ីស្រាអ៊ែល ចំនួន ៨០​គ្រាប់។

ការបង្កើន​ការផលិត​អាវុធ​នុយក្លេអ៊ែរ របស់​ប្រទេស​ទាំងបី នៅអាស៊ី​នេះ បាន​ឆ្លុះបញ្ចាំង​ពី​ការប្រណាំង​ប្រជែង​អាវុធ​នុយក្លេអ៊ែរ និង​បង្កើន​ភាពតានតឹង​ដែល​នេះជា​ចំណុច​ផុយស្រួយ​នៃ​សន្តិភាព នៅអាស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ